ទ្រង់បានស្រឡាញ់ទូលបង្គំដែរទេ?

កាល​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​នៅ​ឡើយ ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ដំណាក់​កាល​នៃ​ការ​រឹង​ចចេស ទាស់​នឹង​ម្ដាយ​របស់​ខ្ញុំ។ ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរណ​ភាព តាំង​ពី​មុន​ពេល​ដែល​ខ្ញុំ​ឈាន​ចូល​វ័យ​ជំទង់ ដូច​នេះ ម្តាយ​របស់​ខ្ញុំ​ត្រូវ​ទទួល​បន្ទុក​ដឹក​នាំ​នាវា​គ្រួសារ ឆ្លង​កាត់​សាគរ​ដែល​មាន​ព្យុះ​ភ្លៀង​តែ​ម្នាក់​ឯង ដោយ​គ្មាន​ជំនួយ​ពី​ឪពុក​ខ្ញុំ។។

ខ្ញុំ​នៅ​ចាំ​ថា កាល​នោះ ខ្ញុំ​ធ្លាប់​គិត​ថា ម្តាយ​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​ការ​សប្បាយ​ ហើយ​តាម​មើល​ទៅ គាត់​ប្រហែល​ជា​មិន​ស្រឡាញ់​ខ្ញុំ​ទេ។ បាន​ជា​ខ្ញុំ​គិត​ដូច​នេះ ព្រោះ​គាត់​ច្រើន​តែ​ហាម​ខ្ញុំ ជា​ញឹក​ញាប់ មិន​ឲ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ។ ក្រោយ​មក ទើប​ខ្ញុំដឹង​ថា គាត់​បាន​ហាម​ឃាត់ ចំពោះ​តែ​សកម្មភាព​ណា ដែល​មិន​ល្អ​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ​ ព្រោះ​ គាត់​ស្រឡាញ់​ខ្ញុំ។

ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​ចោទ​សួរ​ថា ព្រះ​ទ្រង់​បាន​ស្រឡាញ់​ពួក​គេ​ឬ​អត់ គឺ​ដោយ​សារ​កាល​នោះ ពួក​គេ​បាន​ជាប់​ក្នុង​ភាព​ជា​ឈ្លើយ​សឹក នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ឲ្យ​ពួក​គេ​ធ្លាក់​ចូល​ភាព​ជា​ឈ្លើយ​សឹក​នោះ គឺ​ដើម្បី​កែ​តម្រង់​ពួក​គេ ដោយ​សារ​ពួក​គេ​បន្ត​បះ​បោរ​ទាស់​នឹង​ទ្រង់។ ដូច​នេះ ព្រះ​ទ្រង់​ក៏​បាន​ចាត់​ហោរា​ម៉ាឡាគី ឲ្យ​មក​ឯ​ពួក​គេ។ ទ្រង់​ក៏​បាន​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ ដោយ​ប្រាប់​ពួក​គេ​ថា ទ្រង់​បាន​ស្រឡាញ់​ពួក​គេ​រាល់​គ្នា (ម៉ាឡាគី ១:២)។ ពួកអ៊ីស្រាអែល​បាន​ឆ្លើយ​តប​ ដោយ​ចិត្ត​សង្ស័យ ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ​គឺ​ហាក់​ដូច​ជា​ចង់​សួរ​ថា “​តើ​ទ្រង់​ពិត​ជា​ស្រឡាញ់​ពួក​គេ​មែន​ឬ?” ប៉ុន្តែ ព្រះ​ទ្រង់​បាន​រំឭក​ពួក​គេ តាមរយៈ​ហោរា​ម៉ាឡាគី​ថា ទ្រង់​បាន​សំដែង​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ទ្រង់​បាន​ជ្រើស​រើស​ពួក​គេ ជា​ជាង​ជ្រើស​រើស​ពួក​សាសន៍​អេដំម។

យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ដំណាក់​កាល​ដ៏​លំបាក​នៃ​ជីវិត។ ការ​ល្បួង​អាច​នាំ​ឲ្យ​យើង​ចោទ​សួរ ​ដោយ​ការ​សង្ស័យ​ថា​​ តើ​ព្រះ​ទ្រង់​បាន​ស្រឡាញ់​យើង ក្នុង​ពេល​ដ៏​ពិបាក​នោះ​ឬ​ទេ។ ចូរ​យើង​ពិចារណា​ អំពី​របៀប​ដែល​ទ្រង់​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ទ្រង់ ដល់​យើង។​ កាល​ណា​យើង​ឈប់​បង្អង់​សិន ហើយ​ពិចារណា​ពី​សេចក្តី​ល្អ​របស់​ទ្រង់ នោះ​យើង​នឹង​​រក​ឃើញ​ថា ទ្រង់​ពិត​ជា​ព្រះ​វរបិតា​ដ៏​ពេញ​ដោយ​សេចក្តី​ស្រ​ឡាញ់​មែន។—Kirsten Holmberg

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles