តែងតែស្វាគមន៍ជានិច្ច

បន្ទាប់​ពី​អែនជី(Angie) បាន​តស៊ូ នៅ​ក្នុង​ការ​រៀន​សូត្រ​ឲ្យ​បាន​ចំណាត់​ថ្នាក់​ល្អ អស់​បី​បួន​ឆ្នាំ​មក ទី​បំផុត គេ​បាន​ដក​នាង​ចេញ​ពី​សាលា​បឋម​សិក្សា​ដែល​ឈាន​មុខ​គេ ហើយ​ក៏​បាន​ផ្ទេរ​ទៅ​សាលា “ធម្មតា”។ នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​ក្លា នៅ​ប្រទេស​សឹង្ហ​បូរី គេ​សង្ឃឹម​ថា ការ​បាន​ទៅ​រៀន​នៅ​សាលា “ល្អ” នឹង​នាំ​ឲ្យ​ពួក​គេ​មាន​អនាគត​ល្អ ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​ក៏​បាន​គិត​ថា ការ​ផ្ទេរ​ចេញ​ពី​សាលា​ដ៏​ឈាន​មុខ​នេះ គឺ​ជា​បរាជ័យ​របស់​អេនជី​។

ឪពុក​ម្តាយ​របស់​អេនជី មាន​ការ​ខក​ចិត្ត ហើយ​អេនជី​ក៏​មាន​អារម្មណ៍​ថា នាង​ហាក់​ដូច​ជា​ត្រូវ​គេ​ទម្លាក់​អញ្ចឹង។ ប៉ុន្តែ បន្ទាប់​ពី​នាង​បាន​ចូល​រៀន​នៅ​សាលា​ថ្មី មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​នេះ ក៏​បាន​ដឹង​ថា ការ​ទៅ​រៀន​ជា​មួយ​សិស្ស​ចំណាត់​ថ្នាក់​មធ្យម មាន​ន័យ​យ៉ាង​ណា​ចំពោះ​ខ្លួន​នាង។ នាង​ក៏​បាន​ប្រាប់​ម្តាយ​នាង​ថា នាង​ចង់​រៀន​នៅ​សាលា​ថ្មី​នេះ។ ទី​បំផុត នាង​មាន​អារម្មណ៍​ថា គេ​បាន​ទទួល​ស្វាគមន៍​នាង​ហើយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​សាខេ ដែល​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង ពេល​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​យាង​ចូល​ផ្ទះ​របស់​អ្នក​យក​ពន្ធ​ម្នាក់​នេះ​(លូកា ១៩:៥)។​ ព្រះ​គ្រីស្ទ​សព្វ​ព្រះ​ទ័យ​នឹង​សោយ​អាហារ​ជា​មួយ​ អ្នក​ដែល​បាន​ដឹង​ថា​ខ្លួន​មាន​ចំណុច​ខ្វះ​ខាត ហើយ​មិន​ស័ក្តិ​សម​នឹង​ទទួល​ព្រះ​គុណ​របស់​ព្រះ(ខ.១០)។ ព្រះ​យេស៊ូវ​បាន​រក​យើង ហើយ​ស្រឡាញ់​យើង ទោះ​យើង​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​បាន​សន្យា​ថា យើង​នឹង​បាន​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​ភាពល្អ​ឥត​ខ្ចោះ តាម​រយៈ​ព្រះ​គុណ​របស់​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។

ជា​ញឹក​ញាប់ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​ខ្ញុំ គឺ​ជា​ការ​តស៊ូ​ជា​ប្រចាំ ដោយ​ដឹង​ថា ជីវិត​របស់ខ្ញុំ​បាន​ខ្វះ​មិន​ដល់​សិរីល្អ​របស់​ព្រះ​ជា​ម្ចាស់។ តែ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ពេល​ដែល​បាន​ដឹង​ថា ទ្រង់​នៅ​តែ​ទទួល​ស្វាគមន៍​យើង​ជា​និច្ច ទោះ​យើង​មាន​ចំណុច​ខ្វះ​ខាត​យ៉ាង​ណា​ក៏​ដោយ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ធ្វើ​ការ​ក្នុង​ជីវិត​យើង ដើម្បី​ឲ្យ​យើង​បាន​ផ្លាស់​ប្រែ​ដូច​ព្រះយេស៊ូវ។ —LESLIE KOH

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles