អ្នកគាំទ្រទាំងឡាយ ចូលចិត្តសរសើរក្រុមកីឡាករដែលខ្លួនចូលចិត្ត។ ពួកគេពាក់ឡូហ្គោ និងបង្ហោះរូបភាព ឬសំណេរនៅក្នុងទំព័រហ្វេសប៊ុក អំពីក្រុមជាទីស្រឡាញ់របស់ពួកគេ ឬជជែកជាមួយមិត្តភក្តិ អំពីក្រុមនោះ ដោយបង្ហាញយ៉ាងច្បាស់ អំពីភក្តីភាព ដែលខ្លួនមានចំពោះក្រុមនោះ។ ពេលខ្ញុំពាក់មួក អាវយឺត ដែលមានឡូហ្គោរបស់ក្រុមដេត្រយ ថៃហ្គើ និងសន្ទនាគ្នាអំពីក្រុមមួយនេះ គឺខ្ញុំកំពុងតែបង្ហាញថា ខ្ញុំក៏កំពុងមានភក្តីភាពចំពោះក្រុមនោះ។
ភក្តីភាពដែលយើងមានចំពោះក្រុមកីឡាណាមួយ អាចរំឭកយើងថា យើងត្រូវមានភក្តីភាព ដែលពិតប្រាកដ និងប្រសើរបំផុត ចំពោះព្រះអម្ចាស់នៃយើង។ ភក្តីភាពដែលយើងមានចំពោះព្រះ គឺគ្មានភាពអាម៉ាស់ឡើយ។ ខ្ញុំគិតអំពីភក្តីភាពចំពោះព្រះ ពេលដែលខ្ញុំអានបទគម្ពីរ ទំនុកដំកើង ជំពូក ៣៤ ដែលក្នុងនោះ ស្តេចដាវីឌបានផ្តោតចិត្តទៅលើព្រះមួយអង្គ ដែលសំខាន់លើសអ្វីៗទាំងអស់ នៅលើលោកនេះ។
ពេលស្តេចដាវីឌមានបន្ទូលថា “ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា”(ខ.១) តើយើងឆ្ងល់ដែរឬទេថា ការរស់នៅរបស់យើងមានចន្លោះប្រហោងច្រើនប៉ុណ្ណា ខណៈពេលដែលយើងបានរស់នៅ តាមបែបដដែល ហាក់ដូចជាគិតថា ព្រះទ្រង់មិនមែនជាប្រភពនៃសេចក្តីពិត ពន្លឺ និងសេចក្តីសង្រ្គោះរបស់យើងនោះ? ពេលស្តេចដាវីឌមានបន្ទូលទៀតថា “សេចក្តីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច”(ខ.១) តើយើងបានគិតដែរឬទេថា មានពេលប៉ុន្មានដងហើយ ដែលយើងបានសរសើរអ្វីៗក្នុងលោកិយនេះ ច្រើនជាងសរសើរដំកើងព្រះអម្ចាស់? ហើយពេលដែលទ្រង់មានបន្ទូលថា “ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា”(ខ.២) តើយើងដឹងដែរឬទេថា យើងបានអួតអំពីជោគជ័យដ៏តូចរបស់យើង ជាជាងអួតអំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។
ការអរសប្បាយនឹងក្រុមរបស់យើង អ្វីដែលយើងចូលចិត្ត និងជ័យជម្នះរបស់យើង មិនមែនជាការខុសឆ្គងទេ។ ប៉ុន្តែ ការសរសើរដំកើងដ៏ខ្ពស់បំផុតរបស់យើង គឺសម្រាប់តែព្រះអម្ចាស់នៃយើងតែប៉ុណ្ណោះ។ “ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង”(ខ.៣)។—DAVE BRANON