ពាក្យដែលនិយាយខ្សិបៗ

យុវ​ជន​ម្នាក់​មាន​ការ​រសាប់​រសល់ ខណៈ​ពេល​ដែល​គាត់​កំពុង​អង្គុយ​ក្នុង​យន្ត​ហោះ ត្រៀម​ចេញ​ដំណើរ។ ភ្នែក​គាត់​មើល​ទៅ​បង្អួច​យន្ត​ហោះ​ចុះ​ឡើង​ៗ។ បន្ទាប់​មក គាត់​ក៏​បាន​បិទ​ភ្នែក ហើយ​ដក​ដង្ហើម​វែង​ៗ ដើម្បី​រម្ងាប់​អារម្មណ៍ ប៉ុន្តែ គាត់​នៅ​តែ​រសាប់​រសល់។ ពេល​ដែល​យន្ត​ហោះ​ឡើង​ផុត​ពី​ដី គាត់​ក៏​បាន​យោល​ខ្លួន​ចុះ​ឡើង​ៗ។ មាន​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គាត់ កំពុង​អង្គុយ​នៅ​លើ​កៅ​អី​ក្បែរ​គាត់ រំលង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ បាន​ដាក់​ដៃ​ពី​លើ​ដៃ​គាត់ ហើយ​ក៏​បាន​នាំ​គាត់​សន្ទ​នា​គ្នា យ៉ាង​សុភាព ដើម្បី​បង្វែរ​អារម្មណ៍​គាត់​ឲ្យ​ចេញ​ពី​ភាព​តាន​តឹង។ គាត់​ខ្សិប​ដាក់​យុវជន​ម្នាក់​នោះ​ថា “អ្នក​ឈ្មោះ​អី?” “​អ្នក​មក​ពី​ណា?” “យើង​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ” ហើយ “អ្នក​សុខ​សប្បាយ​ទេ​តើ”។ គាត់​អាច​មាន​អារម្មណ៍​ទើស​ទាល់ ឬ​ធ្វើ​មិន​ខ្វល់​ពី​យុវជន​នោះ ប៉ុន្តែ គាត់​បាន​ជ្រើស​រើស​ការ​ប៉ះដៃ​ និង​និយាយ​ពាក្យ​ពីរ​បី​ម៉ាត់។ ទាំង​នេះ​សុទ្ធ​តែ​ជា​កិច្ច​ការ​ដ៏​តូច ប៉ុន្តែ បី​ម៉ោង​ក្រោយ​មក ពេល​យន្ត​ហោះ​ចុះ​ចត យុវ​ជន​នោះ​ក៏​បាន​និយាយ​ថា “ខ្ញុំ​សូម​អរគុណ​អ្នក​ខ្លាំង​ណាស់ សម្រាប់​ការ​ជួយ​ខ្ញុំ”។

រូប​ភាព​ដ៏​ស្រស់​ស្អាត នៃ​ភាព​ស្លូត​បូត និង​ការ​ខ្វល់​ពី​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គឺ​មិន​ងាយ​នឹង​រក​បាន​ឡើយ។ ភាព​សប្បុរស​មិន​មក​រក​យើង ដោយ​ឯក​ឯង​ទេ ព្រោះ​មនុស្ស​យើង​ច្រើន​តែ​គិត​អំពី​ខ្លួន​ឯង​ជា​ទី​មួយ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស”(អេភេសូរ ៤:៣២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​និយាយ​ថា ភាព​សប្បុរស និង​ទន់​សន្តោស អា​ស្រ័យ​ទៅ​លើ​យើង​នោះ​ឡើយ។ បន្ទាប់​ពី​យើង​បាន​ទទួល​ជីវិត​ថ្មី ដោយ​សេចក្តី​ជំនឿ​លើ​ព្រះ​យេ​ស៊ូវ ព្រះ​វិញ្ញាណ​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ។ ភាព​សប្បុរស គឺ​ជា​កិច្ច​ការ​របស់​ព្រះ​វិញ្ញាណ ដែល​កែ​ប្រែ​ចិត្ត និង​គំនិត​យើង ជា​ថ្មី​ឡើង(ខ.២៣)។

ព្រះ​នៃ​សេចក្តី​អាណឹត កំពុង​តែ​ធ្វើ​ការ​ក្នុង​ចិត្ត​យើង ដោយ​នាំ​យើង​ឲ្យ​ប៉ះ​ពាល់​ជីវិត​អ្នក​ដទៃ ដោយ​ឈោង​ទៅ​រក​គេ ហើយ​និយាយ​ពាក្យ​លើក​ទឹក​ចិត្ត យ៉ាង​សុភាព។—ANNE CETAS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles