ការបម្រើដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន

មាន​មនុស្ស​មួយ​ក្រុម​តូច កំពុង​តែ​ឈរ​ផ្តុំ​គ្នា តែ​មើល​ទៅ នៅ​ឃើញ​តូច បើ​ធៀប​នឹង​ដើម​ឈើ​ដ៏​ធំ​មួយ​ដើម កំពុង​តែដេក​ដួល​នៅ​ក្នុង​ទីធ្លា​ផ្ទះ។ ដូន​ចាស់​ម្នាក់​កំពុង​ឈរ​ទប់​ខ្លួន នឹង​ឈើ​ច្រត់ ក៏​បាន​រៀបរាប់​អំពី​ហេតុ​ការណ៍ ដែល​គាត់​បាន​មើល​ឃើញ​ខ្យល់​ព្យុះ​កាល​ពី​ពេល​យប់​ម្សិល​មិញ បក់​បោក​មក​លើ ដើម​អ៊ែម​ដ៏​ធំ​សម្បើម​របស់​គាត់ ធ្វើ​ឲ្យ​វា​ដួល​រលំ​។ គាត់​ក៏​បាន​និយាយ​បន្ត​ទៀត ដោយ​សម្លេង​អួល​ដើម​ករ​ថា អ្វី​ដែល​អាក្រក់​បំផុត​នោះ គឺ​វា​បាន​បំផ្លាញ​របង​ថ្ម​ដ៏​គួរ​ឲ្យ​ស្រឡាញ​របស់​គាត់​ផង​ដែរ។ ស្វាមី​របស់​គាត់​បាន​សាង​សង់​របង​ថ្ម​នោះ ពេល​ដែល​ពួក​គាត់​ទើប​តែ​រៀប​ការ​ថ្មី​ៗ​។ ស្វាមី​គាត់​ស្រឡាញ់​របង​ថ្ម​នោះ​ណាស់។ គាត់​ក៏​ស្រឡាញ់​របង​ថ្ម​នោះ​ដែរ។ តែ​វា​បាន​ខូច​ហើយ គឺ​មិន​ខុស​ពី​ស្វាមី​គាត់​ទេ។

នៅ​ពេល​ព្រឹក​បន្ទាប់ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​លប​មើល​កម្មករ​របស់​ក្រុម​ហ៊ុន​ដាំ​ដើម​ឈើ កំពុង​តែ​យក​ដើមឈើ​ដែល​បាន​រំលំ​នោះ​ចេញ​ពី​ទីធ្លា​ផ្ទះ​គាត់ ស្នាម​ញញឹម​ដ៏​ធំ​មួយ ក៏​បាន​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​គាត់។ នៅ​ចន្លោះ​មែក​ឈើ​ទាំង​នោះ គាត់​សង្កេត​ឃើញ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់ និង​ក្មេង​ប្រុស​ម្នាក់ បាន​កាត់​ស្មៅ​ឲ្យ​គាត់ ដោយ​ធ្វើ​ការ​វាស់​វែង​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​សាង​សង់​របង​ថ្ម​ដែល​គួរ​ឲ្យ​ស្រឡាញ់​របស់​គាត់​ឡើង​វិញ។

ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​ប្រភេទ​នៃ​ការ​បម្រើ ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ គឺ​ការ​ប្រព្រឹត្ត​ដែល​កម្សាន្ត​ចិត្ត​អ្នក​ដែល​នៅ​ក្បែរ​យើង ដែល​មាន​ដូច​ជា​ការ​ជួយ​ជួស​ជុល​របង​ថ្ម ឲ្យ​ដូន​ចាស់​នោះ​ជា​ដើម។ បទ​គម្ពីរ​នេះ​បាន​បង្រៀន​យើង​ថា សម្រាប់​ព្រះ​ជា​ម្ចាស់ ការ​បម្រើ​អ្នក​ដទៃ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​មាន​តម្លៃ​ជាង​ការ​ធ្វើ​ពីធី​បុណ្យ​ខាង​វិញ្ញាណ។ តាម​ពិត ព្រះ​ទ្រង់​មាន​ព្រះពរ​ពីរ​យ៉ាង សម្រាប់​ការ​បម្រើ​របស់​កូន​ទ្រង់ ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ទី​មួយ ទ្រង់​ប្រើ​ការ​បម្រើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​របស់​យើង ដើម្បី​ជួយ​ដល់​អ្នក​ដែល​គេ​គាប​សង្កត់ និង​ខ្វះ​ខាត​(អេសាយ ៥៨:៧-១០)។ ទីពីរ ព្រះ​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​ដែល​បាន​បម្រើ​គេ ដោយ​ឲ្យ​ពួក​គេ​មាន​កេរ្តិ័​ឈ្មោះ​ល្អ ធ្វើ​ជា​កម្លាំង​វិជ្ជ​មាន​ដ៏​មាន​អំណាច ក្នុង​នគរ​ទ្រង់​(ខ.១១-១២)។ តើ​អ្នក​នឹង​ផ្តល់​ឲ្យ​អ្នក​ដទៃ នូវ​ការ​បម្រើ​អ្វី​ខ្លះ នៅ​ថ្ងៃ​នេះ? —RANDY KILGORE

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles