មានពេលមួយ លោកខេរិន ហៀលី(Kieran Healy) បានមើលវិក្កិយប័ត្រទឹក ឃើញថា នៅខែមុនគាត់បានប្រើទឹក ក្នុងបរិមាណដ៏គួរឲ្យភ្ញាក់ផ្អើល។ នេះមិនមែនជារឿងធម្មតាទេ ដែលពលរដ្ឋនៅរដ្ឋឃែរ៉ូឡាយណា ខាងជើងរូបនេះ ឃើញគេជូនដំណឹងថា គាត់បានជំពាក់រដ្ឋាករទឹក ១០០លានដុល្លា សម្រាប់ការប្រើប្រាស់ទឹកខែមុន។ រឿងនេះ អាចធ្វើឲ្យអ្នកខ្លះគាំងបេះដូងបាន។ តែគាត់មានទំនុកចិត្តថា គាត់មិនបានប្រើទឹកអស់ច្រើនយ៉ាងនេះទេ។ គាត់ក៏បានសួរគេ បែបកំប្លែងលេងថា តើគាត់អាចបង់រំលួសបានអត់។
ការជំពាក់លុយ១០០លានដុល្លា ជាបន្ទុកដែលធ្ងន់ហួសពីលទ្ធភាពដែលយើងអាចទទួល ប៉ុន្តែ បន្ទុកនេះមិនធ្ងន់ទេ បើធៀបនឹងបន្ទុកដែលមិនអាចវាស់បាន ដែលអំពើបាបបានដាក់ឲ្យយើងទទួល។ ការព្យាយាមសែងបន្ទុក និងជៀសវាងលទ្ធផលនៃអំពើបាបរបស់យើង នឹងនាំឲ្យយើងមានអារម្មណ៍ហត់នឿយ ហើយពេញដោយការប្រកាន់ទោសខ្លួនឯង និងភាពខ្មាស់អៀន។ ជាការពិតណាស់ យើងមិនមានលទ្ធភាពសែងបន្ទុកនេះបានឡើយ។
ហើយព្រះទ្រង់ក៏មិនបានបង្កើតយើងមក សម្រាប់ឲ្យសែងបន្ទុកនៃអំពើបាបដែរ។ គឺដូចដែលសាវ័កពេត្រុសបានរំឭកអ្នកជឿទាំងឡាយថា មានតែព្រះយេស៊ូវទេ ដែលជាព្រះរាជបុត្រានៃព្រះដែលគ្មានបាប ដែលអាចសែងបន្ទុកនៃអំពើបាបរបស់យើង ហើយទទួលទម្ងន់នៃលទ្ធផលនៃអំពើបាបនោះបាន(១ពេត្រុស ២:២៤)។ កាលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលអំពីបាបទាំងអស់របស់យើង មកលើព្រះអង្គទ្រង់ ហើយក៏បានប្រទានការអត់ទោសបាប ដល់យើងរាល់គ្នា។ ដោយសារទ្រង់បានសែងបន្ទុកយើងហើយ នោះយើងមិនចំាបាច់ត្រូវទទួលរងការជំនុំជម្រះ ដែលយើងសមនឹងទទួលនោះឡើយ។
យើងមិនត្រូវរស់នៅ ក្នុងការភ័យខ្លាច ឬកំហុស ឬ“កិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក”(១:១៨) នោះឡើយ ផ្ទុយទៅវិញ យើងអាចអរសប្បាយនឹងជីវិតថ្មី ដែលពេញដោយសេចក្តីស្រឡាញ់ និងសេរីភាព(ខ.២២-២៣)។—MARVIN WILLIAMS