ការចែករំលែកនូវការកម្សាន្តចិត្ត

“ព្រះ​ទ្រង់​បាន​រៀប​ចំ ឲ្យ​អ្នក​មក​ជួប​ខ្ញុំ នៅ​យប់​នេះ!” នេះ​ជា​ពាក្យ​សម្តី​លា​គ្នា ដែល​ស្រ្តី​ម្នាក់​បាន​និយាយ​មក​កាន់​ខ្ញុំ ខណៈ​ពេល​ដែល​គាត់​កំពុង​ឈរ​នៅ​ពី​មុខ​ខ្ញុំ មុន​ពេល​យើង​ចេញ​ពី​យន្ត​ហោះ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ឈីកាហ្គោ។ គាត់​អង្គុយ​នៅ​ជួរ​កៅ​អី នៅ​ម្ខាង​ខ្ញុំ ក្នុង​យន្ត​ហោះ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ បន្ទាប់​ពី​ គាត់​បាន​ធ្វើ​ដំណើរ​ពីរ​បី​ត្រឡប់ នៅ​ថ្ងៃ​នោះ។  ខ្ញុំ​ក៏​បាន​សួរ​គាត់ ពី​មូល​ហេតុ​ដែល​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ចុះ​ឡើង លឿន​យ៉ាង​នេះ។ គាត់​ក៏​បាន​ឈ្ងោក​មុខ ហើយ​និយាយ​ថា គាត់​ទើប​តែ​បាន​នាំ​កូន​ស្រី​គាត់ ទៅ​មជ្ឈ​មណ្ឌល​កែ​ប្រែ​អ្នកញៀន​ថ្មាំ នៅ​ថ្ងៃ​នេះ។

នៅ​ពេល​បន្ទាប់​មក​ទៀត ខ្ញុំ​ក៏​បាន​ចែក​ចាយ​ដល់​គាត់ នូវ​ទី​បន្ទាល់​នៃ​ការ​ដែល​កូន​ប្រុស​ខ្ញុំ តយុទ្ធ​នឹង​ការ​ញៀន​ថ្មាំ​ហេរ៉ូអ៊ីន និង​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​ប្រោស​គាត់​ឲ្យ​រួច​ពីការ​ញៀន​ថ្នាំ។ ពេល​ដែល​គាត់​កំពុង​ស្តាប់​ខ្ញុំ​និយាយ គាត់​ក៏​បាន​ញញឹម​ទំាង​ទឹក​ភ្នែក។ បន្ទាប់​ពី​យន្ត​ហោះ​បាន​ចុះ​ដល់​ដី​ហើយ មុន​ពេល​យើង​បែក​ផ្លូវ​គ្នា យើង​ក៏​បាន​អធិស្ឋាន​ជា​មួយ​គ្នា សូម​ឲ្យ​ព្រះ​ទ្រង់​រំដោះ​កូន​ស្រី​គាត់ ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ញៀន​ថ្នាំ។

នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ២កូរិនថូស ១:៣-៤ ដែល​ក្នុង​នោះ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក។ ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ”។

មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង សុទ្ធ​តែ​ជា​អ្នក​ដែល​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ឬ​ការ​កម្សាន្ត​ចិត្ត ដែល​មាន​តែ​ព្រះ​ទេ ដែល​អាច​ប្រទាន​ឲ្យ​ពួក​គេ​បាន។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង ឈោង​ទៅ​រក​ពួក​គេ ដោយ​ក្តី​អាណឹត ដើម្បី​ចែក​រំលែក​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​បាន​ចែក​ដល់​យើង។ សូម​ព្រះ​ទ្រង់​ចាត់​យើង ឲ្យ​ទៅ​រក​មនុស្ស ដែល​ត្រូវ​ការ​ការ​កម្សាន្ត​ចិត្ត​ទ្រង់ ​នៅ​ថ្ងៃ​នេះ! —JAMES BANKS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles