ការអធិស្ឋានសូមការអត់ទោស

កាល​ពី​ឆ្នាំ​១៩៦០ កុមារ រូប៊ី ប្រ៊ីជ(Ruby Bridges) អាយុ​៦​ឆ្នាំ បាន​ក្លាយ​ជា​ក្មេង​អាមេរិក​ស្បែក​ខ្មៅ​ទី​មួយ ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល នៅ​ក្នុង​សាលា​បឋម​សិក្សា​របស់​រដ្ឋ ដែល​គេ​បាន​បើក​សម្រាប់​តែ​សាសន៍​ស្បែក​សរ នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក។ ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​ជា​ច្រើន​ខែ មន្ត្រី​ប៉ូលីស​ជូន​រូប៊ី​ទៅ​សាលា ដោយ​ដើរ​កាត់​ឪពុក​ម្តាយ​របស់​សិស្ស​ស្បែក​សរ ដែល​កំពុង​តែ​ផ្តុំ​គ្នា​ទាំង​កំហឹង ទាំង​ស្រែក​ជេរ​ប្រទិច គំរាម​កំហែង និង​ប្រមាថ​មើល​ងាយ​នាង​។ នាង​ក៏​បាន​ចូល​អង្គុយ​ដោយ​សុវត្ថិ​ភាព នៅ​ក្នុង​ថ្នាក់ ដែល​បង្រៀន​ដោយ​អ្នក​គ្រូ​បាបារ៉ា ហេនរី(Barbara Henry)​ដែល​បាន​ស្ម័គ្រ​ចិត្ត​បង្រៀន​នាង ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ​បាន​រារាំង​មិន​ឲ្យ​កូន​ខ្លួន ទៅ​រៀន​ជា​មួយ​រូប៊ី។

លោក​រ៉ូបឺត ខូល(Robert Coles) ដែល​ជា​អ្នក​ចិត្ត​សាស្រ្ត​កុមារ​ដ៏​ល្បី បាន​ជួប​ជា​មួយ​រូប៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដើម្បី​ជួយ​នាង ឲ្យ​ជម្នះ​ការ​ភ័យ​ខ្លាច និង​ភាព​តប់​ប្រមល់ ដែល​នាង​បាន​ជួប​ប្រទះ ដោយ​សារ​ការ​រើស​អើង​នោះ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខណៈ​ដែល​នាង​ដើរ​ទៅ​សាលា និង​ត្រឡប់​មក​ផ្ទះ​វិញ នាង​តែង​តែ​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(លូកា ២៣:៣៤)។

ការ​អធិស្ឋាន​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពីព្រះ​បន្ទូល ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ឡើង នៅ​លើ​ឈើ​ឆ្កាង ដែល​ខ្លាំង​ជាង​សេចក្តី​កំហឹង និង​ការ​ជេរ​ប្រមាថ ដែល​គេ​បាន​ជះ​មក​លើ​ទ្រង់។ នៅ​ក្នុង​ពេល​ដែល​ឈឺ​ចាប់​បំផុត ក្នុង​ព្រះ​ជន្ម​ទ្រង់ ព្រះ​អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ចេញ​នូវ​ការ​ឆ្លើយ​តប​ខុស​ពី​ធម្មតា ដោយបន្លឺឡើងថា “ឱព្រះអង្គអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”។ កាល​ពី​មុន ​ទ្រង់​ក៏​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ផង​ដែរ​​ថា “ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក … ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តាករុណា ដូច​ជា​ព្រះវរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា​ដែរ”(លូកា ៦:២៧-២៨,៣៦)។

ការ​ឆ្លើយ​តប​ដ៏​គួរ​ឲ្យ​កត់​សំគាល់​នេះ គឺ​អាច​ធ្វើ​ទៅ​បាន ទាល់​តែ​យើង​ពិចារណា អំពី​សេចក្តី​ស្រឡាញ់​ដ៏​មាន​អំណាច ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​យើង គឺ​សេចក្តី​ស្រឡាញ់ ដែល​ខ្លាំង​ជាង​សេចក្តី​សម្អប់​ដែល​អាក្រក់​បំផុត។—DAVID C. MCCASLAND

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles