
ដើមកំណើតនៃបុណ្យណូអែល
ដោយAlbert Lee
December 6, 2017
មានពេលមួយទេវតាកាព្រីយ៉ែល យាងចុះមកជួបនាងម៉ារា ហើយបន្ទាប់មកក៏បានជួបពួកអ្នកគង្វាល ដោយនាំមកនូវដំណឹងល្អ សម្រាប់ពិភពលោក(លូកា ១:២៦-២៧ ២:១០)។ តើនេះជាដំណឹងល្អ សម្រាប់នាងម៉ារាមែនឬ? កាលនោះ នាងម៉ារាប្រហែលជាគិតថា តើឲ្យខ្ញុំបកស្រាយ អំពីការមានផ្ទៃពោះរបស់ខ្ញុំ ដល់ក្រុមគ្រួសារខ្ញុំ យ៉ាងដូចម្តេចទៅ? តើលោកយ៉ូសែបដែលជាគូរដណ្តឹងរបស់ខ្ញុំ នឹងផ្តាច់ពាក្យឬទេ? តើអ្នកភូមិគេនឹងនិយាយដើមខ្ញុំ ដូចម្តេចខ្លះ? បើខ្ញុំមិនស្លាប់ដោយការប្រសូត្របុត្រទេ តើខ្ញុំអាចចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងម៉េចនឹងកើត? ពេលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់មានការពិបាកចិត្តយ៉ាងខ្លាំង។ គាត់បានរកឃើញជម្រើសបី។ តើគាត់ត្រូវរៀបការជាមួយនាងតែម្តង ឬផ្តាច់ពាក្យដោយបើកចំហរ ហើយឲ្យគេប្រមាថមើលងាយនាងជាសាធារណៈ ឬមួយផ្តាច់ពាក្យដោយសម្ងាត់។ គាត់បានរើសយកជម្រើសទីបី តែព្រះទ្រង់ក៏បានឲ្យគាត់ដឹងការពិត។ ទ្រង់បានប្រាប់លោកយ៉ូសែបក្នុងសុបិន្តថា “យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ”(ម៉ាថាយ ១:២០)។ សម្រាប់នាងម៉ារា និងលោកយ៉ូសែប បុណ្យណូអែលបានចាប់ផ្តើម នៅពេលដែលពួកគេចុះចូលចំពោះព្រះ ទោះពួកគេបានជួបរឿង ដែលធ្វើឲ្យមានការពិបាកក្នុងផ្លូវអារម្មណ៍ក៏ដោយ។ ពួកគេបានថ្វាយជីវិតដាច់ដល់ព្រះ គឺបានធ្វើតាមព្រះបន្ទូលសន្យា ដែលមានក្នុង ១យ៉ូហាន ២:៥ “តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះបា្រកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ”។ សូមព្រះទ្រង់បំពេញចិត្តយើង ដោយក្តីស្រឡាញ់របស់ទ្រង់ ក្នុងរដូវកាលនៃបុណ្យណូអែល និងជារៀងរាល់ថ្ងៃ ខណៈពេលដែលយើងដើរជាមួយទ្រង់។-Albert Lee
បទគម្ពីរប្រចាំថ្ងៃ
លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ។ -ម៉ាថាយ ១:២៤