មានពេលមួយ កូនប្រុសខ្ញុំសួរថា “ហេតុអ្វីបានជាយើងត្រូវចាកចេញពីផ្ទះយើង ហើយផ្លាស់ទៅនៅកន្លែងផ្សេង?” ស្ថិតក្នុងពេលនោះ ខ្ញុំត្រូវពន្យល់ប្រាប់គាត់ថា យើងចាកចេញពីផ្ទះយើង តែមិនមែនចាកចេញពីផ្ទះដ៏កក់ក្តៅរបស់យើងទេ។ ក្នុងផ្ទះដ៏កក់ក្តៅរបស់យើង គឺជាកន្លែងដែលមានមនុស្សជាទីស្រឡាញ់របស់យើង។ វាជាកន្លែងដែលយើងចង់វិលត្រឡប់មករក បន្ទាប់ពីយើងបានធ្វើដំណើរដ៏វែងឆ្ងាយ ឬបន្ទាប់ពីការធ្វើការពេញមួយថ្ងៃ។
ពេលដែលព្រះយេស៊ូវ គង់នៅបន្ទប់ខាងលើ មុនពេលទ្រង់សុគត នៅពេលប៉ុន្មានក្រោយមកទៀត ទ្រង់បានប្រាប់ពួកសិស្សទ្រង់ថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ”(យ៉ូហាន ១៤:១)។ ពួកសាវ័កមិនដឹងច្បាស់ អំពីអនាគតរបស់ខ្លួន ព្រោះព្រះយេស៊ូវបានថ្លែងទំនាយ អំពីការសុគតរបស់ទ្រង់។ ប៉ុន្តែ ព្រះយេស៊ូវបានធានាដល់ពួកគេ អំពីព្រះវត្តមានទ្រង់ ហើយបានរំឭកពួកគេថា ពួកគេនឹងបានជួបទ្រង់ទៀត។ គឺដូចដែលទ្រង់បានប្រាប់ពួកគេថា “នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(ខ.២)។ ទ្រង់អាចប្រើពាក្យផ្សេងទៀត ដើម្បីពិពណ៌នា អំពីនគរស្ថានសួគ៌។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់បានជ្រើសរើសពាក្យ ដែលពិពណ៌នា អំពីកន្លែងដែលព្រះដែលយើងស្រឡាញ់ គង់នៅ គឺព្រះអម្ចាស់ យេស៊ូវគ្រីស្ទ។
លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានពិពណ៌នាក្នុងសៀវភៅរបស់គាត់ថា “ព្រះវរបិតាយើង ប្រទានពរឲ្យយើងមានភាពស្រស់ស្រាយ នៅក្នុងដំណើរជីវិតយើង ដោយឲ្យយើងមានផ្ទះសំណាក់ដ៏ល្អ សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែ ទ្រង់មិនលើកទឹកចិត្តយើង ឲ្យគិតថា ផ្ទះសំណាក់នោះ ជាផ្ទះដ៏ពិតរបស់យើងឡើង”។ យើងអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់ “ផ្ទះសំណាក់ដ៏ល្អ” ក្នុងដំណើរជីវិតយើង ប៉ុន្តៃ សូមយើងចាំថា ផ្ទះពិតរបស់យើង នៅក្នុងនរគស្ថានសួគ៌ ជាកន្លែងដែលយើងនឹងបាន “ទៅនៅជាមួយព្រះអម្ចាស់ជារៀងរហូត”(១ថែស្សាឡូនិច ៤:១៧)។—KEILA OCHOA