កម្លាំង នៅក្នុងការឈឺចាប់

ពេល​ដែល​យុវ​ជន សេមមី(Sammy) អាយុ​១៨​ឆ្នាំ បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ ក្រុម​គ្រួសារ​គាត់​ក៏​បាន​កាត់​កាល់​គាត់​ចោល ដោយ​ប្រពៃណីយ​របស់​ពួក​គេ​បាន​ប្រកាន់​ខ្ជាប់​សាសនា​ផ្សេង។ ប៉ុន្តែ មាន​សហគមន៍​គ្រីស្ទ​បរិស័ទ​មួយ បាន​ទទួល​ស្វាគមន៍​គាត់ ដោយ​ផ្តល់​ឲ្យ​គាត់ នូវ​ការ​លើក​ទឹក​ចិត្ត និង​ធន​ធាន​ផ្នែក​ហរិញ្ញ​វត្ថុ សម្រាប់​ការ​អប់រំ​របស់​គាត់។ ក្រោយ​មក ពេល​ដែល​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ​របស់​គាត់ ត្រូវ​បាន​គេ​យក​មក​បោះពុម្ភ​ផ្សាយ នៅ​ក្នុង​ទស្សនា​វដ្តី​មួយ គាត់​ក៏​បាន​ជួប​ការ​បៀត​បៀន​កាន់​តែ​ខ្លាំង។

ប៉ុន្តែ សេមមី​មិន​បាន​ឈប់​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​គាត់​ឡើយ។ គាត់​បាន​ទៅ​លេង​ពួក​គេ ពេល​ណា​គាត់​មានឱកាស ហើយ​ក៏​បាន​និយាយ​ជា​មួយ​ឪពុក​របស់​គាត់ ទោះ​បង​ប្អួន​បង្កើត​របស់​គាត់ បាន​ព្យាយាម​រារាំង​គាត់ មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ្រួសារ​ក៏​ដោយ។ ពេល​ដែល​ឪពុក​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ សេមមី​ក៏​បាន​ទៅ​ជួយ​ថែរ​ជម្ងឺ​គាត់ ដោយ​មិន​ខ្វល់​ពី​ការ​ប្រមាថ​មើល​ងាយ​របស់​ក្រុម​គ្រួសារ​របស់​គាត់។ ក្រោយ​មក ទី​បន្ទាល់​នៃ​ការ​រស់​នៅ​ដោយ​ក្តីស្រឡាញ់​របស់​គាត់ ក៏​បាន​បន្ទន់​ឥរិយ៉ាបថ ដែល​ពួក​គេ​មាន​ចំពោះ​គាត់ ហើយ​អ្នក​ខ្លះ នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់ ក៏​មាន​ចិត្ត​ចង់​ស្តាប់​គាត់​និយាយ​អំពី​ព្រះ​យេស៊ូវ។

ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ អាច​នាំ​ឲ្យ​យើង​ជួប​ការ​លំបាក​ច្រើន។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ”(១ពេត្រុស ២:១៩)។ ពេល​យើង​ឆ្លង​កាត់​ការ​លំបាក ឬ​ទុក្ខ​វេទនា ដោយ​សារ​សេចក្តី​ជំនឿ​របស់​យើង គឺ​យើង​បាន​រងទុក្ខ​ ដោយ​សារ​ “ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់”(ខ.២១)។

សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​ដទៃ​បាន​ជេរ​ប្រមាថ​ព្រះយេស៊ូវ “នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហកកំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំជំរះ​ដោយ​សុចរិត​វិញ”(ខ.២៣)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​រង​ទុក្ខ ដល់​យើង។ យើង​អាច​ងាក​មក​រក​ទ្រង់ ដើម្បី​ទទួល​កម្លាំង សម្រាប់​បន្តរ​ដំណើរ​ទៅ​មុខ​ទៀត។—LAWRENCE DARMANI

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles