កាលពីក្មេង ខ្ញុំចូលចិត្តទៅមើលសៀវភៅ នៅបណ្ណាគារតូចមួយ ប្រចាំតំបន់ដែលខ្ញុំរស់នៅ។ ថ្ងៃមួយ ខ្ញុំក៏បានមើលទៅធ្នើរសៀវភៅ ដែលគេបានតម្រៀមសៀវភៅសម្រាប់មនុស្សពេញវ័យ ហើយខ្ញុំក៏បានលើកហេតុផលថា ខ្ញុំអាចអានសៀវភៅមួយណាក៏បាន។ ដោយសារខ្ញុំមានចិត្តក្លៀវក្លាខ្លាំង ខ្ញុំក៏បានភ្លេចការពិតដ៏សំខាន់មួយ។ តាមពិត គេបានបន្ថែមសៀវភៅថ្មីៗ នៅក្នុងធ្នើរទាំងនោះ ជាទៀងទាត់។ ទោះបីជាខ្ញុំមានការប្រឹងប្រែងអានសៀវភៅទំាងនោះក៏ដោយ ក៏ខ្ញុំនៅតែអានមិនទាន់ ព្រោះសៀវភៅថ្មីៗច្រើនពេក។ សៀវភៅថ្មីៗបានបន្តបំពេញធ្នើរសៀវភៅកាន់តែច្រើនឡើងៗ។
បើសាវ័កយ៉ូហានរស់នៅ ក្នុងសម័យបច្ចុប្បន្ន គាត់ទំនងជាមានការស្ញើច ចំពោះសៀវភៅជាច្រើន ដែលគេអាចរកបាន នៅសម័យនេះ ព្រោះកាលគាត់និពន្ធកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន កណ្ឌយ៉ូហានខ្សែទី១ ទី២ និងទី៣ ព្រមទាំងកណ្ឌគម្ពីរវិវរណៈ គាត់បានសរសេរដោយដៃ នៅលើក្រាំង។ លោកយ៉ូហានបាននិពន្ធកណ្ឌទាំងនោះ ដោយសារព្រះវិញ្ញាណបានបណ្តាលចិត្តគាត់ ឲ្យធ្វើជាស្នរបន្ទាល់ ឲ្យគេបានដឹងអំពីកំណត់ហេតុនៃដំណើរព្រះជន្ម និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលគាត់បានដឹង និងឃើញផ្ទាល់ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេររបស់សាវ័កយ៉ូហានបាននិយាយ តែមួយផ្នែកតូច នៃការទាំងអស់ ដែលព្រះយេស៊ូវបានធ្វើ និងបង្រៀន ក្នុងអំឡុងពេលទ្រង់បំពេញព្រះរាជកិច្ចនៅផែនដី។ តាមពិត គាត់បានមានប្រសាសន៍ថា បើសិនជាគេត្រូវសរសេរ អំពីការទំាងអស់ដែលព្រះយេស៊ូវបានធ្វើ “នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង”(យ៉ូហាន ២១:២៥)។
ការអះអាងរបស់សាវ័កយ៉ូហាន នៅត្រង់ចំណុចនេះ នៅតែត្រឹមត្រូវ ក្នុងសម័យបច្ចុប្បន្ន។ ទោះគេបានសរសេរសៀវភៅ អំពីព្រះយេស៊ូវបានប៉ុន្មានក្បាលក៏ដោយ ក៏បណ្ណាល័យទាំងអស់ នៅក្នុងពិភពលោកនេះ នៅតែមិនអាចផ្ទុករឿងនៃសេចក្តីស្រឡាញ់ និងព្រះគុណរបស់ទ្រង់ ឲ្យបានសព្វគ្រប់ឡើយ។ យើងក៏អាចអបអរសាទរ ដែលយើងមានទីបន្ទាល់ផ្ទាល់ខ្លួនសម្រាប់ចែករំលែក ហើយអរសប្បាយ ដែលយើងអាចថ្លែងប្រាប់ជារៀងរហូត(ទំនុកដំកើង ៨៩:១)។—LISA SAMRA