នៅឯកិច្ចពិភាក្សាតុមូលមួយ ស្ដីពីការផ្សះផ្សា មានអ្នកចូលរួមម្នាក់បានថ្លែងយ៉ាងឈ្លាសវៃថា “ចូរកុំធ្វើឲ្យមនុស្ស ជាប់នៅក្នុងពេលអតីតកាលឡើយ”។ គាត់បានសង្កេតឃើញថា ជាទូទៅ មនុស្សយើងច្រើនតែនឹកចាំអំពីកំហុសរបស់គេ ហើយមិនចង់ផ្ដល់ឱកាស ឲ្យគេកែប្រែទេ។
មានពេលជាច្រើនដង នៅក្នុងដំណើរជីវិតរបស់សាវ័កពេត្រុស ព្រះទ្រង់អាច “បង្កក” គាត់ ឲ្យជាប់ក្នុងកំហុស នៅពេលអតីតកាល។ ប៉ុន្តែ ទ្រង់មិនដែលបង្កកគាត់ម្ដងណាឡើយ។ មានពេលមួយ លោកពេត្រុស ដែលជាសាវ័កដ៏ឆេះឆួល ធ្លាប់បាន ប្រាប់ព្រះយេស៊ូវឲ្យធ្វើខុសនឹងព្រះបន្ទូលទ្រង់ ហើយក៏ត្រូវទ្រង់ស្ដីបន្ទោសឲ្យ(ម៉ាថាយ ១៦:២១-២៣)។ ក្រោយមក លោកពេត្រុសក៏បានបដិសេធថា មិនស្គាល់ព្រះគ្រីស្ទ(យ៉ូហាន ១៨:១៥-២៧) រួចព្រះអម្ចាស់ក៏បានស្អាងគាត់ឡើងវិញ(២១:១៥-១៩)។ ហើយគាត់ក៏ធ្លាប់បាន រួមចំណែកនៅក្នុងការបែងចែកជាតិសាសន៍ ក្នុងពួកជំនុំផងដែរ។
បញ្ហានេះបានកើតមានឡើង នៅពេលដែលលោកពេត្រុស (ឬហៅថា កេផាស) បានដកខ្លួនចេញពីពួកសាសន៍ដទៃ (កាឡាទី ២:១១-១២)។ មុននោះបន្តិច គាត់មានទំនាក់ទំនងជាមួយពួកសាសន៍ដទៃ ជាធម្មតា។ ប៉ុន្តែ ពួកសាសន៍យូដាខ្លះបានមកទទូច ឲ្យមានការកាត់ស្បែកជាចាំបាច់ សម្រាប់ពួកអ្នកជឿដល់ព្រះគ្រីស្ទ។ ហេតុនេះហើយ លោកពេត្រុសក៏បានគេចចេញពីពួកសាសន៍ដទៃ ដែលមិនបានកាត់ស្បែក។ ទង្វើនេះបានបង្ហាញឲ្យឃើញការវិលត្រឡប់ដ៏គ្រោះថ្នាក់ ទៅរកក្រឹត្យវិន័យរបស់លោកម៉ូសេ។ សាវ័កប៉ុលក៏បានហៅអាកប្បកិរិយារបស់ពេត្រុសថា “ទង្វើមានពុត” (ខ.១៣)។
ដោយព្រោះតែភាពក្លាហានរបស់លោកប៉ុល នៅក្នុងការកែតម្រង់លោកពេត្រុស បញ្ហានោះក៏បានដោះស្រាយ។ លោកពេត្រុសក៏បន្តធ្វើការងារបម្រើព្រះ ដោយវិញ្ញាណនៃការរួបរួមគ្នា តាមដែលព្រះទ្រង់សព្វព្រះហឫទ័យឲ្យយើងមាន។
យើងមិនត្រូវឲ្យនរណាម្នាក់ នៅជាប់កក ក្នុងកំហុសដ៏អាក្រក់បំផុត ក្នុងអតីតកាលនោះឡើយ។ ដោយសារព្រះគុណនៃព្រះ នោះយើងអាចរួបរួមគ្នា ហើយរៀនសូត្រពីគ្នាទៅវិញទៅមក ហើយកម្សាន្តចិត្តគ្នា តាមដែលចាំបាច់ ព្រមទាំងរីកចម្រើនឡើងជាមួយគ្នា នៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់។—Tim Gustafson