របៀបដ៏ត្រឹមត្រូវ ក្នុងការអធិស្ឋាន

ខ្ញុំ​សូម​កោត​សរសើរ ដល់​អស់​អ្នក​ដែល​កត់​ត្រា​សំណូម​ពរ​អធិស្ឋាន នៅ​ក្នុង​សៀវភៅ​កំណត់​ត្រា ដែល​ទួក​អស់ ដោយ​សារ​ កាន់​ប្រើ​រាល់​ថ្ងៃ ព្រម​ទាំង​តាម​ដាន​ការ​អធិស្ឋាន និង​ការ​សរសើរ​ដំកើង ដែល​បាន​កត់​ទុក ហើយ​ក៏​បាន​សរសេរ​អំពី​ការ​ឆ្លើយ​តប ដែល​បាន​ទទួល​សម្រាប់​ការ​អធិស្ឋាន​នីមួយ​ៗ។ ខ្ញុំ​ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​សារ​អ្នក​ដែល​ជួប​ប្រជុំ​គ្នា ជា​មួយ​អ្នក​ដទៃទៀត ដើម្បី​អធិ​ស្ឋាន​ ហើយ​បាន​លុត​ជង្គង់​អធិស្ឋាន​នៅ​ក្បែរ​គ្រែ​គេង ស្ទើរ​សឹក​រនាប​ផ្ទះ។ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​ព្យាយាម​យក​គំរូ​តាម​ពួក​គេ និង​ខិត​ខំ​បង្កើត​ឲ្យ​មាន​ទម្លាប់​ដ៏​ល្អ​ឥត​ខ្ចោះ នៃ​ការ​អធិស្ឋាន​ ហើយ​ព្យាយាម​ធ្វើ​ប្រើ​ពាក្យ​ពេចន៍​វោហា តាម​អ្នក​ដែល​ពូកែ​ប្រើ​ពាក្យ​ជាង​ខ្ញុំ។ នៅ​ពេល​នោះ ខ្ញុំ​ហាក់​ដូច​ជា​កំពុង​តែ​ព្យាយាម​ស្វែង​រក​អាថ៌​កំបាំង​នៃ​ការ​អធិ​ស្ឋាន។

នៅ​ទី​បំផុត ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​អម្ចាស់​នៃ​យើង គ្រាន់​តែ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង ចាប់​ផ្ដើម​អធិស្ឋាន ហើយ​បញ្ចប់ ដោយ​ការ​បន្ទាប​ខ្លួន​តែ​ប៉ុណ្ណោះ (ម៉ាថាយ ៦:៥)។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ការ​សន្ទនា ដែល​ទ្រង់​សន្យា​ថា ទ្រង់​នឹង​ស្តាប់​យើង​អធិស្ឋាន​(ខ.៦) ។ ព្រះអង្គ​មិន​ដែល​តម្រូវ ឲ្យ​យើង​លេង​ពាក្យ ឬ​អធិស្ឋាន​រត់​មាត់ ដូច​គេ​សូត្រ​មេលេខ​នោះ​ឡើយ(ខ.៧)។ ទ្រង់​ធានា​ចំពោះ​យើង​ថា ការ​អធិស្ឋាន​គឺជា​អំណោយ​មួយ និង​ជា​ឱកាស ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​(ខ.៩-១០) ដើម្បី​បង្ហាញ​ពី​ទំនុក​ចិត្ត​ចំពោះ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ (ខ.១១) និង​ដើម្បី​បញ្ជាក់​ពី​សុវត្ថិ​ភាព ដែល​យើង​មាន នៅ​ក្នុង​ការ​អត់​ទោស និង​ការ​ដឹក​នាំ​របស់​ទ្រង់ (ខ.១២-១៣)។

ព្រះ​ជា​ម្ចាស់​ធានា​ដល់​យើង​ថា ទ្រង់​ស្ដាប់​ឮ ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​រាល់​ការ​អធិស្ឋាន ដែល​បាន​និយាយ​ចេញ​មក និង​ការ​អធិស្ឋាន​តែ​ក្នុង​ចិត្ត ​ក៏​ដូច​ជា​ការ​អធិស្ឋាន​ដោយ​បង្ហូរ​ទឹក​ភ្នែក។ នៅ​ពេល​យើង​ដាក់​ការ​ទុក​ចិត្ត​របស់​យើង ទៅ​លើ​ព្រះ និង​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ ដែល​ទ្រង់​មាន​ចំពោះ​យើង នោះ​យើង​ប្រាកដ​ជា​អាច​អធិស្ឋាន ​ដោយ​ចិត្ដ​បន្ទាប ទាំង​ចុះចូល ហើយ​ពឹង​ផ្អែក​លើ​ទ្រង់។ នេះ​ហើយ​ជា​របៀប​ដែល​ត្រឹម​ត្រូវ នៃ​ការ​អធិស្ឋាន។—Xochitl Dixon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles