ជំនួយពីស្ថានសួគ៌

និមិត្ត​សញ្ញា​សម្ងាត់ អេស អូ អេស (SOS) ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ ១៩០៥ នៅ​ពេល​ដែល​ក្រុម​នាវិក​​រិះ​រក​មធ្យោបាយ ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។ និមិត្ត​សញ្ញា​សម្ងាត់​នេះ​ ត្រូវ​បាន​គេ​ទទួល​ស្គាល់ នៅ​ក្នុង​ឆ្នាំ ១៩១០ នៅ​ពេល​ដែល​នាវា​ឈ្មោះ ស្ទីមស៊ីព ខិនថាក់គី កំពុង​តែ​លិច​ចូល​ទៅ​ក្នុង​ទឹក ហើយ​ក៏​បាន​ប្រើ និមិត្ត​សញ្ញា​នេះ ដែល​នាំ​ឲ្យ​គេ​មក​ជួយ​សង្រ្គោះ​មនុស្ស​៤៦​នាក់ នៅ​លើ​នាវា ទាន់​ពេល​វេលា។

​និមិត្ត​សញ្ញា​ អេស អូ​ អេស ជា​និមិត្ត​សញ្ញា​ដែល​គេ​ទើប​តែ​ឆ្នៃ​បង្កើត ជាង​១០០​ឆ្នាំ​មុន ប៉ុន្តែ​ ការ​ស្រែក​រក​ជំនួយ ​គឺ​កើត​មាន​តាំង​តែ​ពី​ដើម​ដំបូង​នៃ​ប្រវត្តិ​សាស្រ្ត​ របស់​មនុស្ស​ជាតិ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ឃើញ​ការ​ស្រែក​រក​ជំនួយ នៅ​ក្នុង​ រឿង​របស់​លោក​យ៉ូស្វេ​ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ នៅ​សម័យ​នោះ លោក​យ៉ូស្វេ ​ប្រឈម​មុខ​នឹង​ការ​ជំទាស់​ពី​ពួក​អ៊ីស្រាអែល​ (យ៉ូស្វេ ៩:១៨) និង​ការ​ឆ្លងកាត់​ទឹក​ដី​ដ៏​ពិបាក មុន​នឹង​ចូល​ទៅ​ដល់​ទឹក​ដី​សន្យា(៣:១៥-១៧) អស់​រយៈ​ពេល​ជាង​១៤​ឆ្នាំ។ ក្នុង​រយៈ​ពេល​នោះ ​ពួក​អ៊ីស្រាអែល​បាន​វាយ​ដណ្ដើម​យក​ឈ្នះ​ពួក​ខ្មាំង​សត្រូវ​ជា​បណ្ដើរ​ៗ​ ហើយ​ក៏​បាន​តាំង​ទី​លំ​នៅ លើ​ទឹក​ដី​ដែល​ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​ឲ្យ​ពួក​គេ។ ក្នុង​អំឡុង​ពេល​នៃ​ការ​តយុទ្ធ​នោះ “​ព្រះអម្ចាស់​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​លោក​យ៉ូស្វេ”(៦:២៧)។

បទ​គម្ពីរ​យ៉ូស្វេ ជំពូក​១០ បាន​ចែង​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​ចេញ​ទៅ​ជួយ​ពួក​ក្រុង​គីបៀន ​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ដែល​កំពុង​រង​ការ​វាយ​ប្រហារ​ពី​ពួក​ស្ដេច​ចំនួន​ប្រាំ​អង្គ។ ពេល​នោះ លោក​យ៉ូស្វេ​ដឹង​ថា ពួក​អ៊ីស្រាអែល​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពី​ព្រះអម្ចាស់ ដើម្បី​យក​ឈ្នះ​ លើ​ពួក​ខ្មាំង​សត្រូវ​ដែល​មាន​គ្នា​ច្រើន​សណ្ឋឹក​យ៉ាង​នេះ​(ខ.១២)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​បាន​ចាត់​ឲ្យ​មាន​ព្យុះ​ទឹកកក ហើយ​ទ្រង់​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ព្រះ​អាទិត្យ​ឈប់​ទ្រឹង នៅ​ពាក់​កណ្តាល​មេឃ ដើម្បី​ទុក​ពេល​ឲ្យ​ពួក​អ៊ីស្រាអែល​យក​ឈ្នះ​ពួក​ខ្មាំង​សត្រូវ។ ព្រះគម្ពីរ​យ៉ូស្វេ ១០:១៤ បាន​រំឭក​ឡើង​វិញ​ថា ជា​ការ​ពិត​ណាស់ “ព្រះយេហូវ៉ា​បាន​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រា​អែល!”

ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​ អ្នក​អាច​ស្រែក​រក​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់។ ជំនួយ​ដែល​យើង​ទទួល​មក​ពី​ព្រះ​ជា​ម្ចាស់ មាន​លក្ខណៈ​ខុស​ពី​ជំនួយ​ដែល​លោក​យ៉ូស្វេ​បាន​ទទួល នៅ​សម័យ​នោះ ប៉ុន្តែ ជំនួយ​នោះ​អាច​ជា ការ​ទទួល​បាន​ការងារ​ ដែល​មិន​ធ្លាប់​នឹក​ស្មាន​ដល់ ឬ​ការ​ព្យាបាល​ពី​វេជ្ជ​បណ្ឌិត​ដែល​យល់​ច្បាស់​អំពី​ជំងឺ ឬ​មួយ​ជា​សន្តិភាព​នៅ​ក្នុង​ចិត្ត នៅ​ពេល​មាន​ជម្ងឺ។ ចូរ​យើង​ទទួល​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​ចំពោះ​យើង តាម​មធ្យោ​បាយ​ជា​ច្រើន​សណ្ឋឹក ពេល​ដែល​យើង​ស្រែក​រក​ទ្រង់។—Lisa Samra

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles