ការឈរដោយចិត្តក្លាហាន

កាល​អ្នក​ស្រី​ថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅ​ក្នុង​វ័យ​ជំទង់ ពួក​កង​ទ័ព​ណាហ្ស៊ី បាន​លើក​ទ័ព​ពី​ប្រទេស​អាឡឺម៉ង់ ចូល​ឈ្លាន​ពាន​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​កំណើត​របស់​គាត់ នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​លោក​លើក​ទី២​។ ពេល​នោះ​ជា​ពេល​ចាប់​ផ្តើមនៃ​អំពើ​ប្រល័យ​ពូជ​សាសន៍ នៅ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា​(ឬ​ជ្វីប) បាន​ចាប់​ផ្តើម​បាត់​ខ្លួន ដោយ​ពួក​ណាហ្ស៊ី​បាន​ចាប់​ខ្លួន។ ដូច​នេះ អ្នក​ស្រី​ថេរីសា និង​ជន​រួម​ជាតិ​ប៉ូឡូញ​របស់​គាត់ បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ជិត​ខាង​ទាំង​នោះ ឲ្យ​រួច​ពី​តំបន់​ដែល​មាន​ការ​រើស​អើង ក្នុង​ទីក្រុង​វ៉រសរ និង​ការ​សម្លាប់​រង្គាល​របស់​ពួក​ណាហ្ស៊ី។ អ្នក​ស្រី​ថេរីសា​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រវត្តិ​សាស្រ្ត​សង្គ្រាម និង​ប្រល័យ​ពូជ​សាសន៍ ដ៏​ឈាន​មុខ ប៉ុន្តែ គឺ​ដោយ​សារ​តែ​គាត់​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​តតាំង​នឹង​ជំនន់​នៃ​ការ​អាក្រក់ នោះ​គេ​ក៏​បាន​រាប់​បញ្ចូល​ឈ្មោះ​គាត់ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​សុចរិតក្នុង​ចំណោម​ប្រជា​ជាតិ នៅ​ឯ​សារៈ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​យ៉ាត យ៉ាសេម ក្នុង​ទីក្រុង​យេរូសាឡិម។

យើង​ចាំ​បាច់​ត្រូវ​មាន​សេចក្តី​ក្លាហាន ដើម្បី​ឈរ​តតាំង​នឹង​ការ​អាក្រក់។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទីក្រុង​អេភេសូរ​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃសេ​ចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ”(អេភេសូរ ៦:១២)។ ជា​ការ​ពិត​ណាស់ ការ​អាក្រក់​ទាំង​អស់​នេះ គឺ​លើស​ពី​លទ្ធ​ភាព​ ដែល​យើង​អាច​តតាំង​ម្នាក់​ឯង ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​យើង នូវ​ធន​ធាន​ខាង​វិញ្ញាណ​ដ៏​ចាំ​បាច់(គឺ​គ្រឿង​សឹក​ទាំង​មូល​របស់​ព្រះ) ដើម្បី​ឲ្យ​យើង​អាច “​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(ខ.១១)។

តើ​ការ​ឈរ​តតាំង ដោយ​ចិត្ត​ក្លាហាន អាច​រាប់​បញ្ចូល​ការ​អ្វី​ខ្លះ? គឺ​អាច​រាប់​បញ្ចូល ការ​ប្រឆាំង​នឹង​ភាព​អយុត្តិ​ធម៌ ឬ​ការ​ជួយ​ការពារ​នរណា​ម្នាក់ ដែល​អ្នក​ស្គាល់ ដែល​ងាយ​រង​គ្រោះ ឬ​ជា​ជន​រង​គ្រោះ​ជា​ដើម។ ទោះ​យើង​អាច​ជួប​ការ​ប៉ះទង្គិច​អ្វី​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​មាន​ចិត្ត​ក្លាហាន ដ្បិត​ព្រះ​នៃ​យើង​បាន​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ​រួច​ហើយ ដើម្បីឲ្យ​អាច​ឈរ​ឲ្យ​មាំ​មួន​ថ្វាយ​ទ្រង់ ប្រឆាំង​នឹង​ការ​អាក្រក់។ —BILL CROWDER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles