កាលខ្ញុំនៅវ័យជំទង់នៅឡើយ ពេលខ្លះ ខ្ញុំបានតមាត់ដាក់ម្ដាយរបស់ខ្ញុំ នៅពេលណាដែលគាត់ព្យាយាមលើកទឹកចិត្តខ្ញុំ ឲ្យមានសេចក្តីជំនឿ។ គាត់ប្រាប់ខ្ញុំថា “កូនត្រូវទុកចិត្តព្រះអង្គជានិច្ច។ ទ្រង់នឹងថែរក្សាកូនជានិច្ច”។ ហើយខ្ញុំក៏តបទៅគាត់វិញថា “វាមិនងាយស្រួលដូចម៉ាក់និយាយទេ! ព្រះអង្គជួយដល់តែអស់អ្នកណា ដែលចេះជួយដល់ខ្លួនឯងប៉ុណ្ណោះ!”
ប៉ុន្តែ ក្នុងព្រះគម្ពីរទាំងមូល គ្មានខគម្ពីរណាដែលចែងថា “ព្រះទ្រង់ជួយតែអ្នកណា ដែលជួយខ្លួនឯង” នោះទេ។ ផ្ទុយទៅវិញ ព្រះបន្ទូលរបស់ទ្រង់បានបង្រៀនយើងឲ្យពឹងផ្អែកលើការផ្គត់ផ្គង់របស់ទ្រង់ ជាប្រចាំថ្ងៃ។ ព្រះយេស៊ូវមានបន្ទូលថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី? ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?” (ម៉ាថាយ ៦:២៦-២៧)។
អ្វីៗគ្រប់យ៉ាងដែលយើងមាន ដែលធ្វើឲ្យយើងអរសប្បាយ សូម្បីតែកម្លាំងដែលយើងមាន ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និង “ជួយខ្លួនឯង” សុទ្ធតែជាអំណោយទាន ដែលមកពីព្រះវរបិតានៃយើងរាល់គ្នា ដែលគង់នៅស្ថានសួគ៌ ដែលបានស្រឡាញ់ និងឲ្យតម្លៃយើង លើសពីលទ្ធភាពដែលយើងអាចយល់ដឹង។
ខណៈពេលដែលម្តាយរបស់ខ្ញុំ ជិតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គាត់កើតមានជំងឺភ្លេចភ្លាំង ដែលធ្វើឲ្យគាត់បាត់បង់គំនិតច្នៃប្រឌិត និងការចងចាំ ប៉ុន្តែ ទំនុកចិត្ត ដែលគាត់មានចំពោះព្រះ នៅតែមានដដែល។ គាត់បានរស់នៅ ក្នុងផ្ទះរបស់យើងមួយរយៈ ដូច្នេះហើយខ្ញុំក៏អាចមានឱកាស កត់សម្គាល់ឃើញការផ្គត់ផ្គង់ ដែលព្រះទ្រង់ប្រទានមកគាត់ ហួសពីការរំពឹងគិតរបស់យើង ធ្វើឲ្យខ្ញុំដឹងថា គាត់ពិតជាបាននិយាយត្រូវ ពេលដែលគាត់ប្រាប់ខ្ញុំ ឲ្យទុកចិត្តព្រះអង្គជានិច្ច។ គាត់មិនបានខ្វល់ខ្វាយឡើយ តែផ្ទុយទៅវិញ គាត់បានផ្ញើខ្លួនទៅលើព្រះមួយអង្គ ដែលបានសន្យាថា នឹងថែរក្សាគាត់គ្រប់ពេលវេលា។ ហើយព្រះអង្គក៏បានបង្ហាញសេចក្តីស្មោះត្រង់ ដល់គាត់ជានិច្ច។—James Banks