ក្នុងអំឡុងពេលរដូវរងាដែលអាកាសធាតុត្រជាក់ខ្លាំង ខ្ញុំបានធ្វើដំណើរ ទៅកាន់បឹងមីឈីហ្គិន ដែលជាបឹងធំជាងគេទី៥ ក្នុងពិភពលោក ដើម្បីទៅមើលទឹកបឹងនោះកក។ ថ្ងៃនោះ ខ្ញុំបានពាក់ខោអាវរងាក្រាស់ៗ ហើយក៏បាននៅមាត់បឹង មើលទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ ដែលតាមធម្មតា ខ្ញុំចូលចិត្តទៅទទួលពន្លឺថ្ងៃនៅទីនោះ។ ទឹកបឹងនោះពិតជាបានកក ក្នុងរូបភាពជាទឹករលក បង្កើតជាស្នាដៃសីល្បៈទឹកកកដ៏ស្រស់ស្អាត។
ដោយសារទឹកបានកក នៅក្បែរច្រាំង ខ្ញុំក៏មានឱកាស “ដើរនៅលើទឹក”។ ទោះខ្ញុំដឹងថា ទឹកកកមានកំរាស់ល្មមនឹងទ្រទម្ងន់ខ្លួនខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែដើរពីរបីជំហានដំបូង យ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំខ្លាចទឹកកកមិនអាចទ្រទម្ងន់ខ្ញុំបានទៀត។ ខណៈពេលដែលខ្ញុំបានពិនិត្យមើលផ្ទៃទឹកកក ដែលខ្ញុំមិនទាន់ស្គាល់ច្បាស់ ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះយេស៊ូវបានឲ្យលោកពេត្រុសចុះពីទូក ហើយដើរនៅលើទឹកសមុទ្រកាលីឡេ។
ពេលដែលពួកសាវ័កបានឃើញព្រះយេស៊ូវដើរនៅលើទឹក ពួកគេមានការភ័យខ្លាច។ ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ”(ម៉ាថាយ ១៤:២៧)។ សាវ័កពេត្រុសអាចជម្នះការភ័យខ្លាចរបស់គាត់ ហើយបោះជំហានចេញពីទូក ហើយដើរនៅលើទឹក ព្រោះគាត់ដឹងថា ព្រះយេស៊ូវមានព្រះវត្តមាននៅទីនោះ។ ពេលដែលការបោះជំហានដ៏ក្លាហានរបស់គាត់ បានរេរា ដោយសារតែខ្យល់ និងទឹករលក លោកពេត្រុសក៏បានស្រែកឲ្យព្រះយេស៊ូវជួយ។ ព្រះយេស៊ូវទ្រង់មានព្រះវត្តមាននៅក្បែរគាត់ដដែល ល្មមនឹងឈោងព្រះហស្តទ្រង់ ទៅរកគាត់ ដើម្បីជួយសង្រ្គោះ។
បើអ្នកកំពុងជួបប្រទះរឿងអ្វីមួយ នៅថ្ងៃនេះ ដែលព្រះយេស៊ូវបានត្រាស់ហៅឲ្យអ្នកធ្វើ ដែលហាក់ដូចជាមិនអាចធ្វើបាន មិនខុសពីការដើរលើទឹក នោះចូរមានចិត្តក្លាហានចុះ។ ព្រះដែលត្រាស់ហៅអ្នក ទ្រង់នៅតែគង់នៅក្បែរអ្នកជានិច្ច។—LISA SAMRA