បុគ្គលិកធនាគារម្នាក់បានបិទរូបឡានសេលប៊ី ខូប្រា(Shelby Cobra) នៅលើបង្អួចបន្ទប់ធ្វើការរបស់គាត់។(ឡានម៉ាកខូប្រា ជារថយន្តដែលបំពេញមុខងារខ្ពស់ ដែលក្រុមហ៊ុន ហ្វ៊ត ម៉ូតូ បានផលិត)។
ថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងបំពេញមុខជំនួញ នៅធនាគារនោះ ខ្ញុំក៏បានសួរគាត់ថា តើឡាននៅក្នុងរូបថតនោះ ជាឡានរបស់គាត់ឬ? គាត់ក៏បានប្រាប់ខ្ញុំថា វាមិនមែនជាឡានរបស់គាត់ទេ។ វាជាសេចក្តីប្រាថ្នារបស់គាត។ វាជាមូលហេតុដែលគាត់ក្រោកពីគេង ទៅធ្វើការជារៀងរាល់ពេលព្រឹក។ គាត់នឹងមានលុយទិញឡានខូប្រាមួយគ្រឿង នៅថ្ងៃណាមួយ។
ខ្ញុំយល់អំពីសេចក្តីប្រាថ្នារបស់គាត់។ មិត្តភក្តិរបស់ខ្ញុំម្នាក់ មានឡានខូប្រាមួយគ្រឿង ហើយខ្ញុំក៏ធ្លាប់បានបើកវាម្តងដែរ។ វាមានម៉ាស៊ីនខ្លាំង! ប៉ុន្តែ វាមិនសក្តិសមនឹងឲ្យយើងរស់នៅដើម្បីវាឡើយ។ និយាយរួម របស់អ្វីផ្សេងទៀត ក្នុងពិភពលោកនេះ ក៏អញ្ចឹងដែរ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “អ្នកដែលទុកចិត្តលើរបស់អ្វី ក្រៅពីព្រះជាម្ចាស់ នឹងត្រូវឱន ហើយដួលចុះ”(ទំនុកដំកើង ២០:៨)។
ពីព្រោះព្រះទ្រង់បានបង្កើតយើងមក សម្រាប់ព្រះអង្គទ្រង់ គឺមិនមែនសម្រាប់ការអ្វីផ្សេងទៀតឡើយ។ នេះជាសេចក្តីពិត ដែលយើងត្រូវប្រកាន់ខ្ជាប់ ដើម្បីឆែកពិនិត្យមើលអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ។ យើងប្រហែលជាទិញរបស់អ្វីមួយ ដោយសារយើងគិតថា វានឹងធ្វើឲ្យយើងសប្បាយចិត្ត ប៉ុន្តែ ដូចក្មេងតូចម្នាក់ ដែលបានទទួលអំណោយបុណ្យណូអែលមួយឡូ យើងចាំបាច់ត្រូវសួរខ្លួនឯងថា “តើយើងមានហេតុផលតែប៉ុណ្ណេះទេឬ?” យើងបានមើលរំលងចំណុចមួយនេះ។
គ្មានរបស់អ្វីមួយ ដែលលោកិយនេះអាចផ្តល់ឲ្យយើង ដែលធ្វើឲ្យយើងស្កប់ចិត្តបានឡើយ សូម្បីតែរបស់ល្អទាំងអស់ក្នុងលោកិយនេះ នៅតែមិនអាចធ្វើឲ្យយើងស្កប់ចិត្ត។ របស់ទាំងអស់នោះ ផ្តល់ឲ្យយើងនូវភាពសប្បាយរីករាយ តែមួយរយៈពេល(១យ៉ូហាន ២:១៧)។ លោកស៊ី អេស លូអ៊ីស(C. S. Lewis)បានសន្និដ្ឋានថា ជាការពិតណាស់ “ព្រះទ្រង់មិនប្រទានឲ្យយើង នូវសុភមង្គល និងសន្តិភាព ដែលនៅក្រៅព្រះអង្គទ្រង់ឡើយ”។ និយាយរួម សុភមង្គល និងសន្តិភាពដ៏ពិត មិនមានក្នុងលោកិយនេះទេ គឺអាចរកបានតែនៅក្នុងទ្រង់ប៉ុណ្ណោះ។—DAVID H. ROPER