ចៅប្រុសរបស់ខ្ញុំ នៅតូចនៅឡើយ។ ពួកគេចូលចិត្តស្លៀកពាក់ខោអាវ ដោយខ្លួនឯងណាស់។ តែពេលខ្លះ ពួកគេនៅតែពាក់អាវបញ្ច្រាសពីមុខទៅក្រោយ ហើយជាញឹកញាប់ ចៅដែលតូចជាងគេពាក់ស្បែកជើងខាងខុស។ តាមធម្មតា ខ្ញុំមិនដាច់ចិត្តប្រាប់ពួកគេសោះ ព្រោះខ្ញុំគិតថា ពួកគេគួរឲ្យស្រឡាញ់ណាស់ ពេលដែលពួកគេមិនទាន់ដឹងអីបែបនេះ។
ខ្ញុំចូលចិត្តមើលឃើញពិភពលោកនេះ តាមក្រសែភ្នែករបស់ពួកគេ។ សម្រាប់ពួកគេ គ្រប់យ៉ាងគឺជាការផ្សងព្រេង ក្នុងនោះរួមមាន ការដើរពីលើដើមឈើដែលបានរលំ ការលបមើលសត្វអណ្ដើកសំដិលខ្លួននឹងកម្តៅថ្ងៃ នៅលើកំណាត់ឈើ ឬការតាមមើលរថយន្តពន្លត់អគ្គីភ័យ ដែលបន្លឺសម្លែងស៊ីរ៉ែនខ្លាំងៗជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំដឹងថា ចៅប្រុសដ៏តូចល្អិតរបស់ខ្ញុំ មិនមែនជាក្មេង ដែលទាន់មិនដឹងអីសោះនោះឡើយ។ ពួកគេអាចប្រើហេតុផលបួនដប់យ៉ាង ដើម្បីនិយាយដោះសារ គេចមិនព្រមចូលគេង នៅពេលយប់ ហើយពួកគេថែមទាំងកញ្ឆក់ដណ្ដើមរបស់លេង ដែលពួកគេចង់បាន ពីក្មេងដទៃផងដែរ។ ប៉ុន្តែ ខ្ញុំនៅតែស្រឡាញ់ពួកគេដដែល។
ពេលខ្ញុំគិតអំពីចៅៗរបស់ខ្ញុំ ខ្ញុំក៏បាននឹកចាំ អំពីអ័ដាម និងនាងអេវ៉ា ជាមនុស្សដែលព្រះទ្រង់បានបង្កើតមុនបង្អស់។ គ្រប់យ៉ាងដែលពួកគេបានឃើញ ក្នុងសួនច្បារអេដែន ប្រាកដជាមានភាពអស្ចារ្យណាស់ ខណៈពេលដែលពួកគេកំពុងដើរជាមួយព្រះអម្ចាស់។ ប៉ុន្តែ មានថ្ងៃមួយ ពួកគេបានសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះ ដោយចេតនា។ ពួកគេបានបរិភោគផ្លែ ពីដើមដែលព្រះទ្រង់បានហាម (លោកុប្បត្តិ ២:១៥-១៧; ៣:៦)។ រំពេចនោះ ការមិនស្ដាប់បង្គាប់នោះ បាននាំឲ្យពួកគេចេះកុហក និងទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក (៣:៨-១៣)។
ទោះបីជាយ៉ាងនោះក្ដី ព្រះទ្រង់នៅតែស្រឡាញ់ ហើយយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ទ្រង់បានយកស្បែក មកធ្វើជាសំលៀកបំពាក់ គ្របបាំងរាងកាយឲ្យពួកគេ(ខ.២១)។ ក្រោយមក ព្រះទ្រង់បានប្រទានផ្លូវទៅរកសេចក្តីសង្រ្គោះ ដល់មនុស្សមានបាបទាំងអស់ តាមរយៈការលះបង់ព្រះជន្មនៃព្រះរាជបុត្រាតែមួយរបស់ទ្រង់(យ៉ូហាន ៣:១៦)។ ព្រះទ្រង់ស្រឡាញ់យើងរាល់គ្នាខ្លាំងណាស់!—Alyson Kieda