មានរឿងមួយដំណាលថា មានអ្នកនេសាទត្រីសាំម៉ុងមួយក្រុម បានជួបជុំគ្នា ក្នុងផ្ទះសំណាក់របស់ជនជាតិស្កត់ឡង់មួយកន្លែង បន្ទាប់ពីការនេសាទពេញមួយថ្ងៃ។ មានពួកគេម្នាក់បានរៀបរាប់ អំពីការនេសាទរបស់ខ្លួន ដល់មិត្តភក្តិទាំងឡាយ ដែលមានវត្តមាន នៅទីនោះ ដោយឆ្កាដៃឆ្កាជើង ហើយដៃគាត់ក៏បានគ្រវាសពីលើតុចំកែវមួយ ប៉ើងទៅបុកនឹងជញ្ជាំង បែកខ្ទេច ហើយក៏បានធ្វើឲ្យប្រឡាក់ជញ្ជាំងពណ៌ស។ បុរសនោះ ក៏បានសុំទោសម្ចាស់ផ្ទះសំណាក់ ហើយក៏ព្រមសងថ្លៃខូចខាត ប៉ុន្តែ គាត់មិនអាចធ្វើអ្វីបានឡើយ នៅពេលនោះ ព្រោះជញ្ចាំងបានខូចទៅហើយ។ មានបុរសម្នាក់ដែលអង្គុយនៅក្បែរនោះ ក៏បាននិយាយថា “កុំបារម្ភអី”។ បុរសនោះក៏បានក្រោកឈរឡើង ដកឧបករណ៍សម្រាប់គូរគំនូរចេញពីហោប៉ៅខោគាត់ ហើយក៏បានចាប់ផ្តើមគួររូបជុំវិញកន្លែងប្រឡាក់ដ៏អាក្រក់នោះ។ រូបគំនូរក្បាលសត្វរមាំងដ៏អស្ចារ្យក៏បានលេចឡើង បន្តិចម្តងៗ នៅលើជញ្ជាំងនោះ។ បុរសនោះ គឺជាលោកម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែលវិចិត្រកររូបសត្វដែលឈានមុខគេ របស់ប្រទេសស្កត់ឡង់។
ស្តេចដាវីឌ ជាស្តេចដ៏ល្បីល្បាញរបស់ជនជាតិអ៊ីស្រាអែល ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៥១។ ទ្រង់បាននាំសេចក្តីអាម៉ាស់ មកលើខ្លួនឯង និងមកលើប្រទេសជាតិរបស់ទ្រង់ ដោយសារអំពើបាបរបស់ទ្រង់។ ទ្រង់បានប្រព្រឹត្តិអំពើផឹតក្បត់ជាមួយភរិយារបស់មិត្តភក្តិរបស់ទ្រង់ ហើយក៏បានបង្កើតគម្រោងសម្លាប់គាត់ ដែលទង្វើរទាំងពីរនេះ គឺសុទ្ធតែសមនឹងឲ្យទ្រង់ទទួលទោសស្លាប់ដូចគ្នា។ ពេលនោះ ជីវិតទ្រង់ហាក់ដូចជាត្រូវបានបំផ្លាញអស់ហើយ។ ប៉ុន្តែ ទ្រង់បានទូលអង្វរដល់ព្រះជាម្ចាស់ថា “សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះ នៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់”(ខ.១២)។
យើងប្រហែលជាបានប្រព្រឹត្តនូវទង្វើរដ៏ខ្មាសអៀន កាលពីអតីតកាល គឺមិនខុសពីស្តេចដាវីឌទេ ហើយយើងក៏នៅចាំរឿងទាំងនោះ ដែលជេរស្តីឲ្យយើង នៅពេលកណ្តាលអាធ្រាត។ យើងក៏បានស្តាយក្រោយ ចង់តែឲ្យពេលវេលាត្រឡប់ថយក្រោយវិញ។ ប៉ុន្តែ ព្រះគុណរបស់ព្រះ មិនគ្រាន់តែនាំមកនូវការអត់ទោសបាបប៉ុណ្ណោះទេ តែថែមទាំងអាចប្រើកំហុសរបស់យើង ដើម្បីជួយកែប្រែយើង ឲ្យល្អប្រសើរជាងមុនទៀតផង។ ព្រះទ្រង់អាចប្រើការគ្រប់យ៉ាង ឲ្យមានប្រយោជន៍។—DAVID H. ROPER