ទោះទៅទីណាក៏ដោយ

ពេល​ដែល​ខ្ញុំ​កំពុង​បើក​ទំព័រ​អាល់​ប៊ុម​រូប​ថត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ ម្រាម​ដៃ​របស់​ខ្ញុំ​ក៏​បាន​ឈប់​បើក នៅ​ត្រង់​រូប​ថត​ខ្ញុំ​ថត​ជា​មួយ​​ស្វាមី​របស់​ខ្ញុំ ដែល​កាល​នោះ យើង​ទើប​តែ​បាន​ទទួល​ការ​ប្រកាស​ជា​ប្តី​និង​ប្រពន្ធ។ កាល​នោះ ខ្ញុំ​បាន​បង្ហាញ​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ យ៉ាង​ច្បាស់​លាស់​ចំពោះ​គាត់។ ខ្ញុំ​ព្រម​ទៅ​ជា​មួយ​គាត់ ទោះ​គាត់​នាំ​ខ្ញុំ​ទៅ​ទី​ណា​ក៏​ដោយ

ជិត​៤​ទសវត្សរ៍​ក្រោយ​មក ទំនាក់​ទំនង​ប្តី​ប្រពន្ធ​យើង ក៏​បាន​ចង​ភ្ជាប់​គ្នា​យ៉ាង​ជាប់ ដោយ​ចំណង​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​ប្តេជ្ញា​ចិត្ត ដែល​បាន​ចម្លង​យើង ឲ្យ​ឆ្លង​កាត់​ពេល​ដែល​យើង​ជួប​រឿង​អាក្រក់ និង​ពេល​ដែល​យើង​ជួប​រឿង​ល្អ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ថា ខ្ញុំ​ព្រម​ទៅ​ជា​មួយ​គាត់ ទោះ​គាត់​នាំ​ខ្ញុំ​ទៅ​ទីណា​ក៏​ដោយ

ក្នុង​បទ​គម្ពីរ​យេរេមា ២:២ ព្រះ​ទ្រង់​បាន​នឹក​ចាំ អំពី​រាស្រ្ត​អ៊ីស្រាអែល ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ដែល​បាន​ដើរ​ផ្លូវ​ខុស។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្តី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោស្ថាន”។ ចំពោះ​ពាក្យ ចិត្ត​គួច ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ​ដែល​សំដៅ​ទៅ​លើ ភាព​ស្មោះ​ត្រង់ និង​ការ​ប្តេជ្ញា​ចិត្ត ក្នុង​កំរិត​ខ្ពស់​បំផុត ​ដែល​អាច​ធ្វើ​ទៅ​បាន។ ពី​ដំបូង ពួក​អ៊ីស្រាអែល​បាន​បង្ហាញ​ចេញ​នូវ​ការ​ប្តូរ​ផ្តាច់​ឥត​ងាក​រេ​ ចំពោះ​ព្រះ ប៉ុន្តែ ក្រោយ​មក ​ពួក​គេ​ក៏​បាន​ងាក​បែរ​ចេញ​ពី​ទ្រង់​បន្តិច​ម្តង​ៗ​។

ពួក​គេ​មាន​ការ​ប្តូរ​ផ្តាច់​ដ៏​មុត​មាំ នៅ​គ្រា​ដំបូង ប៉ុន្តែ ការ​សប្បាយ​ភ្លេច​ខ្លួន បាន​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​មាន​ការ​រីក​រិល​ទៅ​ៗ ហើយ​ការ​ខ្វះ​ការ​ប្រឹង​ប្រែង​ក៏​បាន​នាំ​ឲ្យ​ពួក​គេ មាន​ភាព​មិន​ស្មោះ​ត្រង់។ យ៉ាង​ណា​មិញ ទំនាក់​ទំនង​ប្តី​ប្រពន្ធ ក៏​ត្រូវ​មាន​ការ​ប្រយ័ត្ន​ គឺ​ត្រូវ​ជៀស​វាង​ការ​ចុះ​ខ្សោយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ផង​ដែរ។ ចុះ​ចំណែក​ឯ​ការ​ប្តេជ្ញា​ចិត្ត  នៅ​ក្នុង​ទំនាក់​ទំនង​នៃ​សេចក្តី​ស្រឡាញ់ ដែល​យើង​មាន​ជា​មួយ​ព្រះ​វិញ? តើ​យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ទ្រង់​ក្នុង​ពេលបច្ចុប្បន្ន ដូច​កាល​យើង​ទើប​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ជា​លើក​ដំបូង​ដែរ​ឬ​ទេ?

ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់ ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​រាស្រ្ត​ទ្រង់​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ(៣:១៤-១៥)។ សព្វ​ថ្ងៃ​នេះ យើង​នៅ​តែ​អាច​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ថា នឹង​ទៅ​តាម​ទ្រង់​គ្រប់​ទីកន្លែង។—ELISA MORGAN

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles