បទចម្រៀងកុមារជាភាសាអង់គ្លេស ដែលមានចំណងជើងថា “ដួងផ្កាយដ៏តូច ដែលបញ្ចេញពន្លឺព្រិចៗ” ជាបទចម្រៀងដ៏ល្បីល្បាញដែលក្មេងៗចូលចិត្តច្រៀង។ ទំនុកច្រៀងរបស់បទនេះ មានប្រភពដើម នៅក្នុងបទកំណាព្យ ដែលអ្នកស្រីចេន ថេយល័រ(Jane Taylor)បាននិពន្ធ ដែលបានពិពណ៌នា អំពីភាពអស្ចារ្យនៃចក្រវាលដែលព្រះទ្រង់បានបង្កើត ដែលនៅក្នុងនោះ មានផ្កាយ “ដ៏ខ្ពស់ នៅពីលើផែនដី”។ បទកំណាព្យនេះ មានវគ្គមួយទៀត ដែលគេបានបោះពុម្ភផ្សាយ និងមិនងាយរកបាន ដែលបានរៀបរាប់ថា ផ្កាយនោះបានធ្វើជាអ្នកនាំផ្លូវអ្នកដំណើរក្នុងទីងងឹត ដោយបញ្ចេញពន្លឺដ៏តូចរបស់ខ្លួន។
ក្នុងបទគម្ពីរភីលីព សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ នៅទីក្រុងភីលីព ឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីធ្វើជាកូនព្រះដែលរកបន្ទោសមិនបាន … ហើយភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក ហើយផ្សាយដំណឹងល្អ ដល់មនុស្សដែលនៅក្បែរពួកគេ(២:១៥-១៦)។ យើងប្រហែលជាឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យយើងអាចបញ្ចេញពន្លឺភ្លឺ ដូចផ្កាយនៅលើមេឃ។ ជាញឹកញាប់ យើងច្រើនតែមានអារម្មណ៍ថា យើងមានចំណុចខ្វះខាត និងការពិបាកជាច្រើន បានជាយើងគិតថា “ពន្លឺ”របស់យើងមិនអាចបញ្ចេញរស្មីភ្លឺល្មម នឹងនាំឲ្យមានការផ្លាស់ប្តូរឡើយ។ ប៉ុន្តែ ផ្កាយមិនដែលព្យាយាមដើរតួជាផ្កាយឡើយ។ ពួកវាគឺជាផ្កាយស្រាប់ហើយ។ ពន្លឺធ្វើឲ្យមានការផ្លាស់ប្តូរក្នុងពិភពលោក ហើយក៏បានធ្វើឲ្យយើងផ្លាស់ប្តូរ។ ព្រះទ្រង់ប្រទានពន្លឺដល់ពិភពលោក(លោកុប្បត្តិ ១:៣) ហើយតាមរយៈព្រះយេស៊ូវ ព្រះទ្រង់បានប្រទានពន្លឺខាងវិញ្ញាណ ចូលក្នុងជីវិតយើង(យ៉ូហាន ១:១-៤)។
ក្នុងនាមជាមនុស្សដែលមានពន្លឺរបស់ព្រះនៅក្នុងជីវិត យើងត្រូវបញ្ចេញពន្លឺ ដើម្បីឲ្យអ្នកនៅក្បែរយើងបានឃើញពន្លឺនោះ ហើយមានចិត្តចង់ស្វែងរកប្រភពនៃពន្លឺនោះ។ ពន្លឺដែលយើងបញ្ចេញ នាំឲ្យមានការផ្លាស់ប្តូរ គឺមិនខុសពីផ្កាយ ដែលនៅលើមេឃ ពេលរាត្រីនោះឡើយ។ ពេលយើងបញ្ចេញពន្លឺនោះ មានន័យថា យើងបានតោងព្រះបន្ទូលជីវិតជាប់ក្នុងលោកិយ ដែលមានពេញដោយភាពងងឹត ដូចដែលសាវ័កប៉ុលបានបង្គាប់ ហើយយើងនាំអ្នកដទៃ ទៅរកប្រភពនៃសេចក្តីសង្ឃឹមរបស់យើង គឺព្រះអម្ចាស់យេស៊ូវ។—ELISA MORGAN