មានពេលមួយ ភរិយាខ្ញុំបានទូរស័ព្ទប្រាប់ខ្ញុំថា មានសត្វស្វាមួយក្បាល នៅក្នុងទីធ្លាផ្ទះយើង! នាងក៏បានបន្តបើកទូរស័ព្ទ ដើម្បីឲ្យខ្ញុំអាចស្តាប់ឮសម្លេងវា។ ជាការពិតណាស់ ស្តាប់មើលទៅ ដូចជាសម្លេងសត្វស្វាមួយក្បាលមែន។ តែវាចម្លែក ព្រោះសត្វស្វាព្រៃ មាននៅតំបន់ ដែលនៅឆ្ងាយពីយើង ប្រហែល៣២០០គឺឡូម៉ែត្រ។
ក្រោយមក ឪពុកក្មេកខ្ញុំក៏បានបំបាត់ចម្ងល់របស់យើង។ គាត់បានពន្យល់ថា តាមពិត វាគឺជាសត្វទីទុយពូជធំ ដែលចូលចិត្តយំ។ ដូចនេះ ការពិត មិនដូចជាអ្វីដែលយើងស្មានឡើយ។
ពេលដែលកងទ័ពរបស់ស្តេចសានហេរីប បានលោមព័ទស្តេចហេសេគានៃនគរយូដា ឲ្យជាប់នៅក្នុងកំផែងក្រុង ពួកសាសន៍អាសស៊ើរគិតថា ខ្លួនមានជ័យជម្នះហើយ។ ប៉ុន្តែ ការពិត មិនដូចជាអ្វីដែលពួកគេស្មានឡើយ។ ទោះបីជាមេទ័ពរបស់សាសន៍អាសស៊ើបានប្រើពាក្យសម្តីយ៉ាងប៉ិនប្រសប់ ហើយតាំងខ្លួនជាអ្នកនាំព្រះរាជសាររបស់ព្រះក៏ដោយ ក៏ព្រះអម្ចាស់ទ្រង់នៅតែឃុំគ្រងរាស្រ្តទ្រង់ ដោយព្រះហស្តទ្រង់។
គឺដូចដែលមេទ័ពនោះបានសួរថា “តើអញបានឡើងមក ដើម្បីច្បាំងបំផ្លាញទីនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានព្រះបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ”(២ពង្សាតាក្សត្រ ១៨:២៥)។ ហើយគាត់ថែមទាំងបានប្រាប់ពួកគេថា គាត់ចង់ឲ្យពួកគេបានរស់នៅ ឥតស្លាប់ឡើយ(ខ.៣២)។
ស្តាប់សម្តីរបស់គាត់ទៅ ដូចជាព្រះរាជសារបស់ព្រះ។ ប៉ុន្តែ ហោរាអេសាយក៏បានប្រាប់ព្រះបន្ទូលដ៏ពិតរបស់ព្រះអម្ចាស់ ដល់ពួកអ៊ីស្រាអែលថា ព្រះអម្ចាស់បានមានបន្ទូលថា ស្តេចសានហេរីបនឹងមិនបានចូលក្នុងទីក្រុង ឬបាញ់ព្រួញសូម្បីតែមួយគ្រាប់នៅទីនេះឡើយ ព្រោះព្រះអម្ចាស់ នឹងការពារ ហើយសង្រ្គោះទីក្រុងនេះ(១៩:៣២-៣៤ អេសាយ ៣៧:៣៥)។ នៅពេលយប់នោះ “ទេវតានៃព្រះអម្ចាស់” ក៏បានបំផ្លាញកងទ័ពរបស់សាសន៍អាសស៊ី(ខ.៣៥)។
ពីពេលមួយទៅពេលមួយ យើងនឹងជួបមនុស្សដែលចេះនិយាយយ៉ាងប៉ិនប្រសប់ ក្នុង “ការប្រឹក្សាយោបល់” តែទន្ទឹមនឹងនោះ គេមិនបានទទួលស្គាល់អំណាចចេស្តារបស់ព្រះទេ។ ព្រះទ្រង់មិនបានមានបន្ទូលតាមរយៈមនុស្សប្រភេទនោះទេ។ ទ្រង់មានបន្ទូលមកកាន់យើង តាមរយៈព្រះគម្ពីរបរិសុទ្ធ។ ទ្រង់ដឹកនាំយើង តាមរយៈព្រះវិញ្ញាណទ្រង់។ ព្រះហស្តទ្រង់ក៏បានឃុំគ្រង អ្នកដែលដើរតាមទ្រង់ ហើយទ្រង់នឹងមិនបោះបង់យើងចោលឡើយ។—TIM GUSTAFSON