December 17, 2017

You are here:
ការសម្រាកថ្ងៃបុណ្យណូអែល

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត។ ដោយ​សារ​កាសែត​នោះ ជា​កាសែត​ពត៌​មាន​ពេល​ព្រឹក ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៣​ទៀត​ភ្លឺ ជា​រៀង​រាល់ថ្ងៃ ដើម្បី​ឲ្យ​ខ្ញុំ​អាច​យក​កាសែត​១៤០​ច្បាប់ ទៅ​ដាក់​នៅ​តាម​ផ្ទះ ឲ្យ​បាន​ត្រឹម​ត្រូវ មុន​ម៉ោង​៦​ព្រឹក។ តែ​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ខ្ញុំ​ មាន​ថ្ងៃ​មួយ​ដែល​ខុស​ពី​ថ្ងៃ​ផ្សេង​ទៀត។ ខ្ញុំ​ត្រូវ​យក​កាសែត​ពត៌​មាន​ពេល​ព្រឹក​ទៅ​ដាក់​ឲ្យ​គេ នៅ​ថ្ងៃ​មុន​ពេល​​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ មាន​ន័យ​ថា មាន​តែ​នៅ​ពេលព្រឹក​ថ្ងៃ​បុណ្យ​ណូអែល​ទេ ដែល​ខ្ញុំ​អាច​គេង ហើយ​សម្រាក​ដូច​មនុស្ស​ទូទៅ​បាន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អបអរ​ពិធី​បុណ្យ​ណូអែល ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ដែល​ក្នុង​នោះ ខ្ញុំ​បាន​រាប់​ថ្ងៃ​នោះ​ជា​ថ្ងៃពិសេស ដោយ​សារ​វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​សម្រាក។ កាល​នោះ ខ្ញុំ​មិន​ទាន់​យល់​ច្បាស់ អំពី​អត្ថ​ន័យ​នៃ​ការ​សម្រាកដ៏​ពិត ដែល​ពិធី​បុណ្យ​ណូអែល​បាន​ផ្តល់​ឲ្យ​នោះ​ឡើយ។ ព្រះ​គ្រីស្ទ​បាន​យាង​មក នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង ដើម្បី​ប្រទាន​នូវ​ការ​សម្រាក តាម​រយៈ​ការ​អត់​ទោស​បាប​របស់​ទ្រង់ ដល់​អស់​អ្នក​ដែល​ស្ថិត​ក្រោម​បន្ទុក​នៃ​ក្រឹត្យ​វិន័យ ដែល​ពួក​គេ​មិន​អាច​ប្រព្រឹត្ត​តាម ឲ្យ​បាន​សព្វ​គ្រប់​នោះ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុង​លោកិយ ដែល​អំពើ​បាប​មាន​ទម្ងន់​ធ្ងន់​ក្រៃ មិន​អាច​ឲ្យ​យើង​លីសែង​តែ​ម្នាក់​ឯង​បាន ព្រះ​គ្រីស្ទ​បាន​យាង​មក នាំ​យើង​ចូល​ទៅ​ក្នុង​ទំនាក់​ទំន​ងជា​មួយ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​ក្នុង​ទ្រង់។-Bill Crowder

Read article