ពេលមនុស្សម្នាក់ឈឺចាប់ ទាំងអស់គ្នាឈឺចាប់

ពេល​ដែល​មិត្ត​រួម​ការងារ​ម្នាក់​បាន​ទូរស័ព្ទ​មក​សុំ​ច្បាប់ ពេល​គាត់​មាន​ជម្ងឺ ដោយសារ​ការ​ឈឺ​ចាប់​ជា​ពន់​ពេក​ ម្នាក់​ៗ​នៅការិយ៉ា​ល័យ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​គាត់។ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ ហើយ​សម្រាក​នៅ​លើ​គ្រែ​បាន​មួយ​ថ្ងៃ គាត់​ក៏​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ ហើយ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា គ្រួស​ក្នុង​តម្រង​នោម គឺ​ជា​ប្រភព​នៃការ​ឈឺ​ចាប់​របស់​គាត់។ ពេល​ខ្ញុំ​ឃើញ​រូប​ថត​គ្រួស​នោះ ខ្ញុំ​ក៏​បាន​ជ្រួញ​ចិញ្ចើម ដោយ​ចិត្ត​អាណឹត ទាំង​នឹក​ចាំ​អំពី​គ្រួស​ក្នុង​ប្រម៉ាត់ ដែល​ខ្ញុំ​មាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ កាល​នោះ ខ្ញុំ​ក៏​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក​ផង​ដែរ។

តើ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឬ​ទេ ដែល​របស់​ដ៏​តូច​មួយ​ អាច​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​មាន​ការ​ឈឺ​ចាប់​យ៉ាង​នេះ? ប៉ុន្តែ នេះ​ជា​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់​ក្នុង​បទ​គម្ពីរ​១កូរិនថូស ១២:២៦ ថា “បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា”។ ក្នុង​ជំពូក​១២ ទាំង​មូល សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច អំពី​រូប​កាយ​មួយ ដើម្បី​ពិពណ៌នា អំពី​គ្រីស្ទ​បរិស័ទ នៅ​ទូទាំង​ពិភព​លោក។ ពេល​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​បាន​ផ្សំ​រូបកាយ”(ខ.២៤) គឺ​គាត់​កំពុង​និយាយ​សំដៅ​រូប​កាយ​ទាំង​មូល​នៃ​ព្រះ​គ្រីស្ទ ដែល​រាប់​បញ្ចូល​គ្រីស្ទ​បរិស័ទ​ទាំង​អស់។ យើង​រាល់​គ្នា​មាន​អំណោយ​ទាន និង​តួនាទី​ខុស​ៗ​គ្នា។ ប៉ុន្តែ ដោយសារ​យើង​រាល់​គ្នា​សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​រូប​កាយ​តែ​មួយ បើ​មនុស្ស​ម្នាក់​ឈឺ​ចាប់ គឺ​យើង​ឈឺ​ចាប់​ទាំង​អស់​គ្នា។ ពេល​ដែល​បង​ប្អូន​រួម​ជំនឿ​ម្នាក់​ទទួល​រង​ការ​បៀត​បៀន មាន​ទុក្ខ​សោក ឬ​ទុក្ខ​លំបាក យើង​ក៏​មាន​អារម្មណ៍​ឈឺ​ចាប់ គឺ​ហាក់​ដូច​ជា​កំពុង​តែ​ឆ្លង​កាត់​ទុក្ខ​លំបាក​នោះ​ដោយ​ផ្ទាល់​ដែរ។

ការ​ឈឺ​ចាប់​របស់​មិត្ត​រួម​ការងារ​របស់​ខ្ញុំ បាន​នាំ​ឲ្យ​គាត់​ទទួល​ជំនួយ ដែល​រូប​កាយ​គាត់​ត្រូវ​ការ។ ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ការ​ឈឺ​ចាប់​របស់​នរណា​ម្នាក់ បញ្ឈះ​យើង​ឲ្យ​មាន​ចិត្ត​អាណិត ហើយ​ធ្វើ​អ្វី​មួយ​សម្រាប់​គាត់។ យើង​អាច​អធិ​ស្ឋាន​ឲ្យ​គាត់ ផ្តល់​ឲ្យ​នូវ​ពាក្យ​លើក​ទឹក​ចិត្ត ឬ​ធ្វើ​អ្វី​មួយ ដែល​ជួយ​ដល់​ដំណើរ​ការ​នៃ​ការ​ប្រោស​ឲ្យ​ជា។ នេះ​ហើយ​ជា​របៀប​ដែល​រូប​កាយ​ព្រះ​គ្រីស្ទ​ធ្វើ​ការ​រួម​គ្នា។—LINDA WASHINGTON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles