ស្រឡាញ់លើសខ្លួនឯង

នៅ​ក្នុង​រឿង​ប្រលោម​លោក ដែល​អ្នក​ស្រី​អេមីលី ប្រុនតេ(Emily Bronte) បាន​និពន្ធ លោក​វូធើរីង ហាយ(Wuthering Heights)  ជា​បុរស​ម្នាក់ ដែល​បាន​ដក​ស្រង់​ខគម្ពីរ​ជា​ញឹក​ញាប់ ដើម្បី​រិះ​គន់​អ្នក​ដទៃ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា “ពួក​ផារិស៊ី​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ដែល​តាំង​ខ្លួន​ជា​អ្នក​សុចរិត ដែល​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ផ្លូវ​ខុស ដើម្បី​កោស​យកព្រះ​បន្ទូល​សន្យា​សម្រាប់​តែ​ខ្លួន​ឯង ហើយ​ថ្លែង​នូវ​ពាក្យ​បណ្តាសារ​ដាក់​អ្នក​ជិត​ខាង​របស់​ខ្លួន”។

រឿង​នេះ​អាច​នាំ​ឲ្យ​យើង​នឹក​ចាំ អំពី​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់។ ប៉ុន្តែ តើ​យើង​រាល់​គ្នា មាន​លក្ខណៈ​ដូច​គាត់​ដែរ​ឬ​ទេ? តើ​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ចំពោះ​បរាជ័យ​របស់​ពួក​គេ តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​បរាជ័យ យើង​ក៏​បាន​ធ្វើការ​ដោះសារ​ឬ?

ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ផ្ទុយ​ពី​នេះ។ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ការ​សន្យា ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ពួក​គេ ហើយ​ថែម​ទាំង​សុខ​ចិត្ត​ត្រូវ​បណ្តា​សារ ឲ្យ​តែ​អ្នក​ដទៃ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ សូម​យើង​ពិចារណា​អំពី​លោក​ម៉ូសេ​ចុះ។ គាត់​បាន​ទូល​ដល់​ព្រះ​ជា​ម្ចាស់​ថា គាត់​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​លុប​ឈ្មោះ​គាត់ ចេញ​ពី​បញ្ជី​របស់​ទ្រង់ ឲ្យ​តែ​ទ្រង់​អត់​ទោស​ឲ្យ​ពួក​អ៊ីស្រាអែល​(និក្ខមនំ ៣២:៣២)។ ពុំ​នោះ​ទេ យើង​អាច​មើល​គំរូ​របស់​សាវ័ក​ប៉ុល ដែល​សុខ​ចិត្ត ឲ្យ “ខ្លួនគាត់​ដាច់​ចេញ​ពី​ព្រះ​គ្រីស្ទ” ឲ្យ​តែ​រាស្រ្ត​របស់​ទ្រង់ ទទួល​ជឿ​ទ្រង់(រ៉ូម ៩:៣)។

ការ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត គឺ​ជា​រឿង​ដែល​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​អ្នក ដែល​បាន​ស្រឡាញ់​អ្នក​ដទៃ លើស​ខ្លួន​ឯង។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ។ ទ្រង់​បាន​បង្រៀន​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ព្រះយេស៊ូវ​បានស្រឡាញ់​យើង តាំង​ពី​មុន​ពេល​យើង​ស្គាល់​ទ្រង់ ពោល​គឺ​ទ្រង់​បាន​ស្រឡាញ់​យើង “ដល់​ចុង​បញ្ចប់”(១៣:១) ដោយ​ជ្រើស​រើស​យក​សេចក្តី​ស្លាប់ ដើម្បី​ប្រទាន​ជីវិត​ដល់​យើង​រាល់​គ្នា។

សព្វ​ថ្ងៃ​នេះ ទ្រង់​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​មហា​គ្រួសារ​របស់​ព្រះ ឲ្យ​ស្រឡាញ់ និង​ទទួល​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ​(១៥:៩-១២)។ ហើយ​ខណៈ​ពេល​ដែល​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដែល​ល្អ​ហួស​ក្តី​ស្រមៃ ដល់​អ្នក​ដទៃ នោះ​លោកិយ​នឹង​បាន​ស្គាល់​ទ្រង់។—MONICA BRANDS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles