បន្លាដែលចាក់ទំលុះ

មាន​ពេល​មួយ​ចង្អុល​ដៃ​របស់​ខ្ញុំ បាន​មុត​បន្លា ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ខ្ញុំ​ក៏​បាន​ស្រែក​ថ្ងូរ ហើយ​ប្រញាប់​ដកដៃ​ចេញ​មក​វិញ តាម​សុភាវគតិ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​ខ្ញុំ​មុត​ដៃ ដោយ​សារ​ខ្ញុំ​លួស​មែក​គុម្ពោត​ព្រៃ​ដែល​មាន​បន្លា​ច្រើន ដោយ​មិន​បាន​ប្រើ​ស្រោម​ដៃ។ ម្រាម​ដៃ​ខ្ញុំ​ក៏​បាន​ចុក​ខ្ទោក​ៗ ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ពេល​ខ្ញុំ​ស្វែង​រក​បង់​រំ​របួស ខ្ញុំ​ក៏​ស្រាប់​តែ​នឹក​គិត អំពី​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ។

មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅ​ឆ្កាង គេ​បាន​យក​ភួង​បន្លា​មក​ពាក់​ពី​លើ​ព្រះ​កេស​ទ្រង់(យ៉ូហាន ១៩:១-៣)។ ខ្ញុំ​ក៏​បាន​គិត​ថា​ បើ​បន្លា​តែ​មួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ​ហើយ ចុះ​ទំ​រាំ​តែ​បន្លា​ជា​ច្រើន ដែល​គេ​បាន​ក្រង​ធ្វើ​មកុដ​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​យេស៊ូវ តើ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា? នេះ​គ្រាន់​តែ​ជា​ការឈឺ​ចាប់​ខាង​រូប​កាយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​ទទួល​រង មុន​ពេល​ទ្រង់​សុគត។ គេ​បាន​វាយ​ខ្នង​ទ្រង់ នឹង​រំពាត់​ខ្សែទៃ ហើយ​យក​ដែក​គោល​មក​ដំ​ទំលុះ​ក​ដៃ និង​ប្រអប់​ជើង​ទ្រង់​ទៀត។ សូម្បី​តែ​ពេល​ដែល​ទ្រង់​បាន​សុគតហើយ​ ក៏​គេ​នៅ​តែ​យក​លំពែង​មក​ចាក់​ទំលុះ​ចំហៀង​ទ្រង់​ទៀត។

ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ទទួល​រង​ការ​ឈឺ​ចាប់​ខាង​វិញ្ញាណ​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ជំពូក​ ៥៣ ខ.៥ បាន​ប្រាប់​យើងថា “ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី”។ ត្រង់​ចំណុច​នេះ លោក​អេសាយ​បាន​និយាយ​អំពី​មេត្រី​ភាព សំដៅ​ទៅ​លើ​ការ​អត់​ទោស​បាប។ ព្រះយេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​គេ​ចាក់​ទំលុះ​ព្រះ​កាយ​ទ្រង់ ដោយ​បន្លា ដែក​គោល និង​លំពែង គឺ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​មេត្រី​ភាព​ខាង​វិញ្ញាណ​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់។ ការ​លះ​បង់​របស់​ទ្រង់ និង​ការ​ដែល​ទ្រង់​ស្ម័គ្រ​ព្រះ​ទ័យ​សុគត​ជួស​យើង គឺ​បាន​បើក​ផ្លូវ ឲ្យ​យើង​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​វរបិតា​។ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ប្រាប់​យើង​ថា ទ្រង់​ក៏​បាន​ធ្វើ​ការ​ផ្សៈ​ផ្សា​នេះ ដើម្បី​យើង​រាល់​គ្នា។ —ADAM HOLZ

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles