
សហគមន៍ថ្មី
ដោយLinda Washington
May 19, 2018
ម៉ៃចា(Maija)កូនស្រីរបស់លោកខារី(Carries) ដែលជាមិត្តភក្តិរបស់ខ្ញុំ មានអាយុ៥ឆ្នាំ មានរបៀបលេងដែលគួរឲ្យចាប់អារម្មណ៍ នៅពេលលេងកម្សាន្ត។ នាងចូលចិត្តយកតុក្កតាប្រភេទខុសៗគ្នាមកដាក់ចម្រុះគ្នា ដើម្បីបង្កើតជាសហគមន៍ថ្មីមួយ។ នៅក្នុងពិភពនៃក្តីស្រមៃរបស់នាង អ្វីៗស្ថិតនៅរួមគ្នា ក្នុងក្រុមតែមួយ។ តុក្កតារបស់នាង គឺជាប្រជាជនរបស់នាង។ នាងជឿថា ពួកគេមានភាពសប្បាយរីករាយបំផុត ពេលដែលពួកគេនៅជាមួយគ្នា ទោះពួកគេមានទំហំ និងរូបរាង្គខុសគ្នាក៏ដោយ។ ភាពប៉ិនប្រសប់របស់នាង បានរំឭកខ្ញុំ អំពីបំណងព្រះទ័យ ដែលព្រះទ្រង់មាន សម្រាប់ពួកជំនុំទ្រង់។ នៅថ្ងៃបុណ្យទី៥០ “នៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ”(កិច្ចការ ២:៥)។ ទោះពួកគេមកពីកន្លែងដែលមានវប្បធម៌ និងភាសាផ្សេងគ្នាក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក ធ្វើឲ្យពួកគេក្លាយជាសហគមន៍ថ្មីមួយ ដែលជាពួកជំនុំ។ ចាប់តាំងពីពេលនោះមក ពួកគេក៏ត្រូវបានចាត់ទុកជារូបកាយតែមួយ ដែលបានបង្រួបបង្រួម ដោយការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ។ អ្នកដឹកនាំនៃរូបកាយថ្មីនេះ គឺជាបុរសមួយក្រុម ដែលព្រះយេស៊ូវបានប្រមូលឲ្យដើរតាមទ្រង់ជាមួយគ្នា ក្នុងអំឡុងពេលទ្រង់បំពេញបេសកកម្មនៅលើផែនដី។ ពួកគេជាសាវ័ករបស់ទ្រង់។ ហើយនៅថ្ងៃបុណ្យទី៥០ មានមនុស្សកាន់តែច្រើនថែមទៀត គឺប្រហែល ៣ពាន់នាក់(២:៤១) បានក្លាយជាអ្នកដើរតាមព្រះគ្រីស្ទ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ក្រុមមនុស្សដែលមិនធ្លាប់រួបរួមគ្នា ក៏បាននៅជាមួយគ្នា ហើយ “មានរបស់ទាំងអស់នៅមូលព្រមគ្នា”(ខ.៤៤)។ ពួកគេស្ម័គ្រចិត្តចែករំលែក អ្វីដែលពួកគេមាន ដល់គ្នាទៅវិញទៅមក។ ព្រះវិញ្ញាណបរិសុទ្ធបានបន្តតភ្ជាប់ចន្លោះ ដែលនៅមានក្នុងចំណោមក្រុមមនុស្សទាំងនោះ។ យើងប្រហែលជាមិនចុះសម្រុងនឹងគ្នា ឬយល់ចិត្តគ្នាជានិច្ចឡើយ។ ប៉ុន្តែ ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ យើងនៅក្នុងក្រុមតែមួយ។ —LINDA WASHINGTON
បទគម្ពីរប្រចាំថ្ងៃ
ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា។-កិច្ចការ ២:៤៤