ដោយសារខ្ញុំចូលចិត្តស្ករសូកូឡាខ្មៅ មានពេលមួយ ខ្ញុំបានស្រាវជ្រាវក្នុងអ៊ីនធឺណិត ដើម្បីឲ្យដឹងថា តើសូកូឡាខ្មៅ ល្អសម្រាប់ខ្ញុំទេ? ខ្ញុំទទួលបានចម្លើយខុសៗគ្នាមួយចំនួន ខ្លះថាល្អ ខ្លះថាមិនល្អ។ អ្នកក៏អាចសួរសំណួរដូចនេះដែរ ចំពោះផលិតផលម្ហូបអាហារស្ទើរតែទាំងអស់។ ឧទាហរណ៍ អ្នកអាចសួរថា តើទឹកដោះគោល្អសម្រាប់ខ្ញុំទេ? តើកាហ្វេល្អសម្រាប់ខ្ញុំទេ? តើបាយល្អសម្រាប់ខ្ញុំទេ? អ៊ីនធឺណិតនឹងផ្តល់ឲ្យយើងនូវចម្លើយខុសៗគ្នាជាច្រើន ចំពោះសំណួរទាំងនេះ។ ដូច្នេះ យើងត្រូវដឹងថា ការស្វែងរកចម្លើយ តាមអ៊ីនធើណិតដោយខ្លួនឯង ប្រហែលជាមិនល្អសម្រាប់យើងប៉ុន្មានទេ។ វាអាចធ្វើឲ្យយើងឈឺក្បាលបាន!
ប៉ុន្តែ ប្រសិនបើអ្នកតែងតែស្វែងរកអ្វីមួយ ដែលល្អមួយរយភាគរយ សម្រាប់ខ្លួនឯង គ្រប់ពេលនោះ នោះខ្ញុំសូមលើទឹកចិត្តអ្នក ឲ្យស្វែងរកក្នុងព្រះបន្ទូលព្រះវិញ។ សម្រាប់អ្នកដើរតាមព្រះយេស៊ូវ ដែលស្វែងរកការប្រកបទាក់ទង ជាមួយព្រះជាម្ចាស់ អ្វីដែលព្រះបន្ទូលអាចធ្វើសម្រាប់ពួកគេ គឺមានដូចតទៅ
ព្រះបន្ទូលអាចរក្សាយើង ឲ្យបរិសុទ្ធ(ទំនុកដំកើង ១១៩:៩,១១) ។
ព្រះបន្ទូលនាំឲ្យយើងទទួលព្រះពរ (លូកា ១១:២៨) ។
ព្រះបន្ទូលធ្វើឲ្យយើងមានប្រាជ្ញា (ម៉ាថាយ ៧:២៤) ។
ព្រះបន្ទូលផ្តល់ពន្លឺ និងការយល់ដឹង (ទំនុកដំកើង ១១៩:១៣០) ។
ព្រះបន្ទូលជួយយើង ឲ្យលូតលាស់ខាងព្រលឹងវិញ្ញាណ (១ពេត្រុស ២:២) ។
ព្រះនៃយើងទ្រង់ល្អ។ បទគម្ពីរទំនុកដំកើង ១៤៥:៩ បានចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ដល់មនុស្សទាំងអស់” ។ ហើយនៅក្នុងសេចក្តីល្អរបស់ទ្រង់ ទ្រង់បានប្រទាន ដល់អស់អ្នកដែលស្រឡាញ់ទ្រង់ នូវការណែនាំ ដែលជួយឲ្យយើង ដឹងពីររបៀបពង្រឹងទំនាក់ទំនងរបស់យើង ជាមួយព្រះអង្គ។ ខណៈពេលដែលយើងព្យាយាមជ្រើសរើសរបៀបរស់នៅ ក្នុងពិភពលោកដែលពេញទៅដោយជម្រើស ចូរយើងសរសើរដំកើងព្រះជាម្ចាស់ ដ្បិតទ្រង់បានប្រាប់យើង ឲ្យដឹងថា មានអ្វីខ្លះដែលល្អសម្រាប់យើងនៅក្នុងព្រះគម្ពីរ។ ចូរយើងពោលឡើង តាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត” (ទំនុកដំកើង ១១៩:១០៣) ។—Dave Branon