ពេលខ្ញុំបានទទួលដំណឹងថា ម្តាយខ្ញុំមានជម្ងឺមហារីក ស្វាមីរបស់ខ្ញុំកំពុងនៅកន្លែងធ្វើការ។ ខ្ញុំក៏បានផ្ញើសារឲ្យគាត់ ហើយក៏បានទាក់ទងមិត្តភក្តិ និងសាច់ញាតិ។ ប៉ុន្តែ គ្មាននរណាទំនេរសោះ។ ខ្ញុំក៏បានគ្របមុខ ដោយដៃទាំងពីរកំពុងតែញ័រ ហើយក៏បានអធិស្ឋានទាំងខ្សិបខ្សួលថា “ព្រះអម្ចាស់ សូមជួយទូលបង្គំផង”។ ខ្ញុំក៏បាននឹកចាំព្រះបន្ទូល ដែលបានធានាដល់ខ្ញុំថា ទ្រង់គង់នៅជាមួយខ្ញុំជានិច្ច។ ការនេះក៏បានកម្សាន្តចិត្តខ្ញុំ ក្នុងពេលដែលខ្ញុំមានអារម្មណ៍ឯកោយ៉ាងខ្លាំង។
ក្រោយមក ខ្ញុំក៏បានអរព្រះគុណព្រះអម្ចាស់ ពេលដែលស្វាមីខ្ញុំបានវិលត្រឡប់មកផ្ទះវិញ ហើយក៏បានទទួលការលើកទឹកចិត្តពីមិត្តភក្តិ និងសាច់ញាតិជាបន្តបន្ទាប់។ ប៉ុន្តែ អារម្មណ៍កក់ក្តៅ ដែលបានពីការដឹងថា ព្រះទ្រង់គង់នៅជាមួយ ក្នុងពេលដ៏ឯកោពីរបីម៉ោងនោះ បានផ្តល់ការបញ្ជាក់ដល់ខ្ញុំថា ព្រះទ្រង់បានត្រៀមខ្លួនជានិច្ច ដើម្បីនឹងជួយខ្ញុំ ដោយព្រះទ័យស្មោះត្រង់ ទោះជានៅទីណា ឬនៅពេលណាក៏ដោយ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៤៦ អ្នកនិពន្ធទំនុកដំកើង បានប្រកាសថា ព្រះទ្រង់ជាទីជ្រកកោន ជាកម្លាំង និងជាជំនួយ(ខ.១)។ ពេលយើងមានអារម្មណ៍ថា ភាពវឹកវរកំពុងហ៊ុមព័ទ្ធជុំវិញយើង ឬអ្វីៗដែលយើងបានគិត បានរំលំរលាយអស់ នោះចូរកុំខ្លាចឡើយ(ខ.២-៣)។ ព្រះទ្រង់មិនចេះទ្រេតទ្រោត(ខ.៤-៧)។ អំណាចទ្រង់ជាភស្តុតាង និងមានប្រសិទ្ធិភាពជានិច្ច(ខ.៨-៩)។ ព្រះដ៏អស់កល្បដែលជួយយើង ទ្រង់ប្រទានឲ្យយើងមានទំនុកចិត្ត ចំពោះលក្ខណៈសម្បត្តិដែលមិនចេះប្រែប្រួលរបស់ទ្រង់(ខ.១០)។ ព្រះអម្ចាស់ដែលជាទីមាំមួននៃយើង គង់នៅជាមួយយើងជារៀងរហូត(ខ.១១)។
ព្រះទ្រង់បង្កើតសិស្សទ្រង់មក ដើម្បីឲ្យជួយគ្នា ដោយអធិស្ឋាន ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែ ទ្រង់ក៏បានបញ្ជាក់ផងដែរថា ទ្រង់តែងតែមានសមត្ថភាព ហើយទំនេរសម្រាប់យើងជានិច្ច។ ពេលយើងស្រែកអំពាវរកទ្រង់ យើងអាចទុកចិត្តថា ទ្រង់នឹងបំពេញសេចក្តីត្រូវការយើង តាមព្រះបន្ទូលសន្យាទ្រង់។ ទ្រង់នឹងកម្សាន្តចិត្តយើង តាមរយៈរាស្រ្តទ្រង់ ក៏ដូចជាតាមរយៈព្រះវត្តមានរបស់ទ្រង់ដោយផ្ទាល់។-XOCHITL DIXON