ដោយសារការអ្វីដែលទ្រង់បានធ្វើ

អ្នកស្រី​ស៊ូសាន​ណាហ៍ សាយបឺ(Susannah Cibber) ទទួល​បាន​នូវ​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​សតវត្សរ៍​ទី​១៨ ដោយ​សារ​គាត់​មាន​អំណោយ​ទាន​ផ្នែក​ចម្រៀង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​មាន​ឈ្មោះ​ល្បី ដោយ​សារ​បញ្ហា​រឿង​អាស្រូវ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់ផង​ដែរ​។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​ដែល​គេ​យក​បទ​ច្រៀង ដែល​មាន​ចំណង​ជើង​ថា “ព្រះ​មែស៊ី” ដែល​លោក​ហេនឌែល(Handel)បាន​និពន្ធ មក​ប្រគុំ​ជា​លើក​ទី​មួយ ក្នុង​ក្រុង​ឌីប្លីន នៅ​ខែ​មេសា ឆ្នាំ១៧៤២ មាន​ទស្សនិក​ជន​ជា​ច្រើន មិន​ចង់​ឲ្យ​គាត់​ចូល​រួម​សម្តែង ជា​អ្នក​ចម្រៀង​ទោល ដែល​លេច​ធ្លោ​នោះ​ទេ។

ក្នុង​អំឡុង​ពេល​នៃ​ការ​សម្តែង​បើក​ការ​ប្រគុំ​តន្រ្តី​នៅ​ថ្ងៃ​នោះ អ្នក​ស្រី​សាយបឺ ក៏​បាន​ច្រៀង​បទ​ព្រះ​មែស៊ី​​យ៉ាង​ដូច​នេះ​ថា “ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់”(អេសាយ ៥៣:៣)។ ពាក្យ​ពេចន៍​ដែល​គាត់​បាន​ច្រៀង​នេះ បាន​ធ្វើ​ឲ្យ​លោក​គ្រូ​គង្វាល ផាទ្រីក ដេឡានី(Patrick Delany)​មាន​ការ​ប៉ះ​ពាល់​ចិត្ត បាន​ជា​គាត់​​ក្រោក​ឈរ​​ឡើង ហើយ​លាន់​មាត់​ថា “អ្នក​ស្រី​សាយបឺ ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​ស្រី​ហើយ!”

រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ទំនាក់​ទំនង​រវាង​ជីវិត​របស់​អ្នក​ស្រី​ស៊ូសានហាហ៍ សាយបឺ ជា​មួយ​នឹង​ខ្លឹម​សារ​នៃ​បទ “ព្រះមែស៊ី” របស់​លោក​ហេនឌែល ដែល​យើង​មិន​ពិបាក​នឹង​យល់​ឡើយ។ “មនុស្ស​ទូ​ទុក្ខ” គឺ​ជា​ព្រះយេស៊ូវ ដែល​ជា​ព្រះ​មែស៊ី ត្រូវ​គេ “មើលងាយ ហើយ​បោះ​បង់​ចោល” ដោយ​សារ​តែអំពើ​បាប គឺ​មិន​ខុស​ពី​អ្នក​ស្រី​សាយបឺ ដែល​ត្រូវ​គេ​ស្អប់ ដោយ​សារ​អំពើ​បាប​របស់​គាត់​នោះ​ឡើយ។ តែ​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា “ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុចរិត ដោយ​គេ​ស្គាល់​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ”(ខ.១១)។

យ៉ាង​ណា​មិញ ជីវិត​របស់​យើង​ក៏​មិន​ខុស​ពី​អ្នក​ស្រី​សាយបឺ​ឡើយ។ ទោះ​យើង​កំពុង​តែ​ឈរ ជា​មួយ​អ្នក​ស្រី​សាយ​បឺ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ដែល​ប្រកាន់​ទោស ឬ​កំពុង​តែ​ឈរ​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស ដែល​ប្រកាន់​ទោស​គេ​ក្តី ក៏យើង​រាល់​គ្នា សុទ្ធ​តែ​ចាំ​បាច់​ត្រូវ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប ហើយ​ទទួល​ការ​អត់​ទោស​បាប​ពី​ព្រះ។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​គង់​នៅ សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​ផ្សះ​ផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ​វរ​បិតា។

ដោយ​សារ​ការ​គ្រប់​យ៉ាង ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ នោះ​សូម​ឲ្យ​យើង​បាន​ទទួល​ការ​អត់​ទោស​បាប​ពី​ទ្រង់ ទោះ​យើង​ជា​នរណា​ក៏ដោយ​។—TIM GUSTAFSON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles