ការអធិស្ឋាន និងរណាយន្ត

ខ្ញុំ​មាន​ការ​គោរព ចំពោះ​ភាព​ក្លាហាន​របស់​អ៊ំ​ស្រី ក្លេឌី(Glady) ទី​បី​ជា​លក្ខណៈ​សម្បត្តិ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គាត់ នៅ​ពេល​ខ្លះ​ក៏​ដោយ។ ឧទារហណ៍ មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ពេល​ដែល​គាត់​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ នៅ​ក្នុង​អ៊ីមែល​របស់​គាត់​ថា គាត់​បាន​កាប់​រំលំ​ដើម​វលណាត់​ដ៏​ធំ​មួយ​ដើម កាលពី​ថ្ងៃ​ម្សិល​មិញ។

ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គាត់ ព្រោះ​គាត់​មាន​អាយុ​៧៦​ឆ្នាំ​ហើយ។ គាត់​ហ៊ាន​ប្រើ​រណា​យន្ត ឬ​ត្រង់​ស៊ីន័រ ដើម្បី​កាប់​រំលំ​ដើម​ឈើ​នោះ ដែល​បាន​ដុះ​ពី​ក្រោយ​បន្ទប់​ដាក់​ឡាន​របស់​គាត់។ ពេល​ដែល​ឫស​របស់​ដើម​ឈើ​នោះ បាន​ព្យាយាម​ផុស​ចេញ​មក​តាម​ជញ្ជាំង​ស៊ីម៉ង់ គាត់​ដឹង​ថា គាត់​ត្រូវ​តែ​កាប់​ដើម​ឈើ​នោះ​ចោល។ ប៉ុន្តែ គាត់​បាន​ប្រាប់​យើង​ថា គាត់តែង​តែ​អធិស្ឋាន មុន​ពេល​គាត់​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​ដ៏​គ្រោះ​ថ្នាក់​ដូច​នេះ។

ខណៈ​ពេល​ដែល​លោក​នេហេមា កំពុង​បម្រើ​ការ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច​នៃ​ចក្រ​ភព​ពើរស៊ី ក្នុង​អំឡុង​ពេល​ដែលប្រជាជន​អ៊ីស្រាអែល កំពុង​រស់​នៅ​ជា​ឈ្លើយ​សឹក មាន​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​ពួក​គេវិល​ត្រឡប់​មក​វិញ គាត់​ក៏​បាន​ទទួល​ដំណឹង​ថា “​កំផែង​នៃ​ក្រុង​យេរូសាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង”(នេហេមា ១:៣)។ ដោយ​សារ​កំផែង​បាក់​បែក នោះ​ពួក​ខ្មាំង​សត្រូវ​ងាយ​នឹង​លើក​ទ័ព​មក​វាយ​យក​ទីក្រុង​យេរូសាឡិម​។ លោក​នេហេមា​មាន​ការ​អាណិត​អាសូរ ចំពោះ​ប្រជាជន​របស់​គាត់ ហើយ​ចង់​ជួយ​ពួក​គេ។ ប៉ុន្តែ គាត់​ត្រូវ​អធិស្ឋាន​ជាមុន​សិន ជា​ពិសេស ដោយ​សារ​ស្តេច​ថ្មី បាន​សរសេរ​សំបុត្រ​បង្គាប់​ឲ្យ​គេ​បញ្ឈប់​ការ​សាង​សង់ នៅ​ទីក្រុង​យេរូសាឡិម(មើល​អែសរ៉ា ៤)។ លោក​នេហេមា​ក៏​បាន​អធិស្ឋាន​ឲ្យ​ប្រជាជន​គាត់(នេហេមា ១:៥-១០) ហើយ​បន្ទាប់​មក គាត់​ក៏បាន​ទូល​សូម​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់ មុន​ពេល​ទូល​សូម​ការ​អនុញ្ញាតិ​ពី​ស្តេច ឲ្យ​ចាក​ចេញ​ទៅ​ទីក្រុង​យេរូសាឡិម(ខ.១១)។

តើ​អ្នក​ឆ្លើយ​តប​ចំពោះ​បញ្ហា ដោយ​ការ​អធិស្ឋាន​ដែរ​ឬ​ទេ? ការ​អធិស្ឋាន គឺ​ជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​ប្រឈម​មុន​នឹង​កិច្ចការ ​ឬ​ទុក​លំបាក ក្នុង​ជីវិត។—LINDA WASHINGTON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles