សូមនាំទូលបង្គំទៅរកថ្មដា

ពេល​ខ្ញុំ​កំពុង​ដើរ​ក្នុង​ហាង​ទំនិញ រក​មើល​ម៉ាស៊ីន​ចំហាយ​ទឹក ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ស្រ្តី​ម្នាក់​មានវ័​យ​ចំណាស់​ជាង​ខ្ញុំ ​កំពុង​ដើរ​ចុះ​ឡើង​ៗ តាម​ច្រក​ដើរ​ នៅ​ចន្លោះ​ធ្នើរ​ដាក់ទំ​និញ។ ខ្ញុំ​ឆ្ងល់​ថា គាត់​កំពុង​តែរ​កមើ​លម៉ាស៊ីន​ចំហាយ​ទឹក ដូ​ច​ខ្ញុំ​ដែរ​ទេដឹ​ង។ ខ្ញុំក៏​ជៀ​សទៅ​ម្ខា​ង ទុក​ផ្លូ​វ​ឲ្យគា​ត់ដើ​រ​ក្បែរ​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ជ​ជែ​កគ្នា​ អំពី​មេរោគ​ផ្តាសាយ​ធំ​មួយ​ប្រភេទ ដែល​កំពុង​រាត​ត្បាត ក្នុង​តំបន់​ដែល​យើង​រស់​នៅ ដែល​បាន​បណ្តាល​ឲ្យ​គាត់​មាន​អាការៈ​ក្អក និ​ងឈឺ​ក្បាល​មិន​ព្រម​បា​ត់សោះ​។​

ពីរ​បី​នាទី​ក្រោយ​មក គាត់​ក៏​បាន​និយាយទាំ​ងកំ​ហឹង ដោយ​ធ្វើ​ការ​សន្និ​ដ្ឋាន អំពី​ប្រភព​នៃ​មេរោគ​នោះ។ ខ្ញុំ​ក៏​ស្តាប់​គាត់និយាយ ដោយ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​ដូច​ម្តេច។  បន្តិច​ក្រោយ​មក គាត់​ក៏​បាន​ចា​កចេ​ញ​ពីហា​ង​ទំនិ​ញ ដោយ​មិន​ទាន់​បាត់​ខឹង និង​នៅមា​ន​អារម្មណ៍​នឿយ​ណា​យនៅ​ឡើយ។ ទោះ​បី​ជា​គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​នឿយ​ណាយ​រប​ស់​គាត់​ក៏ដោយ ក៏​ខ្ញុំ​មិន​ដឹ​ង​ថា ត្រូវ​ធ្វើ​អ្វីដើ​ម្បីដ​ក​យក​ការ​ឈឺចា​ប់ចេ​ញ​ពី​ខ្លួន​គាត់​បាន​​ទេ។

ស្តេច​ដាវីឌ ជា​ស្តេច​ទីពីរ​របស់​នគរ​អ៊ីស្រាអែល ដែលបា​ននិ​ពន្ធ​ទំនុក​ដំកើ​ង ដើម្បីប​ង្ហាញ​ចេញ​នូ​វ​កំហឹង និង​អារម្មណ៍នឿយ​ណាយ​របស់​ទ្រង់ ដល់​ព្រះ។ ប៉ុន្តែ ស្តេច​ដាវី​ឌបា​ន​ជ្រាប​ថា​ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ស្តាប់​ទ្រ​ង់​ប៉ុណ្ណោះ​ឡើយ តែព្រះអង្គ​​​ថែម​ទាំង​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ដក​ការ​ឈឺ​ចាប់​ចេញ​ពី​ទ្រង់។ ក្នុង​បទ​គម្ពីរ​ទំនុកដំ​កើង ជំពូក​៦១​ ស្តេចដាវីឌ​​បាន​មានបន្ទូល​ថា “កាល​​ណា​​ចិ​ត្ត​ទូ​លបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ខ.២)។ ព្រះ​ទ្រង់​ជា “ទី​ជ្រក​កោន”របស់​ស្តេច​ដា​វីឌ (ខ.៣) ជា “ថ្មដា” ដែលទ្រង់​រត់​ទៅ​រក។

ពេល​យើង​មាន​កា​រ​ឈឺ​ចា​ប់ ឬជួ​បន​រណា​ម្នា​ក់ ដែល​កំពុង​មាន​ការ​ឈឺ​ចា​ប់ សូម​យើង​យក​គំរូ​តាម​ស្តេច​ដាវីឌ​ចុះ។ ពោល​គឺ​យើង​អាច​រ​ត់​ទៅរ​ក “ថ្ម​ដាដែ​លខ្ព​ស់​ជាង​យើង” ឬ​នាំ​គេទៅ​​រក​ថ្ម​ដា​នោះ​ដែរ។ ខ្ញុំ​មាន​ការ​សោ​កស្តា​យ ដែល​ខ្ញុំមិន​បាន​និយា​យអំពី​ព្រះ ដល់​ស្រ្តីដែល​ខ្ញុំ​បាន​ជួ​បនៅ​ហាង​ទំនិញ នៅ​ថ្ងៃ​នោះ។ ព្រះ​ទ្រង់​ប្រហែល​ជា​មិន​ដក​ការ​ឈឺ​របស់​យើង​ទាំង​ស្រុង ក្នុង​ពេល​តែ​មួយ​ទេ តែ​យើង​អា​ច​សម្រាក នៅ​ក្នុង​សន្តិ​ភាពដែល​ទ្រង់​ប្រទា​ន និង​សម្រាក ដោយ​ទុក​ចិត្ត​ព្រះ​បន្ទូល ដែល​ធានា​ថា ទ្រង់​នឹង​ស្តាប់​យើង ពេល​យើង​ស្រែក​រ​ក​ទ្រង់។—LINDA WASHINGTON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles