កាលពីខែធ្នូ ឆ្នាំមុន ខ្ញុំ និងក្រុមគ្រួសារខ្ញុំ បានធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំ។ យើងបានរស់នៅក្នុងតំបន់មានអាកាសធាតុត្រូពិចពេញមួយជីវិតយើង ដូចនេះ ពេលនោះជាលើកទីមួយ ដែលយើងបានឃើញព្រឹល ក្នុងទិដ្ឋភាពដ៏អស្ចារ្យ។ ពេលដែលយើងកំពុងគិតអំពីព្រឹលដែលកំពុងគ្របដណ្តប់ទីវាល ស្វាមីខ្ញុំក៏បានដកស្រង់បទគម្ពីរអេសាយ ដែលបានចែងថា “ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ”(អេសាយ ១:១៨)។
បន្ទាប់មក កូនស្រីអាយុបីឆ្នាំរបស់យើង ក៏បានសួរអំពីអត្ថន័យនៃពាក្យពណ៌ក្រហមទែង ហើយនាងក៏បានសួរយើងថា “តើពណ៌ក្រហមជាពណ៌អាក្រក់ឬ?” នាងដឹងថា អំពើបាបជាអ្វីដែលព្រះទ្រង់មិនចូលចិត្ត តែខគម្ពីរនេះ គ្រាន់តែនិយាយអំពីពណ៍ក្នុងន័យប្រៀបធៀបប៉ុណ្ណោះ។ ក្នុងបទគម្ពីរនេះ ពាក្យពណ៌ក្រហមទែងដែលលោកអេសាយបានប្រើ គឺជាពណ៌ក្រហមដែលមានក្នុងថ្នាំសម្រាប់ជ្រលក់ក្រណាត់ ដែលគេផលិតពីពងសត្វល្អិតម្យ៉ាងនៅសម័យនោះ។ គេជ្រលក់ក្រណាត់ទៅក្នុងពណ៌ក្រហមនោះពីរដង ដើម្បីឲ្យពណ៌នោះនៅជាប់នឹងក្រណាត់បានល្អ។ ទឹកភ្លៀង ឬការបោកគក់មិនអាចធ្វើឲ្យជ្រះពណ៌ពីក្រណាត់បានឡើយ។ អំពើបាបគឺមានលក្ខណៈដូចនេះឯង។ មនុស្សមិនអាចពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯង ដើម្បីលាងជម្រះអំពើបាបរបស់ខ្លួនបានឡើយ។ អំពើបាបបានចាក់ឫសជាប់ក្នុងចិត្តមនុស្ស។
មានតែព្រះទេដែលអាចលាងជម្រះអំពើបាបចេញពីចិត្តយើងបាន។ នៅថ្ងៃនោះ ពេលដែលយើងមើលទៅភ្នំ យើងក៏បានស្ងើចសរសើរពណ៌សសុទ្ធ ដែលតំណាងឲ្យភាពបរិសុទ្ធរួចពីបាប។ ព្រះទ្រង់នឹងអត់ទោសបាបឲ្យយើង ពេលដែលយើងលន់តួបាប ប្រែចិត្តចេញពីបាប ហើយងាកបែរមករកព្រះ ដើម្បីឲ្យទ្រង់លាងសម្អាត(កិច្ចការ ៣:១៩) ព្រះទ្រង់នឹងអត់ទោសឲ្យយើង ហើយប្រទានឲ្យយើងមានជីវិតថ្មី។ មានតែតាមរយៈការលះបង់របស់ព្រះយេស៊ូវទេ ដែលយើងអាចទទួលចិត្តបរិសុទ្ធ ដែលគ្មាននរណាអាចឲ្យយើងបាន ក្រៅពីទ្រង់។ នេះពិតជាអំណោយដ៏អស្ចារ្យណាស់!-KEILA OCHOA