ការសន្យា

ខ្ញុំ​និង​កូន​ស្រី​ពៅ​របស់​ខ្ញុំ  មាន​ល្បែង​កម្សាន្ត​មួយ ដែល​យើង​ហៅ​ថា “ល្បែង​តាម​ក្តិច”។ ពេល​នាង​ឡើង​ជណ្តើរ​ផ្ទះ ខ្ញុំនឹង​ដេញ​នាង​ពី​ក្រោយ ហើយ​ព្យាយាម​ក្តិច​នាង​តិច​ៗ។ ក្បួន​នៃ​ការ​លេង គឺ​​ខ្ញុំ​អាច​ក្តិច​នាង​តិច​ៗ តែ​នៅ​ពេល​ដែលនាង​នៅ​លើ​ជណ្តើរ​ប៉ុណ្ណោះ។ ពេល​នាង​បាន​ឡើង​ដល់​លើ​ហើយ គឺ​នាង​បាន​រួច​ខ្លួន​ហើយ។ ជួន​កាល នាង​មិន​មាន​អារម្មណ៍​ចង់​លេង​ទេ។ ហើយ​បើ​ខ្ញុំ​ដេញ​នាង​ឡើង​ជណ្តើរ នាង​នឹង​និយាយ​ថា “អត់​ឲ្យ​ក្តិច​ទេ!” ខ្ញុំ​ក៏​ឆ្លើយ​តប​ថា “អត់​ក្តិច​ទេ ម៉ាក់​សន្យា”។

សព្វ​ថ្ងៃ​នេះ ការ​សន្យា​នេះ​អាច​ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ធ្វើ នូវ​អ្វី​ដែល​ខ្ញុំ​បាន​សន្យា កូន​ស្រី​របស់​ខ្ញុំ ក៏​បាន​ចាប់​ផ្តើម​យល់​អំពី​ចរិយ៉ា​សម្បត្តិ​របស់​ខ្ញុំ។ ពេល​នាង​បាន​ឃើញ​ខ្ញុំ​ធ្វើ តាម​អ្វី​ដែល​ខ្ញុំ​បាន​និយាយ នាង​ដឹង​ថា ពាក្យសម្តី​របស់​ខ្ញុំ​ល្អ​ទេ ហើយ​នាង​អាច​ទុក​ចិត្ត​ខ្ញុំ។ ការ​កាន់​តាម​ពាក្យ​សន្យា​ដ៏​តូច​នេះ ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ការ​សន្យា ​និង​ការ​កាន់​តាម​ពាក្យ​សន្យា ជា​ជ័រ​កាវ​ដែល​ជួយ​​​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​រឹង​មាំ ហើយ​ក៏​បាន​សង់​គ្រឹះ​នៃ​សេចក្តី​ស្រឡាញ់  និង​ការ​ទុក​ចិត្ត។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ពេល​ដែល​គាត់​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ជួយ​ឲ្យ​យើង​អាច “មាន​ចំណែក​នៅ​ក្នុង​និស្ស័យ​របស់​ព្រះ”(២ពេត្រុស ១:៤)។ ពេល​យើង​ជឿ​ព្រះ​ ដោយ​ផ្អែក​លើ​ព្រះ​បន្ទូល​ទ្រង់ ពោល​គឺ​ជឿ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ព្រះ​អង្គ​ទ្រង់ និង​អំពី​យើង នោះ​មាន​ន័យ​ថា យើង​កំពុង​បើក​ចិត្ត​ចំហរ សម្រាប់​ឲ្យ​ទ្រង់​បង្ហាញ​បំណង​ព្រះ​ទ័យ​ចំពោះ​យើង។ ការ​នេះ​ក៏​បាន​ផ្តល់​ឱកាស ឲ្យ​ទ្រង់​បង្ហាញ​ភាព​ស្មោះ​ត្រង់ ពេល​ដែល​យើង​ទុក​ចិត្ត​ដោយ​គ្មាន​សង្ស័យ ចំពោះ​ព្រះ​បន្ទូល​ទ្រង់។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ព្រះ​បន្ទូល​សន្យា​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ជួយ​ឲ្យ​យើង​នឹក​ចាំ​ជានិច្ច​ថា “សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ គឺ​តែង​តែ​ថ្មី​ឡើង​រាល់​តែ​ពេល​ព្រឹក​ជា​និច្ច”(បរិទេវ ៣:២២-២៣)។-ADAM HOLZ

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles