សិរីល្អដែលគួរឲ្យរមិលមើល

ការ​ទៅ​ទស្សនា​ព្រះ​វិហារ​ធំ​ៗ ក្នុង​ទេស​ភាព​ដ៏​ស្រស់​បំព្រង ស្ថិត​ក្នុង​ចំណោម​សកម្ម​ភាព​ដ៏​រីក​រាយ ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ទ្វីប​អឺរ៉ុប។ ព្រះ​វិហារ​ធំ​ៗ​ទាំង​នោះ ពិត​ជា​គួរ​ឲ្យ​គយ​គន់​មែន ដោយ​មានសំណង់​អគារ​ខ្ពស់​ត្រដែត​ឡើង​ទៅ​រក​ផ្ទៃ​មេឃ។ ស្ថាបត្យ​កម្ម សិល្បៈ និង​និមិត្ត​រូប ដែល​គេ​ឃើញ​មាន ក្នុង​អគារ​ដ៏​អស្ចារ្យ​ទាំង​នោះ បាន​នាំ​ឲ្យ​ភ្ញៀវ​ទេស​ចរណ៍​មាន​បទ​ពិសោធន៍​ដែល​មិន​អាច​ដក​ចិត្ត​រួច ពី​ភាព​អស្ចារ្យ និង​ស្រស់​បំព្រង​។

ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​ពិត​ដែល​ថា សំណង់​អគារ​ទាំង​នេះ ត្រូវ​បាន​គេ​សាង​សង់​ឡើង ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ត្រចះ​ត្រចង់​របស់​ព្រះ និង​ភាព​រុង​រឿង​របស់​ទ្រង់។ គេ​ជាប់​ចិត្ត​នឹង​សម្រាស់​នៃ​ព្រះ​វិហារ​ធំ​ៗ នៅអឺរ៉ុប តែទន្ទឹមនឹងនោះ ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​មាន​ការ​ជាប់​ចិត្ត នឹង​ភាព​គួរ​ឲ្យ​ស្ងើច​សរសើរ និង​ភាព​ធំ​ប្រសើរ​របស់​ទ្រង់ ហើយ​នឹក​ចាំ​អំពី​ទ្រង់?

វិធី​មួយ ដើម្បី​ឲ្យ​យើង​អាច​ជាប់​ចិត្ត​នឹង​ភាព​ធំ​ប្រសើរ​របស់​ព្រះ គឺ​យើង​ត្រូវ​មើល​បង្ហួស​សំណង់​ដ៏​ធំ និង​ខ្ពង់​ខ្ពស់​របស់​មនុស្ស ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ធំ​ប្រសើរ​នៃ​ការ​អ្វី​ដែល​ព្រះ​បាន​បង្កើត។ ចូរ​មើល​ទៅ​ផ្ទៃ​មេឃ​ពេល​យប់ ដែល​មាន​ផ្កាយ​ព្រោង​ព្រាត ហើយ​គិត​អំពី​អំណាច​របស់​ព្រះ ដែល​បាន​មាន​បន្ទូល​ឲ្យ​ចក្រ​វាល​កើត​មាន​រូប​រាង​រហូត​មកដល់​សព្វ​ថ្ងៃ។ ពេល​អ្នក​បាន​ពរ​កូន​តូច​ដែល​ទើប​កើត​ក្នុង​ដៃ​អ្នក នោះ​ចូរ​​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ភាព​អស្ចារ្យ​នៃ​ជីវិត​មនុស្ស។ ចូរមើល​ទៅ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ទឹក​កក នៅ​រដ្ឋ​អាឡាស្កា ឬ​មើល​ទៅ​មហា​សមុទ្រ​អាត្លង់​ទិច​ដ៏​ធំ​ធេង ដែល​ជា​ជម្រក​នៃ​សត្វ​រាប់​លាន​ប្រភេទ ដែល​ព្រះ​បាន​បង្កើត ហើយ​ស្រមៃ​អំពី​អំណាច​ចេស្តា ដែល​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​អេកូឡូហ្ស៊ី​មាន​ដំណើរ​ការ។

មនុស្ស​បាន​សាង​សង់​អគារ​ដ៏​ធំ​ស្កឹម​ស្កៃ​ខ្ពស់​ត្រដែត ទៅ​រក​ផ្ទៃ​មេឃ។ បើ​សិន​ជា​ពួក​គេ​បាន​សាង​សង់ ដើម្បី​នាំ​គេ​ឲ្យ​គិត​ដល់​ព្រះ គឺ​មាន​ន័យ​ថា ការ​សាង​សង់​ទាំង​នោះ​មិន​មាន​ការ​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ការ​ស្ងើច​សរសើរ​ដ៏​ពិត​របស់​យើង គួរ​តែ​ទុក​សម្រាប់​ថ្វាយ​ដល់​ព្រះ​វិញ គឺដូច​មាន​សេចក្តី​ចែង​ថា​​ “ភាព​ដ៏​ធំ និង​ព្រះចេស្តា សិរីល្អ ជ័យ​ជំនះ និង​តេជានុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់”(១របាក្សត្រ ២៩:១១)។-DAVE BRANON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles