លោកម៉ាលខម មូហ្គើរិជ(Malcolm Muggeridge) ដែលជាអ្នកកាសែតអង់គ្លេសដ៏ល្បីល្បាញ និងជាអ្នករិះគន់សង្គម បានទទួលជឿព្រះគ្រីស្ទ នៅពេលគាត់មានអាយុ៦០ឆ្នាំ។ នៅថ្ងៃខួបកំណើតគំរប់អាយុ៧០ឆ្នាំ គាត់បានផ្តល់ឲ្យនូវការសង្កេតមើល២៥ចំណុច ដោយការយល់ដឹងខ្ពស់អំពីជីវិត។ មានមតិមួយពោលថា “ខ្ញុំមិនដែលជួបអ្នកមានណាម្នាក់ ដែលសប្បាយចិត្តឡើយ ប៉ុន្តែ ខ្ញុំកម្រនឹងជួបអ្នកក្រណាម្នាក់ ដែលមិនដែលចង់ក្លាយជាអ្នកមាន”។
មនុស្សភាគច្រើនយល់ថា លុយមិនអាចធ្វើឲ្យយើងសប្បាយចិត្តបានឡើយ ប៉ុន្តែ យើងប្រហែលជាចង់មានលុយកាន់តែច្រើនថែមទៀត ដើម្បីកុំឲ្យខ្វះ។
ស្តេចសាឡូម៉ូន មានទ្រព្យសម្បត្តិច្រើនលើសលប់ គឺលើសទឹកប្រាក់ ២ទ្រីលាន ដុល្លាអាមេរិកសព្វថ្ងៃ។ ទោះទ្រង់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះក៏ដោយ ក៏ទ្រង់ជ្រាបថា លុយមានដែនកំណត់របស់វា។ បទគម្ពីរសុភាសិត ជំពូក៨ ត្រូវបាននិពន្ធ ដោយផ្អែកទៅលើបទពិសោធន៍របស់ទ្រង់ ហើយបានផ្តល់ឲ្យនូវការប្រកាសហៅរបស់ប្រាជ្ញារបស់ព្រះ។ សម្លេងរបស់ប្រាជ្ញានៃព្រះក៏ហៅរកដល់អស់មនុស្សជាតិ … មាត់របស់ប្រាជ្ញាទ្រង់ក៏ពោលសេចក្តីពិត(ខ.៤-៧)។ “ស៊ូទទួលយកដំបូន្មានរបស់ប្រាជ្ញានៃព្រះ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញារបស់ទ្រង់ប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង”(ខ.១០-១១)។
ប្រាជ្ញារបស់ព្រះមានបន្ទូលថា “ផលដែលកើតពីអញ នោះវិសេសជាងមាស អើ ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកំរៃរបស់អញជាជាងប្រាក់យ៉ាងវិសេសបំផុត។ អញដើរក្នុងផ្លូវនៃសេចក្តីសុចរិត គឺនៅកណ្តាលផ្លូវច្រកនៃសេចក្តីយុត្តិធម៌”(ខ.១៩-២០)។
ការមានប្រាជ្ញា គឺជាការមានទ្រព្យសម្បត្តិដ៏ពិត។—DAVID C. MCCASLAND