ការដឹងគុណកាន់តែខ្លាំង

តើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង មាន​ការ​ដឹង​គុណ​ព្រះ កាន់​តែ​ខ្លាំង​ឬ​ទេ? លោកចច ហឺបឺត(George Herbert) ដែល​ជា​កវីកំណាព្យ​ជនជាតិ​អង់គ្លេស នៅ​សតវត្សរ៍​ទី​១៧ បាន​លើក​ទឹក​ចិត្ត​ប្រិយ​មិត្ត​អ្នក​អាន​របស់​គាត់ ឲ្យ​មាន “ការ​ដឹង​គុណចំពោះ​ព្រះ” កាន់​តែ​ខ្លាំង ដែល​គោល​ដៅ​នៃ​បទ​កំណាព្យ​របស់​គាត់ ដែល​ចែង​ថា “ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ ជា​ច្រើន​ដ៏​ម្ល៉េះ ​សូម​ប្រទាន​ឲ្យ​ទូល​បង្គំ​នូវ​ការ​មួយ​ទៀត  គឺ​ចិត្ត​ដែល​ដឹង​គុណ​ទ្រង់”។

លោក​ហឺបឺត​បាន​ទទួល​ស្គាល់​ថា ដើម្បី​ឲ្យ​គាត់​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ គាត់​ត្រូវ​ជញ្ជឹង​គិត​អំពី​ព្រះ​ពរ ដែល​ទ្រង់​បាន​ប្រទាន​គាត់។

ព្រះ​គម្ពីរ​បាន​ប្រកាស​ថា ព្រះ​គ្រីស្ទ ជា​ប្រភព​នៃ​ព្រះ​ពរ​គ្រប់​យ៉ាង គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ រ៉ូម ១១:៣៦ ថា “ដ្បិត​របស់​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយ​សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់”។ “របស់​សព្វ​សារពើ” គឺ​រាប់​បញ្ចូល​របស់​ដ៏​ច្រើន​សណ្ឋឹក ក៏​ដូច​ជា​របស់​ដ៏​តិច​តួច ដែល​ជា​អំណោយ​ដែល​មាន​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​យើង។ អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​បាន​ទទួល ក្នុង​ជីវិត គឺ​បាន​មក​ដោយ​ផ្ទាល់​ពី​ព្រះ​វរ​បិតា​(យ៉ាកុប ១:១៧) ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​អំណោយ​នោះ​មក​យើង ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​យើង។​

ដើម្បី​ឲ្យ​ខ្ញុំ​បាន​នឹក​ចាំ​អំពី​ព្រះ​ពរ​របស់​ព្រះ ក្នុង​ជីវិត​ខ្ញុំ ​ខ្ញុំ​បាន​រៀន​បង្កើត​ចិត្ត​ដែល​ទទួល​ស្គាល់​ប្រភព​នៃ​ក្តី​អំណរ​ទាំង​អស់ ដែល​ខ្ញុំ​មាន​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ព្រះ​ពរ ដែល​ខ្ញុំ​បាន​ទទួល ហើយ​ច្រើន​តែ​ភ្លេច​អរ​ព្រះ​គុណ​ទ្រង់។ សព្វ​ថ្ងៃ​នេះ ព្រះ​ពរ​ទាំង​នោះ គឺ​រាប់​បញ្ចូល​អាកាស​ធាតុ​ដ៏​ល្អ​សម្រាប់​ឲ្យ​ខ្ញុំ​រត់​ហាត់​ប្រាណ​ពេល​ព្រឹក ការ​ទន្ទឹង​រង់​ចាំ​ជួប​មិត្ត​ភក្តិ​នៅ​ពេល​ល្ងាច អាហារ​ដែល​ខ្ញុំ​បរិភោគ​ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ ទេស​ភាព​ដ៏​ស្រស់​ត្រកាល នៃ​ពិភព​លោក​ដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ និង​ក្លឹន​ដ៏​ឈ្ងុយ នៃ​កាហ្វេ​ដែល​គេ​ទើប​តែ​ឆុង​ជា​ដើម។​

តើ​​ព្រះទ្រង់​បាន​ប្រទាន​ព្រះពរអ្វីខ្លះ ដល់​អ្នក? ការ​បើក​ភ្នែក​ មើល​ទៅ​ព្រះ​ពរ​ទាំង​នោះ អាច​ជួយ​ឲ្យ​អ្នក​មាន​ចិត្ត​ដឹង​គុណ​ទ្រង់​កាន់​តែ​ខ្លាំង។​-LISA SAMRA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles