ថ្ងៃមួយ នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញ ខ្ញុំបានឃើញស្បែកជើងកែងមួយគូរ នៅក្បែរផ្លូវឡាន។ ខ្ញុំគិតថា ខ្ញុំដឹងច្បាស់ថា ស្បែកជើងនោះ ជារបស់នរណា។ ដូច្នេះ ខ្ញុំក៏បានដាក់វា នៅក្នុងរោងដាក់ឡាន ទុកឲ្យលីសា កូនស្រីរបស់ខ្ញុំ ពេលដែលនាងត្រឡប់មកផ្ទះ ដើម្បីមកទទួលកូនរបស់នាង។ ប៉ុន្តែ នៅពេលខ្ញុំសួរលីសា ខ្ញុំក៏បានដឹងថា វាមិនមែនជារបស់នាងទេ។ តាមការពិត នៅក្នុងគ្រួសាររបស់យើង គ្មាននរណាម្នាក់ ថាស្បែកជើងនោះ ជារបស់ខ្លួនទេ ដូច្នេះ ខ្ញុំក៏យកវា ទៅទុកនៅកន្លែងដើមវិញ។ នៅថ្ងៃបន្ទាប់ ស្បែកជើងនោះ ក៏បានបាត់ទៅ។ នេះជារឿងដ៏អាថ៌កំបាំង!
តើអ្នកដឹងទេថា សាវ័កប៉ុលបាននិយាយអំពីការអាថ៌កំបាំងមួយ នៅក្នុងសំបុត្ររបស់គាត់? ប៉ុន្តែ ការអាថ៌កំបាំងដែលគាត់បានរៀបរាប់ គឺខុសពីរឿងស៊ើបអង្កេត។ ឧទាហរណ៍ ក្នុងបទគម្ពីរ អេភេសូរ ជំពូក៣ សាវ័កប៉ុលបានមានប្រសាសន៍ អំពីអាថ៌កំបាំងមួយ ដែល “កាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់” (ខ.៥) ។ គាត់បានបកស្រាយអំពីអាថ៌កំបាំងនេះថា កាលពីអតីតកាល ព្រះជាម្ចាស់បានបើកសម្តែងអង្គទ្រង់ តាមរយៈសាសន៍អ៊ីស្រាអែល តែឥឡូវនេះវិញ ទ្រង់បានបើកសម្តែង តាមរយៈព្រះយេស៊ូវថា ពួកសាសន៍ដទៃ ដែលនៅក្រៅសាសន៍អ៊ីស្រាអែល ក៏អាច “គ្រងមរតកជានឹងមួយអ៊ីស្រាអែលផងដែរ” (ខ.៦)។
សូមយើងគិតមើល ការនេះ គឺមានន័យថា អស់អ្នកដែលទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ អាចនឹងស្រឡាញ់ ហើយបម្រើព្រះជាមួយគ្នា។ យើងរាល់គ្នាសុទ្ធតែ “អាចចូលទៅរកទ្រង់ ដោយមានសេរីភាព និងទំនុកចិត្ត” (ខ.១២)។ ហើយតាមរយៈការរួបរួមគ្នារបស់ពួកជំនុំ នោះលោកិយនឹងបានឃើញប្រាជ្ញារបស់ព្រះ និងសេចក្តីល្អរបស់ទ្រង់ (ខ.១០)។
សូមសរសើរតម្កើងព្រះអង្គ ដោយព្រោះសេចក្ដីសង្រ្គោះ ដែលទ្រង់បានប្រទានយើងរាល់គ្នា។ ទ្រង់បានបើកសម្តែងអាថ៌កំបាំងនៃការរួបរួមគ្នា របស់មនុស្សមានប្រវត្តិខុសៗគ្នា នៅក្នុងព្រះយេស៊ូវ។—Dave Branon