ខ្ញុំមានមិត្តភក្តិម្នាក់ ឈ្មោះ អេឌីត(Edith)។ គាត់បាននិយាយប្រាប់ខ្ញុំ អំពីថ្ងៃដែលគាត់បានសម្រេចចិត្តដើរតាមព្រះយេស៊ូវ យ៉ាងដូចនេះថា:
កាលពីមុន អេឌីតមិនខ្វល់អំពីរឿងជំនឿសាសនាឡើយ។ ប៉ុន្តែ នៅពេលព្រឹក ថ្ងៃអាទិត្យមួយ គាត់បានដើរចូលព្រះវិហារ នៅក្បែរអាផាតមិនរបស់គាត់ ដើម្បីស្វែងរកអ្វីមួយ ដែលអាចធ្វើឲ្យវិញ្ញាណស្រេកឃ្លានរបស់គាត់ មានភាពស្កប់ស្កល់។ នៅថ្ងៃនោះ លោកគ្រូគង្វាលក៏បានអានបទគម្ពីរ លូកា ១៥:១-២ ដែលបានចែងដូចនេះថា “អស់ទាំងអ្នកយកពន្ធ និងអ្នកមានបាប គេក៏ចូលមកជិត ដើម្បីស្តាប់ទ្រង់។ នោះពួកផារិស៊ី និងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង”។
បទគម្ពីរនោះបានចែងយ៉ាងដូចនេះ ប៉ុន្តែ ពេលនោះ នាងបានស្តាប់ឮលោកគ្រូគង្វាលអានថា “អ្នកនោះទទួលមនុស្សមានបាប ហើយអេឌីតក៏នៅជាមួយនឹងគេផងដែរ”។ នាងក៏បានក្រោកឈរទាំងហួសចិត្ត។ ទីបំផុត នាងក៏បានដឹងថា ខ្លួនមានកំហុស ប៉ុន្តែ គំនិតរបស់នាង នៅតែគិត អំពីការដែលព្រះយេស៊ូវទទួលស្វាគមន៍មនុស្សមានបាប ដែលរាប់បញ្ចូលទាំងអេឌីតផងដែរ។ នៅពេលរសៀលថ្ងៃនេះ នាងក៏បានសម្រេចចិត្ត “ចូលទៅជិត” ព្រះយេស៊ូវ ហើយក៏បានស្តាប់ព្រះបន្ទូលទ្រង់។ នាងក៏បានចាប់ផ្តើមអានដំណឹងល្អ ហើយមិនយូរប៉ុន្មាន នាងក៏បានសម្រេចចិត្តទទួលជឿ ហើយដើរតាមទ្រង់។
ពួកអ្នកកាន់សាសនានៅសម័យព្រះយេស៊ូវ មានការមិនពេញចិត្ត ពេលដែលព្រះយេស៊ូវគង់សោយអាហារ ជាមួយមនុស្សមានបាប ដែលគេស្អប់ខ្ពើម។ ក្រឹត្យវិន័យរបស់ពួកគេបានហាមពួកគេ មិនឲ្យភពប្រសព្វនឹងមនុស្សប្រភេទនោះ។ ប៉ុន្តែ ព្រះយេស៊ូវមិនខ្វល់អំពីក្រឹត្យវិន័យ ដែលមនុស្សបានបង្កើតនោះឡើយ។ ទ្រង់បានស្វាគមន៍មនុស្សតូចទៀប និងបានប្រមូលពួកគេ ឲ្យមូលមករកទ្រង់ ទោះបីជាពួកគេបានវង្វេងចេញពីទ្រង់ ឆ្ងាយយ៉ាងណាក៏ដោយ។
ជាការពិតណាស់ យើងត្រូវដឹងថា ព្រះយេស៊ូវទទួលមនុស្សមានបាប បូករួមទាំងខ្ញុំនិងអ្នកផងដែរ។—DAVID H. ROPER