បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ

ពេល​វេលា​កន្លង​ផុត​ទៅ​លឿន​ណាស់ ពេល​ដែល​អ្នក​កំពុង​សប្បាយ។ ទស្សនៈ​នេះ​មិន​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ការ​ពិត​ទេ តែ​បទ​ពិសោធន៍​បាន​បង្ហាញ​ថា ទស្សនៈ​នេះ​ហាក់​ដូច​ជា​ត្រូវ។ ពេល​ជីវិត​កំពុង​តែ​សប្បាយ​រីក​រាយ យើង​មាន​អារម្ម​ណ៍ថា ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ពេក​ហើយ។ យើង​ប្រហែល​ជា​កំពុង​ធ្វើ​កិច្ច​ការ​ដែល​យើង​ចូល​ចិត្ត ឬ​នៅ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់ តែ​ពេល​វេលា​ហាក់​ដូច​ជា​ខ្លី​ពេក។

ខ្ញុំ​ក៏​មាន​បទ​ពិសោធន៍​ដូច​នេះ​ផង​ដែរ ហើយ​វា​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​យល់​ដឹង​ជា​ថ្មី អំពី​ព្រឹត្តិ​ការណ៍ ដែល​បាន​រៀប​រាប់ ​ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក​៤។ កាល​ពី​មុន ពេល​ខ្ញុំ​ពិចារណា អំពី​សត្វ​ទាំង​បួន ដែល​អង្គុយ នៅ​ក្បែរ​បល្ល័ង្ក​ព្រះ ដែល​តែង​តែ​ពោល​ពាក្យ​ពីរ​បី​ម៉ាត់ ដដែល​ៗ ខ្ញុំ​គិត​ថា សត្វ​ទាំង​នោះ​មាន​ជីវិត​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​មិន​គិត​ដូច​នេះ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​គិត​អំពី​ព្រឹត្តិ​ការណ៍ ដែល​ពួក​គេ​បាន​ឃើញ ដោយ​ភ្នែក​ដ៏​ច្រើន​របស់​ពួក​គេ ដោយ​ផ្ទាល់(ខ.៨)។ ខ្ញុំ​គិត​អំពី​ទិដ្ឋ​ភាព ដែល​ពួក​គេ​បាន​ឃើញ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​មាន​វត្ត​មាន​នៅជុំវិញ​បល្ល័ង្ក​ព្រះ(ខ.៦)។ ខ្ញុំ​គិត អំពី​ភាព​ភ្ញាក់​ផ្អើល ដែល​ពួក​គេ​មាន ចំពោះ​ព្រះ ដែល​បាន​ប្រកប​ទាក់​ទង​ជា​មួយ​នឹងមនុស្ស​មាន​បាប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់។ បន្ទាប់​មក ខ្ញុំ​គិត​ថា តើ​ពួក​គេ​អាច​មាន​ការ​ឆ្លើយ​តប​អ្វី​ដែល​ល្អជាង​នេះ​ទៀត​នោះ? តើ​មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​ពោល​សរសើរ​ទ្រង់​ថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”?

តើ​ការ​និយាយ​ពាក្យ​ដដែល​ៗ ច្រំដែល​ៗ ជា​សកម្ម​ភាព​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ឬទេ? ទេ គឺ​មិន​គួរ​ឲ្យ​ធុញ​ទ្រាន់​ទេ បើសិន​ជា​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វត្ត​មាន នៃ​បុគ្គល​ដែល​អ្នក​ស្រឡាញ់ ឬ​នៅ​ពេល​ដែល​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​ព្រះ​បាន​បង្កើត​អ្នក ឲ្យ​ធ្វើ​កិច្ច​ការ​នោះ។

យើង​ត្រូវ​បាន​ព្រះ​បង្កើត​មក សម្រាប់​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ គឺ​មិន​ខុស​ពី​សត្វ​ទាំង​បួន​នោះ​ឡើយ។ ជីវិត​យើង​នឹង​មិន​ដែល​មាន​ភាព​គួរ​ឲ្យ​ធុញ​ទ្រាន់​ឡើយ បើ​សិន​ជា​យើង​កំពុង​តែ​ផ្តោត​ចិត្ត​របស់​យើង ទៅ​លើ​ទ្រង់ ហើយ​បំពេញ​បំណង​ព្រះ​ទ័យ ដែល​ទ្រង់​មាន ក្នុង​ការ​បង្កើត​យើង​មក​នោះ។-JULIE ACKERMAN LINK

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles