ការភ័យខ្លាច អាចធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ យើងដឹង អំពីមូលហេតុដែល យើងមានការភ័យខ្លាច។ យើងខ្លាចអ្វីដែលធ្វើឲ្យយើងឈឺចាប់ កាលពីអតីតកាល និងអ្វីៗដែលងាយនឹងធ្វើឲ្យយើងឈឺចាប់ម្តងទៀត។ ដូចនេះ ជួនកាល យើងនៅជាប់គាំង មិនអាចត្រឡប់ថយក្រោយ ហើយក៏ភ័យខ្លាចពេក មិនអាចបោះជំហានទៅមុខបាន។ យើងក៏បាននិយាយម្នាក់ឯងថា “ខ្ញុំមិនអាចធ្វើវាបានទេ។ ខ្ញុំមិនមានភាពវ័យឆ្លាត មិនខ្លាំង ឬមិនមានភាពក្លាហានល្មមនឹងប្រឈមមុននឹងការឈឺចាប់នោះទៀត”។
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការពិពណ៌នា របស់អ្នកនិពន្ធឈ្មោះ ហ្វ្រេតដឺរិគ បឺចន័រ(Frederick Buechner) អំពីព្រះគុណរបស់ព្រះ។ គាត់ថា ព្រះគុណព្រះ គឺដូចជាសម្លេងដ៏ស្រទន់ ដែលនិយាយថា “ក្នុងលោកិយនេះ ការអាក្រក់ និងការល្អនឹងកើតឡើង។ តែកុំខ្លាចឡើយ។ ខ្ញុំនៅជាមួយអ្នកជានិច្ច”។
ការអាក្រក់នឹងកើតឡើង។ ក្នុងលោកិយនេះ មនុស្សដែលទទួលរងការឈឺចាប់ ធ្វើឲ្យអ្នកដទៃឈឺចាប់ ដែលជាញឹកញាប់ ពួកគេបានប្រើការអាក្រក់។ យើងធ្លាប់ជួបរឿងអាក្រក់ ដែលក្នុងនោះ ការអាក្រក់បានហ៊ុមព័ទ្ធយើង ហើយអ្នកដទៃបានធ្វើឲ្យយើងមានរបួស គឺមិនខុសពីស្តេចដាវីឌឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយយើងក៏បានសោកសង្រេង ហើយក៏បានអំពាវនាវរកព្រះជាម្ចាស់(ខ.១-២)។
ប៉ុន្តែ ដោយសារព្រះជាម្ចាស់បានគង់នៅជាមួយយើង នោះការល្អក៏អាចកើតឡើងផងដែរ។ ខណៈពេលដែលយើងរត់ទៅរកទ្រង់ ដោយការឈឺចាប់ និងការភ័យខ្លាច ព្រះទ្រង់ក៏បង្ហាញឲ្យយើងឃើញសេចក្តីស្រឡាញ់ ឬសេចក្តីសប្បុរសរបស់ទ្រង់ ដែលធំប្រសើរលើសការឈឺចាប់ ដែលគេបានផ្តល់ឲ្យយើង(ខ.១-៣) គឺសេចក្តីស្រឡាញ់ ឬសេចក្តីសប្បុរសរបស់ទ្រង់ក៏ជ្រាលជ្រៅ ខ្ពស់ដល់មេឃ(ខ.១០)។ សូម្បីតែនៅពេលដែលគ្រោះមហន្តរាយ កំពុងតែកើតមាននៅជុំវិញយើងក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ទ្រង់ នៅតែធ្វើជាទីពំនាក់ដ៏រឹងមាំ សម្រាប់ឲ្យចិត្តយើងរកឃើញការប្រោសឲ្យជា(ខ.១,៧) ទាល់តែយើងមានការភ្ញាក់ឡើង ដោយសេចក្តីក្លាហាន ត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ថ្ងៃថ្មី ដោយបទចម្រៀងសរសើរ អំពីភាពស្មោះត្រង់របស់ទ្រង់(ខ.៨-១០)។—MONICA BRANDS