បទចម្រៀងដែលច្រៀងថា “ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់ ព្រះគម្ពីរសម្តែងយ៉ាងច្បាស់” ស្ថិតក្នុងចំណោមបទចម្រៀងគ្រីស្ទបរិស័ទដែលមានភាពយូរអង្វែងជាងគេ ជាពិសេសសម្រាប់ក្មេងៗ។ បទចម្រៀងនេះ ត្រូវបាននិពន្ធដោយអ្នកស្រី អានណា ប៊ី វននើរ(Anna B. Warner) ក្នុងទសវត្សរ៍ឆ្នាំ១៨០០។ បទចម្រៀងនេះបានថ្លែងបញ្ជាក់អំពីទំនាក់ទំនងរបស់យើង យ៉ាងស្រទន់ថា ព្រះយេស៊ូវស្រឡាញ់យើងណាស់។
មានមនុស្សម្នាក់បានឲ្យផ្លាកមួយសន្លឹក មកភរិយាខ្ញុំ សម្រាប់ដាក់តាំងក្នុងផ្ទះយើង ដែលធ្វើឲ្យខ្ញុំនឹកចាំអំពីបទចម្រៀងនេះ។ នៅលើផ្លាកនោះ គេបានសរសេរត្រឡប់ពាក្យថា “ព្រះយេស៊ូវ ស្គាល់ ខ្ញុំ ខ្ញុំស្រឡាញ់ទ្រង់ណាស់”។ ការនេះបានប្រាប់យើងថា ទ្រង់មិនគ្រាន់តែស្រឡាញ់យើងប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានស្គាល់យើងយ៉ាងច្បាស់។
នៅប្រទេសអ៊ីស្រាអែលសម័យបុរាណ អ្នកគង្វាលចៀមស្រឡាញ់ ហើយស្គាល់ចៀមគាត់ គឺខុសពីអ្នកស៊ីឈ្នួលឃ្វាលចៀម ដើម្បីតែប្រាក់កំរៃ។ អ្នកគង្វាលចៀមចំណាយពេលជាច្រើន ជាមួយចៀមគាត់ ធ្វើឲ្យគាត់មានមនោសញ្ចេតនាចំពោះចៀមគាត់ ហើយមានការយល់ដឹងស៊ីជម្រៅ អំពីពួកវា។ ហេតុនេះហើយ បានជាព្រះយេស៊ូវបានមានបន្ទូលថា “ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ … ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:១៤,២៧)។
ទ្រង់ស្គាល់យើង ហើយក៏ស្រឡាញ់យើងផង! យើងអាចទុកចិត្តថា ព្រះយេស៊ូវមានបំណងព្រះទ័យដ៏ល្អសម្រាប់យើង ហើយអាចសម្រាកក្នុងព្រះបន្ទូល ដែលទ្រង់បានសន្យាថា ទ្រង់យកព្រះទ័យទុកដាក់ចំពោះយើង ដោយសារព្រះវរបិតា “ជ្រាបថា យើងត្រូវការអ្វី មុនពេលដែលយើងទូលសូមទ្រង់ផង”(ម៉ាថាយ ៦:៨)។ ខណៈពេលដែលយើងកំពុងជម្នះភាពឡើងចុះនៃជីវិតនៅថ្ងៃនេះ ចូរយើងមានការសម្រាកខាងវិញ្ញាណ ដោយដឹងថា អ្នកគង្វាលនៃដួងចិត្តយើង ទ្រង់ស្គាល់ ហើយក៏ស្រឡាញ់យើងផង។-BILL CROWDER