នៅតែមានសេចក្តីសង្ឃឹម

ក្នុង​ចំណោម​អត្ថ​បទ​រាប់​រយ ដែល​ខ្ញុំ​បាន​និពន្ធ សម្រាប់​សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ចាប់​តាំង​ពី​ឆ្នាំ ១៩៨៨ មាន​អត្ថ​បទ​តិច​ទេ ដែល​នៅ​ដក់​ជាប់​ក្នុង​គំនិត​ខ្ញុំ។ ដែល​ក្នុង​នោះ មាន​ដូច​ជា​អត្ថ​បទ ដែល​និយាយ​អំពី​កាល​ដែល កូន​ស្រី​ទាំង​ពីរ ​របស់​ខ្ញុំ និង​ម្តាយ​របស់​ពួក​គេ បាន​ចេញ​ទៅ​បោះ​ជំរុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ ឬ​កំពុង​ធ្វើ​ដំណើរ​បេសក​កម្ម នៅ​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ហើយ​ខ្ញុំ ក៏​បាន​នៅ​ផ្ទះ​តែ​ពីរ​នាក់ ជា​មួយ​ស្ទីវ(Steve) កូន​ប្រុស​ខ្ញុំ ដែល​មាន​អាយុ​៦​ឆ្នាំ​នៅ​ឡើយ។

ខណៈ​ពេល​ដែល​យើង​កំពុង​តែ​អរ​សប្បាយ​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​អាកាស​យាន្ត​ដ្ឋាន ស្ទីវ​ក៏​បាន​ងាក​មក​ខ្ញុំ រួច​និយាយ​ថា “បង​មែលីស្សា​អត់​នៅ​ចឹង ដូច​មិន​សូវ​សប្បាយ​ទេ”។ មែលីស្សា​ជា​បង​ស្រី​អាយុ​៨​ឆ្នាំ​របស់​គាត់ ដែល​បាន​ជួយ​គាត់​ជា​ច្រើន។​ កាល​នោះ យើង​ទំាង​ពីរ​នាក់ មិន​បាន​ដឹង​ទេ​ថា ពាក្យ​សម្តី​នេះ នឹង​មាន​ន័យ​ចាក់​ដោត​ចិត្ត​យើង​យ៉ាង​ណា​នៅ​ពេល​ក្រោយ​មក​ទៀត។ ជា​ការ​ពិត​ណាស់ ក្រោយ​មក ការ​រស់​នៅ​របស់​យើង “មិន​សប្បាយ​ដូច​មុន” អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ បន្ទាប់​ពី​មែលីស្សា​បាន​លា​ចាក​លោក​ទៅ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ពេល​នាង​ស្ថិត​ក្នុង​វ័យ​ជំទង់។ ពេល​វេលា​ដែល​បាន​កន្លង​ផុត​ទៅ អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​របស់​យើង​ថយ​ចុះ ប៉ុន្តែ គ្មាន​អ្វី​ដក​ការ​ឈឺ​ចាប់​ចេញ​ពី​យើង​ទាំង​ស្រុង​ឡើយ។ ពេល​វេលា​មិន​អាច​ព្យាបាល​របួស​ក្នុង​ចិត្ត​បាន​ឡើយ។ ប៉ុន្តែ យើង​អាច​ព្យាបាល​របួស​នោះ​បាន ដោយ​ស្តាប់​ព្រះ​បន្ទូល​សន្យា​ដ៏​កម្សាន្ត​ចិត្ត ហើយ​យក​មក​ជញ្ជឹង​គិត និង​ក្រេប​យក ដាក់​ក្នុង​ចិត្ត​យើង។

ចូរ​យើង​ស្តាប់ ដោយ​ដឹង​ថា“កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ”(បរិទេវ ៣:២២)។

ចូរយើង​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ទ្រង់ “ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​យើង ដោយ​កំបាំង​នៅ​ក្នុង​ពន្លា​ទ្រង់”(ទំនុកដំកើង ២៧:៥)។

ចូរ​យើង​ក្រេប​យក ដាក់​ក្នុង​ចិត្ត​យើង  ដូច​ដែល​មាន​សេចក្តី​ចែង​ថា “នេះ​ហើយ​ជា​សេចក្តី​កំសាន្ត​ចិត្ត​ដល់​ទូលបង្គំ ក្នុង​វេលា​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះបន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង”(ទំនុកដំកើង ១១៩:៥០)។

ជីវិត​របស់​យើង​មិន​អាច​ដូច​មុន​ទៀត​ឡើយ ពេល​ដែល​មនុស្ស​ដែល​យើង​ស្រឡាញ់ បាន​ស្លាប់​ចោល​យើង។ ប៉ុន្តែ ព្រះ​បន្ទូល​សន្យា​របស់​ព្រះ នាំ​មក​នូវ​សេចក្តី​សង្ឃឹម និង​ការ​កម្សាន្ត​ចិត្ត។—DAVE BRANON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles