ចង់មានលក្ខណៈដូចឪពុកខ្ញុំ

ឪពុក​របស់​ខ្ញុំ​មាន​ស្បែក​ជើង​កវែង បែប​ខៅប៊យ​មួយ​គូរ ដែល​ប្រឡាក់​ដី ដែល​គាត់​ចូល​ចិត្ត​ទុក​នៅ​លើ​កម្រាល​ឥដ្ឋ ក្នុង​បន្ទប់​រៀន​របស់​ខ្ញុំ។ ស្បែក​ជើង​នោះ​បាន​រំឭក​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ថា គាត់​ជា​មនុស្ស​ប្រភេទ​ណា។ កាល​ពី​មុន គាត់​បាន​ធ្វើកិច្ច​ការ​ជា​ច្រើន ក្នុង​នាម​ជា​កសិករ​ម្នាក់ ហើយ​ក្នុង​នោះ គាត់​បាន​ចិញ្ចឹម  និង​បង្វឹក​សត្វ​សេះ​ ដែល​ផ្លាស់​ទី​លឿន​ដូច​ផ្លេក​បន្ទោរ។ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​ធ្វើ​ការ ដោយ​ស្ងើច​សរសើរ​គាត់ ដែល​នៅ​តែ​អាច​ជិះ​សេះ ក្នុង​វ័យ​ចំណាស់។ កាល​នៅ​ពី​ក្មេង ខ្ញុំ​ចង់​ធំ​ឡើង​ដូច​គាត់។ ឥឡូវ​នេះ ខ្ញុំ​ស្ថិត​ក្នុង​វ័យ​៨០​ឆ្នាំ​ហើយ តែ​ស្បែក​ជើង​ក​វែង​របស់​គាត់ នៅ​តែ​មាន​ទំហំ​ធំ​ពេក សម្រាប់​ឲ្យ​ខ្ញុំ​ពាក់​ដដែល។

សព្វ​ថ្ងៃ​នេះ  ឪពុក​របស់​ខ្ញុំ​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​ហើយ តែ​ខ្ញុំ​មាន​ព្រះ​ ដែល​ជា​ឪពុក​សម្រាប់​យក​តម្រាប់​តាម។ ខ្ញុំ​ចង់​មាន​លក្ខណៈ​ដូច​ទ្រង់ មាន​ពេញ​ដោយ​សេចក្តី​ល្អ​របស់​ទ្រង់ ហើយ​បញ្ចេញ​ក្លឹន​ដ៏​ក្រអូប នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ខ្ញុំ​នឹង​មិន​អាច​មាន​លក្ខណៈ​ដែល​ល្អ​ដូច​ទ្រង់​ទាំង​ស្រុង​ឡើយ  ហើយ​មាន​ការ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ទ្រង់។

ប៉ុន្តែ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “រីឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច”(១ពេត្រុស ៥:១០)។ យើង​ដឹង​ហើយ​ថា ទ្រង់​ពិត​ជា​មាន​ប្រាជ្ញា និង​អំណាច​ធ្វើ​ការ​ទាំង​អស់​នេះ​បាន(ខ.១១)។

យើង​មិន​អាច​មាន​លក្ខណៈ​ដូច​ព្រះ​វរបិតា១០០​ភាគ​រយ​ ក្នុងពេល​បច្ចុប្បន្ន​មែន តែ​​យើង​​នឹង​​មិន​​មាន​បញ្ហា​នេះ​ជា​រៀង​រហូត​ឡើយ​។ ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​យើង ឲ្យ​មាន​ភាព​ស្រស់​ស្អាត​នៃ​ចរិយា​សម្បតិ្ត​ ដែលមក​ពីទ្រ​ង់។ ក្នុង​ជីវិត​នេះ យើង​មិន​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​មើល​ឃើញ​ទ្រង់​ទាំង​ស្រុង ប៉ុន្តែ នៅ​នគរ​ស្ថាន​សួគ៌ យើង​នឹង​បាន​ដូច​ទ្រង់ យ៉ាង​គ្រប់​លក្ខណ៍ ព្រោះ​យើង​នឹង​មិន​មាន​អំពើ​បាប និង​ទុក្ខ​ព្រួយ​ទៀត​​ឡើយ។ នេះ​ហើយ​ជា “ព្រះ​គុណ​ដ៏​ពិត​របស់​ព្រះ”(ខ.១២)។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles