
ផ្លូវនៃទុក្ខវេទនា
ដោយPeterson Amy
March 29, 2018
ក្នុងអំឡុងពេលនៃសប្តាហ៍ដ៏បរិសុទ្ធ យើងនឹកចាំអំពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង។ គេបានបណ្តើរព្រះយេស៊ូវ ទៅរកកន្លែងឆ្កាង តាមផ្លូវនៅទីក្រុងយេរូសាឡិម ដែលសព្វថ្ងៃនេះ គេហៅផ្លូវនោះជាភាសាឡាតាំងថា វីអា ដូឡូរ៉ូសា(Via Dolorosa) ដែលមានន័យថា ផ្លូវនៃទុក្ខវេទនា។ ប៉ុន្តែ អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានពិពណ៌នាថា ផ្លូវដែលព្រះយេស៊ូវបានយាងទៅរកឈើឆ្កាង មិនគ្រាន់តែជាផ្លូវនៃទុក្ខវេទនាប៉ុណ្ណោះឡើយ។ ផ្លូវនៃទុក្ខវេទនាដែលព្រះយេស៊ូវបានស្ម័គ្រព្រះទ័យ យាងទៅរកកាល់វ៉ារី បានក្លាយជា “ផ្លូវថ្មី និងផ្លូវដ៏រស់” ក្នុងព្រះវត្តមាននៃព្រះ សម្រាប់យើងរាល់គ្នា(ហេព្រើរ ១០:២០)។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលជនជាតិយូដាបានព្យាយាមចូលទៅក្នុងព្រះវត្តមាននៃព្រះ តាមរយៈការយកសត្វធ្វើយញ្ញបូជា និងដោយព្យាយាមកាន់តាមក្រឹត្យវិន័យ។ ប៉ុន្តែ ក្រឹត្យវិន័យគ្រាន់តែជា “ស្រមោល ពីសេចក្តីល្អដែលត្រូវមក” ដ្បិត “ឈាមគោឈ្មោល និងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ”(ខ.១,៤)។ ដំណើររបស់ព្រះយេស៊ូវ តាមផ្លូវទៅរកឈើឆ្កាង បាននាំទៅរកការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់។ ដោយសារការលះបង់របស់ទ្រង់ នោះយើងអាចមានភាពបរិសុទ្ធខាងវិញ្ញាណ ពេលដែលយើងទទួលជឿទ្រង់ ដើម្បីទទួលការអត់ទោសបាប។ ទោះបីជាយើងមិនអាចកាន់តាមក្រឹត្យវិន័យឲ្យបានមួយរយភាគរយក៏ដោយ ក៏យើងនៅតែអាចចូលទៅជិតព្រះ ដោយគ្មានការភ័យខ្លាច ដោយទំនុកចិត្តទាំងស្រុងថា យើងបានទទួលការស្វាគមន៍ និងក្តីស្រឡាញ់(ខ.១០,២២)។ ផ្លូវនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ បើកផ្លូវឲ្យយើងមានផ្លូវថ្មី និងផ្លូវដ៏រស់ ទៅរកព្រះ។—AMY PETERSON
បទគម្ពីរប្រចាំថ្ងៃ
យើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច។ ហេព្រើរ ១0:១០