ប្រាជ្ញាចាស់បុរាណ

កាល​ពី​ឆ្នាំ ២០១០ មាន​កាសែត​ក្នុង​ស្រុក​មួយ នៅ​ប្រទេស​សឹង្ហ​បូរី បាន​ចុះផ្សា​យអំ​ពី​របាយ​ការណ៍​ពិសេស ដែល​និយាយ​អំពី​មេរៀន​ជីវិត ដែល​ចែក​ចាយ​ដោយ​ពល​រដ្ឋ​វ័យ​ចំណាស់​ប្រាំ​បីនា​ក់។ របាយ​ការណ៍​នោះ​​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ការ​មាន​វ័យ​កាន់​តែចាស់ នាំ​ឲ្យ​មាន​ការ​ពុះ​ពារ នៅ​ក្នុង​គំនិត និង​រូប​កាយ តែ​ទន្ទឹម​នឹង​នោះ វា​ក៏​នាំ​ឲ្យ​មា​​ន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ផ្នែក​ដទៃ​ទៀត​ផង​ដែរ។ គឺ​ការ​ចម្រើ​នឡើ​ង​នៃ​ចំណេះ​ដឹ​ង​ផ្នែក​អារម្មណ៍ និង​សង្គម ដែល​ជា​លក្ខ​ណៈ​សម្បត្តិ ដែល​អ្នក​វិទ្យា​សាស្រ្ត​កំពុង​តែ​ចា​ប់​ផ្តើម ឲ្យ​និយម​ន័យ​ថា វា​ជា​ប្រាជ្ញា … គឺ​ប្រាជ្ញា​របស់​មនុស្ស​ចាស់”។

ជា​ការ​ពិត​ណាស់ មនុស្ស​ចាស់​ដែល​មា​នប្រា​ជ្ញា មាន​ការ​ជា​ច្រើន​ដែល​អាច​បង្រៀន​យើង អំពី​ជីវិត។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​ស្តេច​មួយ​អង្គ​ដែល​ទើប​ឡើង​សោយ​រាជ ដែល​មិន​បាន​ទទួល​ស្គាល់​ប្រាជ្ញា​របស់​មនុស្ស​ចាស់។

ស្តេច​សាឡូម៉ូន​ទើប​តែ​សុគត ហើយ​បទ​គម្ពី​រ​១ពង្សាវតាក្សត្រ ១២:៣ បានចែ​ង​ថា “ពួក​ជំនុំ​អ៊ីស្រា​អែល​ទាំង​អស់ ក៏បាន​មក​គាល់​ស្តេច​រេហូ​បោម” ដោយ​ថ្វាយ​ញ្ញតិ​មួយ​ដល់​ទ្រង់។ ពួក​គេ​បាន​សូម​ឲ្យ​ស្តេច​ថ្មី​មួយ​អង្គ​នេះ ឲ្យ​សម្រាល​បន្ទុក​នៃ​កា​រងារ និង​ពន្ត​អាករ​ដ៏​ធ្ងន់ ដែលស្តេច​សាឡូម៉ូន ដែល​ជា​បិតា​ទ្រង់ បាន​តម្រូវ​ដល់ពួកគេ។ ហើយ​ពួក​គេនឹ​ង​តប​ស្នង​ស្តេចរេហូបោម​វិញ ដោយ​បម្រើ​ទ្រង់ ដោយ​ភក្តី​ភាព។

ពី​ដំបូង​ស្តេច​ដ៏​ក្មេង​វ័​យ​អង្គ​នេះ បាន​ស្វែង​រក​ការ​ប្រឹក្សា​ពី​ពួក​ចាស់​ទុំ(ខ.៦)។ ប៉ុន្តែ  ទ្រង់​ក៏​បាន​បដិសេធ​ការ​ប្រឹក្សា​របស់​ពួក​គេ ហើយ​បែរ​ជា​ទទួល​ការ​ប្រឹក្សាដ៏​ល្ងង់​ខ្លៅ ពី​ពួក​យុវ​ជន ដែល​បាន​ធំធាត់​ជា​មួយ​ទ្រង់​វិញ(ខ.៨)។ ទ្រង់​បាន​ដាក់​បន្ទុ​ក​ទៅ​លើ​ប្រជា​រាស្រ្ត​កាន់​តែ​ធ្ងន់​ជាង​មុន។ ភាព​តុក​ក្រហល់​របស់ទ្រ​ង់ បាន​បណ្តាល​ឲ្យ​ទ្រង់​បាត់​បង់​នគរ​របស់​ទ្រង់​អស់​មួយ​ផ្នែក​ធំ។

យើង​រាល់​គ្នា​ត្រូវ​ការ​ការ​ប្រឹក្សា ដែល​មក​ពី​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ ជា​ពិសេស គឺ​អ្នក​ដែល​បាន​ដើរ​ជា​មួយ​ព្រះ ហើយ​បាន​ស្តាប់​ការ​ប្រឹក្សា​របស់​ទ្រង់ យ៉ាង​ប្រុង​ប្រយ័ត្ន។ ចូរ​គិត​អំពី​ប្រាជ្ញា​ជា​ច្រើន ដែ​ល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ​ចុះ។ ពួក​គេ​មាន​ការ​ជា​ច្រើន​សម្រាប់​ចែក​ចាយ អំពី​ព្រះ ឲ្យយើ​ង​បាន​ដឹង។ ចូរ​ស្វែង​រក​ការ​ប្រឹក្សា​ពី​ពួក​គេ ​ហើយបើ​កចំហរ​ត្រចៀក ស្តាប់​ប្រាជ្ញា​របស់​ពួក​គេ​ចុះ។—POH FANG CHIA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles