ជំនួយសម្រាប់ខ្ញុំ

អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ហើយ ដែល​ក្រុម​ចម្រៀង​ប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បាន​ធ្វើ​ជា​ព្រះ​ពរ  ដល់​ហ្វូង​មនុស្ស​ជា​ច្រើន  តាម​រយៈ​បទ​ចម្រៀង​ដំណឹង​ល្អ ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​នៃ​មនុស្ស​ទាំង​ឡាយ​មាន​ភាព​ស្រស់​ថ្លា​ឡើង​។ ឧទាហរណ៍ ​ពួក​គេ​បាន​និពន្ធ​ចម្រៀង​មួយ​បទ ដែល​ផ្អែក​ទៅ​លើ​បទ​គម្ពីរ ទំនុក​ដំកើង ១២១ ដែល​មាន​ចំណង​ជើង​ថា “ជំនួយ​សម្រាប់​ខ្ញុំ”។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១ បាន​ចែង​អំពី​ការ​បង្ហាញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​អម្ចាស់ ដែល​បាន​នាំ​ឲ្យ​អ្វី​ៗ​គ្រប់​យ៉ាង​មាន​វត្ត​មាន​ឡើង​ ហើយ​ទ្រង់​ជា​ប្រភព​នៃ​ជំនួយ សម្រាប់​អ្នក​និពន្ធ​ទំនុក​មួយ​នេះ​ផង​ដែរ(ខ.១-២)។ តើ​ជំនួយ​ទាំង​នោះ មាន​អ្វី​ខ្លះ? គឺ​ ការ​មាន​លំនឹង(ខ.៣)​  ការ​មើល​ថែរ​គ្រប់​ពេល​វេលា(ខ.៣-៤) វត្ត​មាន​គង់​នៅ​ជា​មួយ និង​ការ​ការពារ​ជាប់​ជា​និច្ច(ខ.៥-៦) និង​ការ​ថែរក្សា ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​គ្រប់​យ៉ាង  នៅ​ពេល​ណា​មួយ និង​អស់​កល្ប​ជា​និច្ច​(ខ.៧-៨)។

រាស្រ្ត​របស់​ព្រះ​នៅ​គ្រប់​សម័យ​កាល បាន​ប្រកាស​ថា ព្រះ​អម្ចាស់​ជា​ប្រភព​នៃ​ជំនួយ​របស់​ពួក​គេ តាម​រយៈ​បទ​ចម្រៀង​របស់​ខ្លួន ផ្អែក​ទៅ​លើ​បទ​គម្ពីរ។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ធ្លាប់​លើក​សម្លេង​ច្រៀង​ជា​មួយ​អ្នក​ដទៃ អស់​ពី​ចិត្ត នូវ​បទ​ចម្រៀង​ដែល​លោក​ឆាល វេសលី(Charles Wesley)បាន​និពន្ធ ដែល​ច្រៀង​ថា “ឱ​ព្រះ​វរ​បិតា ទូល​បង្គំ​សូម​លើក​ដៃ​ឡើង​ទៅ​រក​ទ្រង់  ទូល​បង្គំ​គ្មាន​ជំនួយ​អ្វី ក្រៅ​ពី​ទ្រង់។ បើ​ទ្រង់​ចេញ​ពី​ទូល​បង្គំ តើ​ទូល​បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏​បាន​ពិពណ៌នា​នៅ​ក្នុង​សំណេរ​របស់​គាត់​ផង​ដែរ​ថា “ព្រះ​នៃ​យើង ជាបន្ទាយ​ដ៏​រឹង​មាំ ជា​កំផែង​ដែល​មិន​ចេះ​រលំ ជា​ជំនួយ​ក្នុង​ពេល​ដែល​ការ​អាក្រក់​ជន់​ជោរ”។

តើ​អ្នក​មាន​អារម្មណ៍​ឯក​កោ ត្រូវ​គេ​បោះ​បង់​ចោល ឬ​ច្របូក​ច្របល់​ឬ​ទេ? ចូរ​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១២១ ចុះ។ ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​ទ្រង់ បំពេញ​វិញ្ញាណ​អ្នក ដោយ​ជំនឿ និង​ចិត្ត​ក្លាហាន​។ អ្នក​មិន​នៅ​តែ​ម្នាក់​ឯង​ទេ ដូច​នេះ ចូរ​កុំ​ព្យាយាម​រស់​នៅ ដោយ​ពឹង​ផ្អែក​កម្លាំង​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ ចូរ​អរ​សប្បាយ ចំពោះ​ការ​មើល​ថែរ​របស់​ព្រះ ទាំង​នៅ​ផែន​ដី និង​អស់​កល្ប​ជា​និច្ច ដូច​ដែល​បាន​បង្ហាញ​ចេញ នៅ​ក្នុង​ព្រះ​ជន្ម ការ​សុគត និង​មាន​ព្រះ​ជន្ម​ឡើង​វិញ​ ព្រម​ទាំង​ការ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ​របស់​ទ្រង់​ផង​ដែរ។ ទោះ​ជំហាន​បន្ទាប់​មានបញ្ហា​អ្វី​ក៏​ដោយ ចូរ​ដើរ​ទៅ​មុខ​ដោយ​ពឹង​ផ្អែក​ជំនួយ​ទ្រង់​ចុះ។-ARTHUR JACKSON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles