រឿងធំដុំ

នៅ​ក្នុង​គ្រួសារ​មួយ មាន​សមាជិក​ម្នាក់​ចង់​ឲ្យ​សមាជិក​ដទៃ​ទៀត ជួយ​បង់​ថ្លៃ​ផ្ទះ​របស់​គាត់ នៅ​ខែ​ធ្នូ។ សម្រាប់​ក្រុម​គ្រួសារ​គាត់ ការ​ស្នើ​សុំ​នោះ​ហាក់​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ ជា​ពិសេស នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ត្រៀម​លុយ​សម្រាប់​ការ​ចំណាយ ដែល​មិន​បាន​រំពឹង​ទុក នៅ​ចុង​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​បាន​កកាយ​ប្រាក់​សន្សំ​របស់​ពួក​គេ​ចេញ​មក ដើម្បី​ជួយ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ឲ្យ​គាត់ ដោយ​ការ​អរ​ព្រះ​គុណ សម្រាប់​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ហើយ​គាត់​ក៏​បាន​ទទួល​ព្រះ​ពរ ពី​ការ​អរ​ព្រះគុណ​របស់​សាច់​ញាតិ​គាត់។

គាត់​ក៏​បាន​ប្រគល់​កាត​សម្រាប់​ថ្លែង​អំណរ​គុណ ដល់​ពួក​គេ ដោយ​សរសេរ​នៅ​ក្នុង​នោះ​ថា “សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ជា​ថ្មី​ម្តង​ទៀត ដែល​បាន​ធ្វើ​នូវ​ការ​ដ៏​ល្អ ដោយ​យក​លុយ​មក​ជួយ​ខ្ញុំ ដោយ​គិត​ថា វា​មិន​មែន​ជា​រឿង​ធំ​ដុំ”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ព្រះ​ជា​ម្ចាស់ ការ​ជួយ​អ្នក​ដទៃ គឺ​ជា​រឿង​ធំ​ដុំ។ គឺ​ដូច​ដែល​ហោរា​អេសាយ បាន​លើក​យក​បញ្ហា​នេះ មក​ថ្លែង ទៅ​កាន់​ប្រជា​ជន​អ៊ីស្រាអែល។ កាល​នោះ ពួក​គេ​កំពុង​តែ​អធិស្ឋាន​តម តែ​មិន​ព្រម​ឈប់ឈ្លោះ​ប្រកែក​គ្នា។ បាន​ជា​ហោរា​អេសាយ​មាន​ប្រសាសន៍​ថា “តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង។ តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់ញាតិ​របស់​ឯង​ទេ​ឬ?”(អេសាយ ៥៨:៦-៧)។

លោក​អេសាយ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​លះ​បង់​បែប​នេះ នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​ពន្លឺ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ពន្លឺ​នោះ​នឹង​បាន​ភ្លឺ​ឡើង ហើយ​ថែម​ទាំង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ​(ខ.៨)។ សម្រាប់​អ្នក​ដែល​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​សប្បុរស ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា “ពន្លឺ​របស់​ឯង នឹង​លេច​មក ដូច​ជា​រស្មី​អរុណ ហើយ​សេចក្តី​សុខ​ស្រួល​របស់​ឯង នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្តី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​ការពារ​ពី​ក្រោយ​ឯង”(ខ.៨)។ សរុប​មក ការ​ចែក​រំលែក​ដល់​សាច់​ញាតិ​របស់​ពួក​គេ នាំ​ឲ្យ​ពួក​គេ​បានទទួល​ព្រះ​ពរ​កាន់​តែ​ច្រើន។ ចុះ​ចំណែក​ព្រះ​ជា​ម្ចាស់​វិញ តើ​ទ្រង់​បាន​ចែក​រំលែក​អ្វី​ខ្លះ​ដល់​យើង? គឺ​ទ្រង់​បាន​ប្រទាន​អ្វី​ៗ​ទាំង​អស់​ដល់​យើង ដោយ​សេចក្តី​ស្រឡាញ់។—PATRICIA RAYBON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles